សួនច្បារ និង​ព្រៃ​ឫស្សី នៅ​ស្រុក​ទឹកផុស បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍

ខេត្តកំពង់ឆ្នាំង ៖ សួនច្បារ​មួយ​កន្លែង​ដែល​ទើប​បង្កើត​ថ្មី សម្រាប់​បម្រើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ក៏​ដូច​ជា​សម្រាប់ ទាក់ទាញ​អតិថិជន ក្នុង​គម្រោង​វិនិយោគ​ដី​ដ៏​ធំ​របស់​ក្រុមហ៊ុន​មួយ​បាន​ក្លាយជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេស ចរណ៍​ទៅ​លេង​កម្សាន្ត​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​បញ្ហា​វីរុស​កូ​វី​ដ​១៩ បាន ធ្វើ​ឲ្យ​មានការ​ហាមឃាត់​ការ​ជួបជុំ​គ្នា ម្ចាស់​ក្រុមហ៊ុន​បាន​បើកទ្វារ​ត្រឹមតែ​២​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្តា​ហ៍ គឺ​សៅរ៍​-​អាទិត្យ ហើយនឹង​អាច​បិទ​ទាំងស្រុង​បើ​ជំងឺ​នៅ​តែ​រីក​រាលដាល​ថ្មី​ថែម​ទៀត​។ ទីតាំង​សួន​កម្សាន្ត​ខាងលើ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ស្គារ​ត្បូង ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ដែល​មាន​ចម្ងាយ​៥៤​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង​។

Loading...

លោក កាន ថា​ន ជា​បុគ្គលិក​ក្រុមហ៊ុន ខាងលើ​បាន​និយាយ​ឲ្យ​ដឹង​ថា​៖ សួនច្បារ​មាន​ផ្កា​ចម្រុះ​ពណ៌ មាន​ដូច​ជា​ផ្កាស្បៃរឿង ផ្កាម៉ោងដប់ ផ្កាឈូករ​ត្ន័ និង​ផ្កា​ចំរុះ​ពណ៌​ផ្សេង​ទៀត រួម​ទាំង​ព្រៃ​ឫស្សី ដែល​គួរ​ឲ្យ​គយគន់ និង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​លេង​កម្សាន្ត​។ តាម​ពិត គឺជា​គម្រោង​របស់ ក្រុមហ៊ុន​មាន​ផែនការ​បណ្តុះ​ផ្កា ទាំង​អស់នេះ​លើ​ដី​ទំហំ​៣​ហិ​កតា ដើម្បី​ទុក​យក​ទៅ​ដាំ​ធ្វើ​ជា​សួនច្បារ​តាម​ប្លង់​ដីចម្ការ លំហែកាយ សម្រាប់​លក់​ជូន​អតិថិជន ក្នុង​ពេល​ខាង​មុខ​នេះ​។ ប៉ុន្តែ​រយៈពេល​ជាង​៣​ខែ​នេះ ការ​បណ្តុះ​ពូជ​ផ្កា​ទាំងអស់ បាន​តែ​ជាង​១​ហិ​កតា​តែ​ប៉ុណ្ណោះ ឃើញ​ថា មាន​សោភ័ណ​ភាព​គួរ​ឲ្យ​ទាក់ទាញ​មែន​។

