រាជធានីភ្នំពេញ ៖ ជំងឺរលាកសួតថ្មី Covid-19 បានធ្វើឲ្យប៉ះពាល់ដល់គ្រប់វិស័យរបស់ប្រទេសមួយក៏ដូចជាប៉ះដល់ភាពសុខដុមរបស់ពិភពលោក ដោយក្នុងមិនត្រឹមសេដ្ឋកិច្ច ទេសចរ វប្បធម៌ និងសូម្បីកម្មវិធីឯកជន ដូចជាមង្គលការជាដើមក៏ប៉ះពាល់ដែរ ដែលប៉ុន្មានថ្ងៃមកនេះឃើញមានការលើកពេលបន្តបន្ទាប់។ ឥឡូវនេះការសម្ដែងល្ខោនក្បាច់បុរាណមួយក៏សម្រេចលើកពេលដែរ។ តាមទំព័រហ្វេសប៊ុក «មហាវេស្សន្តរជាតក» ដំបូងឡើយ ល្ខោនក្បាច់បុរាណរឿង «រឿងព្រះអនរុទ្ធព្រះនាងឧស្សា» គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៩ ខែមីនានេះ នៅសាលសន្និសីទចតុម្មុខ។

ប៉ុន្តែឥឡូវផែនការនេះ ត្រូវបានក្រុមការងារសម្រេចលើកពេលហើយ ដោយសារបង្ការការរីករាលដាលរបស់ជំងឺរលាកសួតថ្មី Covid-19។ សូមជម្រាបជូនដំណឹងដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ៖ ក្រុមការងាររៀបចំការសម្ដែងបានសម្រេចធ្វើការពន្យារពេលការសម្ដែងទស្សនីយភាពល្ខោនក្បាច់បុរាណរឿង «រឿងព្រះអនរុទ្ធព្រះនាងឧស្សា»

ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨-២៩ ខែមីនា ឆ្នាំ២០២០ នៅសាលសន្និសីទចតុម្មុខ ជាបណ្ដោះអាសន្ន ដោយសារមានការផ្ទុះឡើងនូវមេរោគកូវីដ-១៩ ការពន្យារពេលការសម្ដែងនេះ គឺជាការចូលរួមចំណែកក្នុងការទប់ស្កាត់ និងការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយ ៖ ខាត់ សាមឿន




