រាជធានីភ្នំពេញ ៖ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកស្ម័គ្រចិត្តចូលរួមសកម្មភាពមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលតាមរយៈTYDA ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺ Covid19 ដែលពិធីនេះនឹងត្រូវប្រារព្ធធ្វើនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

កម្មវិធីនេះក៏ឃើញមានមានវត្តមាន ចូលរួមពីលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងលោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល រួមនឹងអ្នកស្ម័គ្រចិត្តជាង៤០០នាក់។ លោកជំទាវថ្លែងថា ការជួបជុំសំណេះសំណាល នៅពេលនេះគឺជាការអំពាវនាវឲ្យនិស្សិតឯកទេស និងអ្នកស្ម័គ្រចិត្តចូលរួម សកម្មភាពមនុស្សធម៌ដោយស្ម័គ្រចិត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល តាមរយៈសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)។

កម្លាំងស្ម័គ្រចិត្តនាពេលនេះ គឺជាវីរបុរសខ្សែត្រៀមទី១ ដើម្បីចូលរួមត្រៀមប្រយុទ្ធប្រឆាំងនឹងជំងឺCovid19 និងជួយដល់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ក្រសួងសុខាភិបាលបានត្រៀមសម្ភារបច្ចេកទេស និងការបណ្ដុះបណ្ដាលត្រឹមត្រូវ ដែលនេះគឺជាការទទួលខុសត្រូវចំពោះកម្លាំងស្ម័គ្រចិត្ត តាមរយៈសមាគម TYDA ដែលការស្ម័គ្រចិត្តនេះបានចេញពីបេះដូង ពីឆន្ទៈ ដើម្បីរួមគ្នាជួយខ្មែរនៅក្នុងដំណាក់កាលនេះ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងក្រុមការងាររបស់សមាគម TYDA នឹងនៅជាមួយបងប្អូនស្ម័គ្រចិត្ត ទាំងអស់ គ្រប់ពេលវេលាតាមរយៈការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនស្ម័គ្រចិត្ត ក្នុងការបំពេញភារកិច្ចដ៏មានអត្ថន័យនេះដោយមិនទុកឱ្យបងប្អូនណាម្នាក់ចោលនោះទេ។

លោកជំទាវក៏បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ ការកោតសរសើរ និងការថ្លែងអំណរគុណពីសំណាក់សម្តេចតេជោ ហ៊ុន សែនចំពោះកម្លាំងស្ម័គ្រចិត្តទាំងអស់ ដែលនេះគឺជាការយកចិត្តទុកដាក់ចំពោះអ្នកស្ម័គ្រចិត្តទាំងអស់ដោយមិនទុកឱ្យនរណាម្នាក់ចោលនោះទេ ហើយនេះគឺជាលើកទឹកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល។ សមាគមTYDA បានចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងជំងឺCovid19 តាមរយៈការអប់រំសុខភាពដល់សហគមន៍ ជួយបំផុសបំផុលនិស្សិត អ្នកស្ម័គ្រចិត្តឲ្យ និងជួយកៀងគរសប្បុរសជនឱ្យចូលរួមសកម្មភាពមនុស្សធម៌ អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម បានយកចិត្តទុកដាក់ថែទាំសុខភាពដោយការធ្វើអនាម័យលាងដៃនឹងសាប៊ូ និងអាល់កុល។

ចៀសវាងការជួបជុំមនុស្សច្រើនដែរមិនចាំបាច់។ បើសិនជាបងប្អូនប្រជាពលរដ្ឋមានអាការៈ មិនស្រួលខ្លួន(ក្តៅខ្លួន ក្អក..) ត្រូវដាក់ខ្លួនឯងឲ្យនៅដោយឡែកពីអ្នកដទៃ និងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ។ លើសពីនេះត្រូវបំបាត់ភាពភ័យខ្លាចជ្រុល យកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង និងជួយដល់គ្រួសារ សហគមន៍ និងសង្គមជាតិ៕ ដោយ ៖ សុខ សារ៉ាយ

