កិច្ចប្រជុំ​ត្រួតពិនិត្យ​ការ​ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៤​ខ្សែ​នៅ​ក្នុង​ខេត្ត

192

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២០​នេះ នៅ​សាលាខេត្ត​ព្រះ​សីហ​នុ បាន​បើក​កិច្ចប្រជុំ​មួយ ក្រោម​អធិបតីភាព​ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ កង​វិស្វកម្ម និង​ក្រុមហ៊ុន​ដែល​ទទួល​ស្ថាបនា​ផ្លូវ​ទាំង​៨​ផង​ដែរ​។ តាម​របាយការណ៍​របស់​ក្រុមការងារ បច្ចេកទេស​ពិនិត្យ​ឃើញ​ថា មក​ដល់​បច្ចុប្បន្ន​ការងារ​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន និង​ជុំរុញ​ឱ្យ​ក្រុមហ៊ុន និង​កង​វិស្វកម្ម​ស្ថាបនា​ផ្លូវ​ទាំង​៨ ត្រូវ​ព​ន្លឿ​ន​ការ​សាងសង់​ផ្លូវ និង​ដាក់​លូ​ឱ្យ​បាន​ទ្វេរ​ដង​ទើប​ទាន់​ពេលវេលា​។

Loading...

ការ​ស្ថាបនា​ផ្លូវ​ទាំង ៣៤​ខ្សែ​ក្នុង ខេត្ត​ព្រះ​សីហ​នុ ដែល​ប្រើ​ពេល​រយៈពេល​៨​ខែ ដោយ​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក ដល់​ពេល​នេះ​ការ​អនុវត្ត​ការងារ​សាងសង់​អស់​រយៈពេល​ជិត ៤​ខែ​ហើយ​។ ក្រុមហ៊ុន​ទាំង​៨ បាន​ធានា​ការ​ព​ន្លឿ​ន​ដំណើរការ​សាងសង់​ផ្លូវ​ចាក់​បេតុង និង​ដាក់​លូ​ឱ្យ​បាន​ទាន់​តាម​ផែនការ​។

ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ណែនាំ​ដល់​ក្រុមហ៊ុន និង​កង​វិស្វកម្ម​ទាំង​៨​ដូច​ខាងក្រោម​៖ ១-​ត្រូវ​ព​ន្លឿ​ន​ការ​សាងសង់ ឱ្យ​បាន​ទ្វេរ​ដងដោយ​ក្រុមហ៊ុន​២ បាន​ស្ថាបនា និង​ដាក់​ប្រព័ន្ធ​លូ​តាម​ផែនការ ចំពោះ​ក្រុមហ៊ុន​៦​ទៀត ការ​ស្ថាបនា​ផ្លូវ និង​លូ​មិន​ទាន់​តាម​តម្រូវការ​នៃ​រយៈពេល​សាងសង់​៨​ខែ​។

២-​បញ្ហា​ការ​កកស្ទះ​ចរាចរ នៅ​តាម​ការដ្ឋាន​មួយ​ចំនួន ពិសេស​ការដ្ឋាន​ផ្លូវ​ឯករាជ្យ ក្រុមហ៊ុន​ចង់​លឿន មិន​បាន​គិត​ពី​ផល ប៉ះពាល់​ដល់​ការ​ធ្វើ​ចរាចរ​ក៏​ដូច​ជា​ការ​កាយ​ដាច់​ប្រព័ន្ធ​ទឹក​ស្អាត ខ្សែកាប​អគ្គិសនី កាប​អុ​ប​ទិច​ជាដើម ពិសេស​ត្រូវ​ដាក់​ស្លាក​សញ្ញា​ចរាចរ​ឱ្យ​បាន​ត្រឹមត្រូវ​។ ៣-​ប្រព័ន្ធ​លូ​ត្រូវ​ធ្វើការ​កែសម្រួល​តាម​បទដ្ឋាន បច្ចេកទេស និង​តាម​កិច្ចសន្យា និង​បាន​ជំរុញ​ឱ្យ​ក្រុមបច្ចេកទេស​ចុះ​ពិនិត្យ​គ្រប់​ការដ្ឋាន ប្រសិនបើ​រក​ឃើញ​ថា ដាក់​លូ​មិន​មាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​តម្រូវ​ឱ្យ​កាយ​ចេញ​។ ៤-​បញ្ចៀស​ផល​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចេញ​-​ចូល ក៏​ដូច​ជា​ការ​ធ្វើ​ដំណើរ​។

៥-​ការ​ស្ថាន​នា​ផ្លូវ​ដាក់​លូ​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ដូច​ជា ដែក បេតុង​មានគុណ​ភាព និង​ការ​ស្រោច​ទឹក​។​ល​។ ឯកឧត្តម អភិបាលខេត្ត បាន​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ទាំង​៨ ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​អាន​កូ (​ផលិត​ទឹក​ស្អាត​) ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិច និង​អគ្គិសនី​ខេត្ត ដើម្បី​ការ​ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ ឱ្យ​បាន​រលូន​តាម​ការ​គ្រោងទុក​។
ក្រុមហ៊ុន​ទាំង​៨ បាន​ធានា​ការ​ព​ន្លឿ​ន​ដំណើ​ការ​សាងសង់ ដោយ​ដាក់​បន្ថែម​កម្លាំង ដើម្បី​ស្ថាបនា​ផ្លូវ ចាក់​បេតុង និង​ដាក់​លូ​ឱ្យ​បាន​ទាន់​តាម​ផែនការ​៕ ដោយ ៖ ឈុ​ន គឹ​ម​ហៃ