ខេត្តសៀមរាប ៖ ក្រោយទទួលបណ្ដឹងពីជនរងគ្រោះ ម្ចាស់ម៉ូតូស្កូពីដែលជនសង្ស័យធ្វើសកម្មលួចកាច់សោករនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រង់ចំណុចផ្លូវសាលាបញ្ញាសាស្ត្រហើយជនសង្ស័យបានបើកគេចខ្លួនបាត់ ទើបលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប ដឹកនាំកម្លាំងនគរបាល ព្រហ្មទណ្ឌក្រុងសៀមរាប បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ជ្រាវ ហើយស្រាវជ្រាវឃើញ ទីតាំងដែលក្រុមចោរជំនាញ ខាងកាច់សោកម៉ូតូយ៉ាងសកម្ម នៅក្នុងក្រុងសៀមរាប យកម៉ូតូទៅលាក់ទុកនៅផ្ទះជួលដាច់ពីគេ ក្នុងដីឡូត៍មួយកន្លែង ដែលមានម្ចាស់ផ្ទះជួលឈ្មោះ អួង វណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតនៅចំណុចក្រុមទី៧ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។

ហើយក្រុមជនសង្ស័យ បានដឹងថា មានកម្លាំងនគរបាល តាមពីក្រោយ ក៏នាំគ្នាចាក់សោរបងមុខផ្ទះ និងចាក់គន្លឹះទ្វារ មុខផ្ទះគេចតាមច្រកក្រោយបាត់។ នៅក្នុងផ្ទះសមត្ថកិច្ចយើងបានធ្វើការឆែកឆេរឃើញម៉ូតូ ៥គ្រឿង (៤គ្រឿងម៉ូតូម៉ាកហុងដាឌ្រីម និង១គ្រឿងទៀតម៉ាកស្គុបពី) និងសម្ភារវត្ថុតាងសម្រាប់ធ្វើសកម្មភាព មួយចំនួន រួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿង បន្តទៅតុលាការខេត្តចាត់ការទៅតាមផ្លូវច្បាប់។ ហេតុការណ៍ចុះប្រតិបត្តិការបំបែកសម្បុកក្រុម មុខសញ្ញាចោរកាច់សោកម៉ូតូនោះធ្វើឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅក្នុងផ្ទះ ដីឡូត៍១កន្លែង ក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។

បើតាមការអះអាងពីលោក វរសេនីយ៍ឯក ណុប សារ៉ាក់ បានប្រាប់ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ថា ចោរលួចកាច់សោកម៉ូតូបាត់នៅត្រង់ចំណុចផ្លូវសាលាបញ្ញាសាស្ត្រ ហើយជនសង្ស័យបានបើក គេចខ្លួនបាត់ ដោយក្នុងម៉ូតូនោះមានដាក់ GPS ទើបសមត្ថកិច្ចយើងបានតាមជាមួយម្ចាស់ម៉ូតូ ទៅដល់ផ្ទះជួលដាច់ពីគេ ក្នុងដីឡូត៍មួយកន្លែង ខណៈពេលនោះលោកក៏សុំការអនុញ្ញាត ពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ធ្វើការឆែកឆេរភ្លាមៗ ហើយឃើញមានម៉ូតូចំនួន ៥ គ្រឿង ក្នុងនោះមាន(ម៉ូតូ៤គ្រឿងម៉ាកហុងដាឌ្រីម និង១គ្រឿងទៀតម៉ាកស្គុបពី ដែលជារបស់ជនរងគ្រោះ) និងសម្ភារវត្ថុតាងសម្រាប់ធ្វើសកម្មភាពកាច់សោកមួយចំនួន។

លោកបានបញ្ជាក់ថា ១-ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កណ្ដាល 1W-59 45 លេខម៉ាស៊ីន និងលេខតួ 9776234 ម៉ូតូនេះទុកនៅខាងក្រៅផ្ទះមុខផ្ទះក្នុងរបង។ ២- ម៉ូតូម៉ាកស្កុបពីពណ៌ស គ្មានស្លាកលេខ ស៊េរីឆ្នាំ២០១៨ ដែលមានលេខម៉ាស៊ីន និងលេខតួ pet1 01 257 ទុកនៅក្នុងផ្ទះកន្លែងទទួលភ្ញៀវ។ ៣-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានស្លាក លេខម៉ាស៊ីន និងលេខតួ 5445 801។ ៤-ម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរី ឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ចាម 1G-1490 មានលេខម៉ាស៊ីន និងលេខតួ 9365 865។ ៥- ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១២ មានស្លាកលេខ សៀមរាប 1K-9988 លេខម៉ាស៊ីន និងលេខតួ 8754 585 ម៉ូតូនេះទុកនៅក្នុងបន្ទប់ក្នុងផ្ទះ។

ក្រោយធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ កម្លាំងជំនាញក្រុង និងប៉ុស្ដិ៍បានយកម៉ូតូជាវត្ថុតាងទាំងអស់ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលក្រុងសៀមរាប។ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់មុនកម្លាំងនគរបាលទៅដល់។ លោកបានបញ្ជាក់បន្ថែមថា លោកបានសំណូមពរ តាមសេចក្តីប្រកាសព័ត៌មាន និង ជូនដំណឹងដល់បងប្អូន ជនរងគ្រោះដែលបានបាត់ម៉ូតូ ទាំងអស់នៅក្នុងក្រុងសៀមរាប សូមអញ្ចើញយកឯកសារមកធ្វើការផ្ទៀងផ្ទាត់ លេខតួ លេខម៉ាស៊ីន តាមព័ត៌មាននេះ បើពិនិត្យឃើញថា ត្រឹមត្រូវជាក់ស្ដែងនៅកន្លែង អធិការដ្ឋាននគរបាលក្រុង ជាមួយនឹងមន្ត្រីនគរបាលព្រហ្មទណ្ឌក្រុង ដើម្បីស្នើរសុំយកទៅប្រើប្រាស់វិញ។

បើតាមប្រភពពីពលរដ្ឋនៅក្នុងក្រុងសៀមរាប រង់ចាំមើលថា តើសមត្ថកិច្ចមានវិធានការក្តៅ ឬត្រជាក់ជាមួយចោរ និងម្ចាស់ផ្ទះបើម្ចាស់ម៉ូតូឃើញចោរ ហើយ រត់ទៅប្រាប់ប៉ូលិសមួយភ្លែតដល់មកវិញស្រាប់តែបាត់ចោរឈឹង តើសមត្ថកិច្ចជំនាញ អាចស្វែងរកចាប់ចោរជំនាញកាច់សោកម៉ូតូ ដ៏សកម្មនៅក្នុងក្រុងទេសចរណ៍យកមកវិញបានទេ ហើយម្ចាស់ផ្ទះមានទោសដែរឬយ៉ាងណា ពួកគាត់កំពុងរង់ចាំមើល៕ ដោយ ៖ ច័ន្ទ រស្មី
