កូ​វី​ដ​១៩ ៖ រក​ឃើញ​៣១​ករណី​ថ្មី​បន្ថែម ឈាន​ដល់​ការ​បិទ​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ

979

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ចំនួន​៣១​ករណី​បន្ថែម​ទៀត​នៅ​ក្រុងព្រះសីហនុ ដែល​ជា​ក្រុម​អ្នក​ប៉ះពាល់​ជាមួយនឹង​ជនជាតិ​បារាំង​២​រូប វ័យ​៨០​ឆ្នាំ និង​៦៧​ឆ្នាំ ដែល​មាន​ផ្ទុក​កូ​វី​ដ​-១៩ ដែល​នេះ​ជា​តួលេខ​ឆ្លង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា រហូត​ឈាន​ដល់​ការ​ឃ្លុំ​បិទ​សណ្ឋាគារ​ឯករាជ្យ នៅ​ខេត្ត​ព្រះ​សីហ​នុ​។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល​នា​រាត្រី​ថ្ងៃ​ទី​២២ ខែមីនា​នេះ​។ ការ​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ ទ្រង់ទ្រាយ​ធំ​នេះ នាំ​ឲ្យ​កម្ពុជា​រក​ឃើញ​មាន​អ្នក​ផ្ទុក​កូ​វី​ដ​-១៩ កើនឡើង​ដល់ ៨៤​ករណី​ទូ​ទាំង​ប្រទេស​កម្ពុជា​។

Loading...

យោង​តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទី​២២ ខែមីនា នេះ​ឲ្យ​ដឹង​ថា សម្រាប់​អ្នក​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​បារាំង​២​នាក់​ដែល​បាន​រក​ឃើញ​មាន​កូ​វី​ដ​-១៩ បម្រើ​ការ​នៅ​សណ្ឋាគារ ឯករាជ្យ គឺ​មានបារាំង និង​ខ្មែរ​ចំនួន ៣៧​នាក់​។ ការ​យក​សំណាក​ធ្វើតេស្ត លទ្ធផល​ចេញ​មក​គឺ​វិជ្ជមាន​៣១​នាក់​។ ពេល​នេះ​ដាក់​កម្លាំង​យាម​ច្រក​មិន​ឲ្យ​ចេញចូល ដើម្បី​ឲ្យ​ពេទ្យ និង​ក្រុមការងារ​ច​ត្តា​ឡី​ស័ក នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​។ សូម​រម្លឹក​ថា លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា នា​រសៀល​ថ្ងៃ​ទី​២២ មីនា​នេះ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ សូម​ចូលរួម​កាត់​ផ្តាច់ ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត ឬ​ទៅ​ក្នុង​សហគមន៍​របស់​ខ្លួន​។

លោក​ជំទាវ​ក៏​បាន​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ផ្តល់​ទំនុកចិត្ត​លើ​ក្រុម​គ្រូពេទ្យ​នៅ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ដែល​កំពុង​តែ​សកម្ម​ក្នុង​ការ​ស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់ ឬ​ប្រយោល និង​សូម​ឲ្យ​មានការ​ចូលរួម​សហការ ស្ម័គ្រចិត្ត​បង្ហាញខ្លួន ប្រសិនបើ​បានដឹង​ថា លោក​អ្នក​ធ្លាប់​បាន​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ ដើម្បី​ពិនិត្យ​សុខភាព​លោក​អ្នក ប្រសិនបើ​អ្នក​ប៉ះពាល់​ផ្ទាល់​មិន​មាន​បញ្ហា​ទេ អ្នក​ប៉ះពាល់​ប្រយោល ដែល​រក​ឃើញ​នឹង​ចាត់ចែង​ឲ្យ​មានការ​តាមដាន​បន្ត​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​១៤​ថ្ងៃ​។ អ្វី​ដែល​ជា​ការ​រក​ឃើញ មក​ដល់​ពេល​នេះ​គឺ​មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ សរុប​ចំនួន​៨៤​នាក់ (​អ្នកជា​សះស្បើយ ២​នាក់ អ្នក​ឆ្លង​ផ្ទាល់​បន្ត​មាន​តែ​៣​ករណី (​បុរស​អាយុ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប និង​ស្ត្រី​ជា​ភរិយា​២​នាក់​)​ប៉ុណ្ណោះ​)​។

មិន​ទាន់​មានការ​ចម្លង ឬ​រាតត្បាត​ក្នុង​សហគមន៍​នៅឡើយ​។ នេះ​ជា​ចំណុច​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ ខិតខំ​ចូលរួម​ការពារ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ចម្លង​ទៅ​ក្នុង​សហគមន៍ ជា​កិច្ចការ​ដែល​យើង​ទាំងអស់​គ្នា ត្រូវធ្វើ​ជា​ចាំបាច់​។ ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ខ្ញុំ​សុំ​លើកដៃ​សំពះ​ដល់​បងប្អូន​ជនរួមជាតិ​យើង ទាំងអស់ សូម​លោក​អ្នក​មេត្តា​យល់​លើ​ចំណុច​នេះ​ជា​ចាំបាច់ នៅ​ក្នុង​កាលៈទេសៈ​នេះ ហើយ​សូមកុំ​ឲ្យ​មានការ​រើសអើង​ឲ្យ​សោះ​មិន​មាន​អ្នក​ណា​ម្នាក់​ចង់​ឈឺ ឬ​ចង់​នាំ​ជំងឺ​មក​នោះ​ឡើយ​។

តែ​អ្វី​ដែល​សំខាន់​នោះ ត្រូវ​តែ​រួបរួម​គ្នា​កាត់​ផ្តាច់​ឲ្យ​បាន​នូវ​ការ​ចម្លង​ពី​បុគ្គល ដែល​មាន​វីរុស​កូ​វី​ដ​-១៩ ទៅ​បុគ្គល​ផ្សេង​ទៀត ជា​ពិសេស​អ្នក​ដែល​នៅ​ជិត​ស្និទ្ធ ឬ​ក្រុម​គ្រួសារ មិត្តភក្តិ​គាត់​ជាដើម​។ ចូលរួម​ទាំងអស់​គ្នា ការពារ​ការ​ចម្លង​កូ​វី​ដ​-១៩ ទើប​យើង​អាច​មាន​ជ័យជម្នះ​។ សូម​ជូនពរ​សុខភាព​ល្អ មិន​មានការ​ចម្លង​វីរុស​កូ​វី​ដ​-១៩​នេះ ទាំងអស់​គ្នា​៕ ដោយ ៖ គុ​ច ណា​រ៉េ​ន