ខេត្តប៉ៃលិន ៖ យុវជនម្នាក់បានរងរបួសធ្ងន់បាក់ជើង និងបែកក្បាល ខណៈពេលដែលរូបគេបើកបរម៉ូតូ ក្នុងល្បឿនលឿន ស្រាប់តែមានម៉ូតូកង់បីបើកស្របទិសគ្នាបត់ឆ្វេងឆ្លងផ្លូវ ក៏បុកចំពីក្រោយពេញទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់សន្លប់នៅនឹងកន្លែងតែម្តង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ចំណុចផ្លូវចូលវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត ប៉ៃលិន ក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា អ្នកបើកបរម៉ូតូ រ៉ឺម៉កកង់៣ មានឈ្មោះ ផន រ៉ាម៉ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ទឹកសុទ្ធរស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុង/ខេត្ដប៉ៃលិន ដោយបើកបររម៉ូតូកង់បីដឹកទឹកសុទ្ធពេញទ្រុង គ្មានស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូងបត់ឆ្វេង ឆ្លងផ្លូវ ម្ចាស់ម៉ូតូកង់បីគ្មានរបួស ខូចខាតរ៉ឺម៉កកម្រិតស្រាល។

ចំណែកអ្នកជិះម៉ូតូហុងដាឃ្លីក មានឈ្មោះ សុក វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងបាញ់ថ្នាំ រស់នៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុង/ខេត្ដប៉ៃលិន ដោយបើកបរម៉ូតូម៉ាកហុងដាឃ្លីកពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-5440 ក្នុងទិសដៅពីជើង ទៅត្បូងដូចគ្នារងរបួសធ្ងន់ និងខូចខាតម៉ូតូកំរិតមធ្យម។ ពាក់ព័ន្ធទៅនឹងករណីនេះ កម្លាំងជំនាញផ្នែសណ្ដាប់ធ្នាប់ ចរាចរ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយ តាមក្រោយ។ ចំណែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕ ដោយ ៖ នីយ៉ា
