
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ចំណុចលើស្ពានស្ទឹងសំរោង ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើង រវាងរថយន្តនឹងរថយន្តមានទិសដៅបញ្ច្រាសទិសដៅគ្នា (ភ្នំពេញ-ព្រះសីហនុ) ទី១-រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-2329 បើកបរដោយឈ្មោះ ឆោម ចន្នី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅ ផ្សារត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងរបួសស្រាលត្រូវជើង ខាងស្តាំ។

ទី២-រថយន្តម៉ាក ហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0511 អ្នកបើករត់គេចបាត់ ស្របពេលនោះម៉ូតូមួយគ្រឿងមកដល់ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កោះកុង 1B-8791 ដោយមានគ្នា០២នាក់ បើកបរដោយឈ្មោះ គង់ វិចិត្រា ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ ប៉េង សុខន ភេទប្រុស អាយុ២៥ឆ្នាំ ក៏បានបុកជាមួយរថយន្តខាងលើបណ្តាលឲ្យអ្នករួមដំណើរជិះម៉ូតូ រងរបួសបាក់ជើងខាងឆ្វេង មានទីលំនៅភូមិ៤ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានបញ្ជូនទៅសង្គ្រោះ។

ចំពោះមុខរថយន្តទាំងពីរខាងលើបានជាប់នៅលើស្ពានបណ្តាលឲ្យមាន ការកកស្ទះ កម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងប៉ូលិសស្រុក បានសម្រួលបញ្ចៀសការកកស្ទះ រហូតដល់ចរាចរដំណើរការទៅមកធម្មតា។ ក្រោយពេលកើតហេតរថយន្តទាំងពីរ និងម៉ូតូខាងលើយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលាបន្តតាមនីតិវិធី៕ ដោយ ៖ ហ៊ុយ ចាន់ធួន

