ស្ពានថ្ម​ដែល​កសាង​រួចរាល់​អស់​ជាង​៤​ម៉ឺន​ដុល្លារ តែ​នៅ​ជំពាក់​ថ្លៃ​សម្ភារ​រក​សប្បុរសជន​ជួយ

ខេត្តបន្ទាយមានជ័យ ៖ ស្ពានថ្ម​ឆ្លងស្ទឹង​បត់​ត្រង់​ដែល​ប្រជាពលរដ្ឋ​ប្រមូលគ្នា​កសាង​អស់​ជាង ៤​ម៉ឺន​ដុល្លារ​នោះ ត្រូវ​បាន​រួចរាល់​ហើយ តែ​នៅ​ជំពាក់​ជិត​ថ្លៃ​សម្ភារ​រក​សប្បុរសជន​ជួយ ហើយ​ត្រូវ​ដាក់​សម្ពោធ​នៅ​ពេល​ខាង​មុខ​នេះ​ដែល​ស្ថិត​ភូមិ​បឹង​ត្រាវ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូ​រី​។
គណៈកម្មការ​កសាង​ស្ពាន​បាន​ប្រាប់​ថា​៖​ស្ពានថ្ម​ដែល​កសាង​ឆ្លងស្ទឹង​បត់​ត្រង់នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ផ្តួចផ្តើម​កសាង​ឡើង​ដោយ​ស្ពានឈើ​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល នៅ​ពេល​ដែល​ឆ្លងកាត់ ទើប​ប្រជាពលរដ្ឋ​បង្កើត​គណៈកម្មការ​ផ្តួចផ្តើម​កសាង​ស្ពានថ្មនេះ​ឡើង ដោយ​មាន​បណ្តោយ​ប្រវែង​៣៦​ម៉ែត្រ និង​ទទឹង​ប្រវែង​៥​ម៉ែត្រ​។

Loading...

គណៈកម្មការ​បាន​បញ្ជាក់​ថា​៖ ស្ពានថ្ម​ឆ្លងស្ទឹង​បត់​ត្រង់នេះ​ត្រូវ​បាន​កសាង​ឡើង​នៅ​អំឡុង​ខែធ្នូ ឆ្នាំ​២០១៩ រហូត​ដល់​ខែកុម្ភៈ ឆ្នាំ​២០២០ ត្រូវ​បាន​រួចរាល់ ហើយ​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទៅ​បាន ដោយ​ងាយស្រួល​តែ​មិន​ទាន់​បើក​ឲ្យ​ដឹក​កសិផល​ធ្ងន់​ឆ្លងកាត់​នៅឡើយ​ទេ ព្រោះ​ទើប​រួចរាល់​ដែល​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ ដោយ​គម្រោង​កសាង និង​ឈ្នួល​ជាង​ធ្វើ​អស់​ថវិកា​ចំនួន​៣៨.០០០​ដុល្លារ និង​ចំណាយ​ទៅ​លើ​ចាក់​ដី​តម្រូវ​ក្បាលស្ពាន សងខាង​អស់​ជាង​២.០០០​ដុល្លារ​ទៀត ហើយ​ចំណាយ​សរុប​មិន​តិច​ជាង​៤​ម៉ឺន​ដុល្លារ ដោយនៅ​ជំពាក់​ថ្លៃ​សម្ភារ​សំណង់​ប្រមាណ​ជិត​១​ម៉ឺន​ដុល្លា​ទៀត​។

គណៈកម្មការ​បាន​បញ្ជាក់​ថា កាលពីមុន​គឺ​ប្រជាពលរដ្ឋ​នៅ​ត្រើយម្ខាង​ស្ទឹង​បត់​ត្រង់​ខាងលិច​ឆ្លង​ស្ពានឈើ​ចាស់​មាន​សភាព​ទ្រុឌទ្រោម​ដែល​មាន​អាយុកាល​ជិត​៣០​ឆ្នាំ​មក​ហើយ ដោយ​ស្ពានឈើ​មុន​គឺ​រើ​យក​ឈើ​ពី​ស្ពានឈើ​ចាស់ យក​កសាង សម្រាប់​ប្រជាពលរដ្ឋ​នៅ​ត្រើយម្ខាង​ស្ទឹង​ខាងលិច​ឆ្លងកាត់​ទៅ​មក និង​សិស្សានុសិស្ស និង​ដឹក​កសិផល​។ ដោយ​ស្ពាន​ចាស់​ដាច់​ឈើ​ផ្នែក​ខាងក្រោម​ស្ទើរតែ អស់​ព្រួយបារម្ភ ប្រឈម​គ្រោះថ្នាក់​គ្រប់ពេល​ទើប​ប្រជាពលរដ្ឋ​បង្កើត​គណៈកម្មការ​កសាង​ស្ពានថ្ម​ឆ្លងស្ទឹង​បត់​ត្រង់ ហើយ​រៃ​អង្គាស​ថវិកា​រួម​ជាមួយ​សប្បុរសជន​បាន​កសាង​ស្ពានថ្ម​នេះ​ឡើង​រួចរាល់​ហើយ​តែ​នៅ​ជំពាក់​ថ្លៃ​សម្ភារ​សុំ​ឲ្យ​សប្បុរសជន​ជួយ​ផង​៕ ដោយ ៖ ប៊ុ​ន ធឿ​ន