ខេត្តបាត់ដំបង ៖ មុនមួយថ្ងៃនៃពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងដែលនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៥ ខែមីនា ឆ្នាំ២០២០ មានកម្មវិធីក្រុងពាលីដើម្បីសំសេចក្តីសុខ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ។ លោកថាព្រឹត្តិការណ៍បុណ្យទន្លេ ក៏ជាឱកាសមួយ ដើម្បីពង្រឹងគុណភាព សេវាកម្ម និងការបង្កើត និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់។ នាឱកាសនោះលោក ថោង ខុន ក៏បានបង្ហាញផងដែរអំពីស្ថានភាពនៃវិស័យទេស ចរណ៍ ខណៈដែលវិស័យទេសចរណ៍ក្នុងតំបន់ និងសកលលោកកំពុងទទួលរងផលប៉ះពាល់ ពីជំងឺខូវីដ-១៩ (Covid-19) ដែលបង្កឱ្យមានធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ ពិសេសភ្ញៀវទេសចរណ៍ចិន ដែលជាប្រភពនៃភ្ញៀវ ទេសចរណ៍ធំជាងគេក្នុងពិភពលោក ។

លោកបញ្ជាក់ថា ប្រឈមនឹងបញ្ហានោះរាជរដ្ឋាភិបាលកម្ពុជាក៏បាន ដាក់ចេញនូវវិធានការឆ្លើយតបនឹងស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី Covid-19 នៅក្នុងសកលលោក និងក្នុងតំបន់ ដែលក្នុងនោះមាន ០៧ចំណុច ត្រូវបានប្រកាសដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាវិធានការគាំទ្រដល់ វិស័យទេសចរណ៍ កម្ពុជា ក្នុងដំណាក់កាលវិបត្តិ។ លោកថា ក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានទទួលអនុ-សាសន៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន នានារួមគ្នា ដោះស្រាយការលំបាក និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យបន្តមានវឌ្ឍនភាព ទៅមុខទៀតផងដែរ។

ទន្ទឹមនោះក្រសួងក៏បានដាក់ចេញនូវផែនការ សកម្មភាពចំនួន៩០ ចេញពីវិធានការ គោលសំខាន់ៗចំនួន ០៤ និងវិធានការដើម្បី អប់រំ យល់ ដឹង សាធារណៈ អំពីវិធានការបង្ការ និងទប់ស្កាត់ជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណាថ្មី (Covid-19) ដល់ប្រតិបត្តិករទេសចរណ៍ នៅក្នុងសេវាកម្មទេសចរណ៏សំខាន់ៗចំនួន៦ និងសូមអំពាវនាវឱ្យ ប្រតិបត្តិករ ទេសចរណ៍ នៅក្នុងសេវាកម្មទេសចរណ៍ទាំងអស់ចូលរួមអនុវត្តវិធានការបង្ការ និងទប់ស្កាត់នៃដំណាក់កាល នៃវិបត្តិជំងឺកូរ៉ូណាតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីណែនាំរបស់ ក្រសួងទេសចរណ៍។ លោករដ្ឋមន្ត្រីបានទាញចេញពីបញ្ហាប្រឈមទាំងនេះ ទស្សនទាន ភាពស្អាត និងបៃតង គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ជាមូលដ្ឋាន ខណៈដែល ពិភពលោកទាំងមូលកំពុងបោះជំហានទៅមុខនៅក្នុង សម័យកាលបៃតង។

ក្នុងបរិការណ៍នេះ ភាពសម្បូរបែបនៃសក្តានុពលទេសចរណ៍តាមដងទន្លេ បាននឹងកំពុង រួមចំណែកធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញខ្ពស់ និងរួមចំណែកសម្រេចចក្ខុវិស័យ អាស៊ានជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្តៅ។ បន្ថែមលើនោះព្រឹត្តិការណ៍ពិធីបុណ្យទន្លេនេះក៏ជាឱកាសមួយ ដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត អភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) សហគមន៍ទេសចរណ៍តាមដងទន្លេ ព្រមទាំងរួមចំណែកជំរុញការតភ្ជាប់រឹតចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុង តំបន់អាស៊ាន និងបានពង្រឹងភាពជាដៃគូក្នុងក្រមខណ្ឌតំបន់នានាដូចជា ក្របខណ្ឌមហាអនុ តំបន់ទន្លេមេគង្គ (GMS) មេគង្គ-ជប៉ុន មេគង្គ-គង្គា និងមេគង្គ-ឡានឆាងជាដើម។

លោកបានលើកឡើងថា គោលបំណងសំខាន់ៗ គឺសំដៅរួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍បៃតង នៅកម្ពុជា តាមរយៈការ ជំរុញសកម្មភាពដាំដើមឈើ ឱ្យក្លាយជាផលិតផលទេសចរណ៍ថ្មីមួយប្រកប ដោយការទាក់ទាញ សម្រាប់ភ្ញៀវទេសចរ (Experiential and memory tourism product)។ ទប់ទល់បញ្ហាបម្រែបម្រួលអាកាសធាតុកាត់បន្ថយប្រភពនៃការកើនឡើង កំដៅភពផែនដី និងទប់ស្កាត់គ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ។ លោកបានបន្ថែមថា យុទ្ធនាការនេះ ជាយន្តការផ្សព្វផ្សាយទេសចរណ៍បៃតងកម្ពុជាដ៏មានប្រសិទ្ធិភាព (ព្រោះថាបើទេសចរម្នាក់ដាំ ដើមឈើគាត់នឹងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងឈានដល់ការវិលត្រលប់មក ទស្សនាកម្ពុជាក្នុងលក្ខណៈជាក្រុមនៅពេលអនាគតទៀតផងដែលនឹងចូលរួមដល់នយោបាយទាក់ទាញទេសចរណ៍ឱ្យមកទស្សនាច្រើនដង-Repeat Tourist )។

លោកបានស្នើឱ្យរដ្ឋបាលខេត្តបាត់ដំបងរៀបចំឱ្យបាននូវ សួនទេសចរណ៍ យ៉ាងតិចមួយ ដើម្បីចូលរួមដល់ការប្រឡងប្រណាំង «ការរៀបចំសួនទេសចរណ៍នៅតាមបណ្តា ខេត្តនីមួយៗ» និងផ្តល់ឱកាស ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលរួមដោយផ្ទាល់ក្នុង ការជួយការពារ និងលើកកម្ពស់ធនធានធម្មជាតិ។ គួរម្លឹកថា ក្នុងឆ្នាំ២០១៩ កន្លងទៅ ចំនួនទេសចរអន្តរជាតិដែលមក ទស្សនាកម្ពុជាមាន ចំនួនប្រមាណ ៦,៦ លាននាក់ ក្នុងអត្រាកំណើនប្រមាណ ៦.៦% និងទេសចរណ៍ជាតិប្រមាណ ១១.៣ លាននាក់ ក្នុងអត្រាកំណើន ២.៣%ធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះភ្ញៀវទេសចរណ៍ មកទស្សនាខេត្តបាត់ដំបងមានចំនួនប្រមាណ ៦៨ម៉ឺននាក់ (ទេសចរជាតិចំនួន ៥៨ម៉ឺននាក់ និងទេសចរអន្តរជាតិចំនួន១០ម៉ឺននាក់) ក្នុងអត្រាកំណើនប្រមាណ២% ធៀបនឹងឆ្នាំ២០១៨៕ ដោយ ៖ សុខ សារ៉ាយ



