ខេត្តក្រចេះ ៖ ពលរដ្ឋរស់នៅឃុំគោលាប់ ស្រុកចិត្របុរី ប្រមាណជិត១០គ្រួសារ សព្វថ្ងៃបានបង្វែរមុខរបរ ពីការដឹកជញ្ជូនអនុផលព្រៃឈើដែលជារបរខុសច្បាប់មកចាប់យករបរដាំបន្លែធម្មជាតិ និងចិញ្ចឹម សត្វជាប្រភពចំណូលចម្បងប្រចាំគ្រួសារ។ ពួកគាត់និយាយថា បន្ទាប់ពីពួកគាត់ចាប់យករបរដាំបន្លែ ធម្មជាតិមានរយៈពេលជា៦ឆ្នាំមកនេះ ធ្វើឲ្យស្ថានភាពជីវភាពក្នុងគ្រួសាររបស់ពួកគាត់កាន់តែរីក ធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំ។ ពលរដ្ឋទាំងនោះបានរៀបរាប់ថា កន្លងមកពួកគាត់បាននាំគ្នាចាប់យករបរ ដឹកជញ្ជូនអនុផលព្រៃឈើដូចជា ចូលព្រៃទៅកាប់អុស កាត់ឈើជន្លង់ម្រេច និងអាច្រៀកឈើកា្តរ និងសរសរ យកពីព្រៃមកលក់។

ដែលរបរមួយនេះមានភាពប្រឈមនឹងផ្លូវច្បាប់ជាខ្លាំង ចំណែកឯផលចំណេញវិញក៏មិនឃើញ បានអ្វីជាដុំកំភួននោះដែរ។ តែបើទោះជាយ៉ាងណា ការដាំដុះបន្លែបង្ការរបស់ពួកគាត់សព្វថ្ងៃមានពេលខ្លះ ធ្លាក់ ទិន្នផលបានកម្រៃតិចតួច ដោយសារតែមានការប្រឈមនឹងកង្វះទឹកស្របជាមួយនឹងសណ្ឋានដីខ្លះគឺមិនសូវមាន ជីជាតិ ធ្វើឲ្យការដាំដុះមានការលូតលាស់មិនបានល្អ។ ពួកគាត់បានប្រៀបធៀបថា ការដាំដុះទទួលទិន្នផលច្រើននារដូវវស្សា ដោយសារមានទឹកស្រោចស្រពគ្រប់គ្រាន់ ចំណែកឯរដូវប្រាំងទិន្នផលធ្លាក់ចុះខ្លាំងដោយសារតែបញ្ហាកង្វះទឹកស្រោចស្រព។ ដោយសារតែកត្តាខ្វះទឹក ទើបធ្វើឲ្យពលរដ្ឋខ្លះ បានសម្រេចផ្អាកការដាំដុះបន្លែនៅរៀងរាល់រដូវប្រាំង។

មានវ័យ៥០ឆ្នាំ បុរសឈ្មោះ ស៊ុម សុខ ជាពលរដ្ឋមួយគ្រួសារ ក្នុងចំណោមពលរដ្ឋជិត១០គ្រួសារ ដែលមានរបរដាំបន្លែធម្មជាតិ និងចិញ្ចឹមសត្វ រស់នៅក្នុងឃុំគោលាប់ ស្រុកចិត្របុរី បានរៀបរាប់ប្រាប់ ឲ្យដឹងនៅថ្ងៃទី២០ ខែមីនា នេះថា គ្រួសាររបស់គាត់បានចាប់យករបរដាំបន្លែធម្មជាតិជារបរស្នូលនេះ មានរយៈពេលជាង៦ឆ្នាំមកហើយ។ បន្លែដែលគាត់ដាំ ជាប្ររភេទបន្លែធម្មជាតិ រួមមានស្ពៃ ខាត់ណា ត្រប់ សណ្តែកទ្រើង ម្រះ និងបន្លែផ្សេងៗទៀត។ បុរសរូបនេះថា ដោយសារតែបន្លែដែលគាត់ដាំដុះភាគច្រើនគឺប្រើជីធម្មជាតិ ទើបមិនពិបាករកទីផ្សារលក់នោះទេ។ កំពង់រែកទឹកស្រោចស្ពៃដែលបានដាំនៅលើរង ដែលត្រូវបានលើកជាជួរៗនៅលើដីខាងក្រោយ ផ្ទះបុរសជាកសិកររូបនេះ បានអះអាងថា របរដាំបន្លែនេះអាចរកប្រាក់ចំណូលពីមធ្យមក្នុងមួយខែ បានជាង១លានរៀល ទៅ២លានរៀលឯណោះ។
គាត់ចាត់ថា របរនេះបានជួយកែប្រែជីវភាពរបស់ គាត់ពីភាពដុនដាបខ្លាំងឲ្យកែប្រែមុខមាត់ថ្មីនៅក្នុងសង្គមជឿនលឿន និងគេមួយកំម្រិតទៀត។ មិនត្រឹមតែចាប់យករបរការដាំបន្លែធម្មជាតិតែមួយគ្រួសារខ្លួនឯងនោះទេ គ្រួសារបុរសជាកសិករ រូបនេះ ថែមទាំងបានផ្តល់ចំណេះដឹងពីវិធីការដាំបន្លែធម្មជាតិនេះដល់អ្នកភូមិក្នុងឃុំជាមួយជាច្រើនគ្រួសារផ្សេងទៀត ដើម្បីជំរុញឲ្យអ្នកភូមិបង្វែរពីការដឹកជញ្ជូនអនុផលព្រៃឈើ ដែលជារបរខុសច្បាប់ ឲ្យមកចាប់យករបរដាំបន្លែរដូចគ្រួសាររបស់គាត់វិញ។ អាជ្ញាធរស្រុកចិត្របុរីបានឲ្យដឹងថា ស្រុកចិត្របុរីមានឃុំចំនួន៧ ក្នុងនោះមានឃុំចំនួន៤ មានទីតាំងនៅប្រ៉បនឹងដងទន្លេមេគង្គ។ ហើយពលរដ្ឋដែលរស់នៅក្នុងឃុំទាំង៤នេះភាគច្រើនបានចាប់យករបរកសិកម្ម ដូចជាចិញ្ចឹមសត្វ ចិញ្ចឹមត្រី ធ្វើស្រែ និងដាំដំណាំ ជារបរចម្បងក្នុងគ្រួសារ៕ ដោយ ៖ ប៊ុន លីនណា