កន្លង​មក​ថ្មី​ៗ​នេះ មាន​ក្រុម​សិស្ស និស្សិត បាន​មក​សុំ​ចូល​លេង​កម្សាន្ត​ក្នុង​សួនច្បារ​ព្រៃ​ឫស្សី​នេះ ហើយ​ក៏​បាន​នាំ​គ្នា​ថតរូប​បង្ហោះ លេង​តាម​ហ្វេ​ស​ប៊ុ​ក បន្ទាប់​មក​ក៏​មានការ​ភ្ញាក់ផ្អើល​ដោយ​មាន​ប្រជាពលរដ្ឋ និង​យុវជន យុវនារី ជា​ច្រើន​បាន​ចាប់អារម្មណ៍ និង​បាន​មក​សុំ​ចូល​លេង​កម្សាន្ត​ជា​ហូរហែ​មក​តែ​ម្តង ដែល​ក្នុង​ថ្ងៃ សៅរ៍ អាទិត្យ មាន​មនុស្ស​មក​លេង​កម្សាន្ត​ប្រមាណ​២​ពាន់​នាក់​។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ ចាប់ពី​មាន​ជំងឺ​ប្រភេទ​ថ្មី​មក ក្រុមហ៊ុន​សុំ​បើក​ឲ្យ​ចូល​លេង​តែ​ថ្ងៃ​សៅរ៍ និង​អាទិត្យ ក្រៅពី​ថ្ងៃ​ហ្នឹង​សុំ​បិទទ្វារ​មិន​ឲ្យ​ចូល​ឡើយ​។

ទោះ​យ៉ាងនេះ​ក្តី នៅ​ក្នុង​សួនច្បារ​ព្រៃ​ឫស្សី​ខាងលើ​នេះ ក្នុង​ខែប្រាំង​ដើម​ឫស្សី និង​ព្រៃឈើ​នៅ​តំបន់​នេះ​បាន​ជ្រុះ​សន្លឹក​អស់ មិនសូវ​មាន​ជម្រក​ឲ្យ​ភ្ញៀវ​អង្គុយ​លេង​កម្សាន្ត​ប៉ុន្មាន​ឡើយ ចំណែក​រោង​ស្បូវ​ដែល​សម្រាប់​ទទួលភ្ញៀវ ក៏​មាន​តិចតួច​ដែរ រីឯ​បង្គន់​អនាម័យ​ក៏​មាន​តែ​២​បន្ទប់​។ ប្រសិនបើ​មាន​មនុស្ស​មក​លេង​កម្សាន្ត​ច្រើន​នាក់​មែន​នោះ ពិតជា​គ្មាន​ម្លប់​សម្រាប់​អង្គុយ​លេង​នោះ​ទេ​។ ដោយឡែក​ក៏​គ្មាន​ទឹក​សម្រាប់​ងូត​នោះ​ដែរ គឺ​មាន​តែ​ទឹក ដែល​ក្រុមហ៊ុន​បាន​កាយ​ក្នុង​បាត​អូរ ធ្វើ​ជា​អណ្តូង​សម្រាប់​យក​ទឹក​មក​ស្រោច​ផ្កា និង​ដើម​ឫស្សី​តែ​ប៉ុណ្ណោះ​។

សម្រាប់​ភ្ញៀវ​ដែល​ចង់ទៅ​លេង​កម្សាន្ត​នៅ​សួនផ្កា​ថ្មី​ខាងលើ​ត្រូវធ្វើ​ដំណើរ​ចេញពី​ទីរួមខេត្ត​កំពង់ឆ្នាំង តាម​ផ្លូវជាតិ​លេខ​៥ ប្រមាណ​ជាង​៩​គីឡូម៉ែត្រ ដល់​ផ្សារ​ពង្រ ត្រូវ​បត់​ខាងឆ្វេង​ដៃ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្រាល​កៅស៊ូ ជាង​៣៧​គីឡូម៉ែត្រ​ទៅ​ដល់​ស្ថានីយ​រថភ្លើង​ក្រាំង​ស្គារ រួច​បត់​ស្តាំ​បន្តដំណើរ​ជាង​៤​គីឡូម៉ែត្រ​នឹង​ទៅ​ដល់ ទិ​តាំង​ខាងលើ​នេះ​ហើយ តែ​ភ្ញៀវ​ត្រូវ​បន្តដំណើរ​កាត់​ដី​ក្រុមហ៊ុន​ជាង​៣​គីឡូម៉ែត្រ​ទៀត​ទើប​ទៅ​ដល់ សួនផ្កា​ថ្មី​ដែល​ក្រុមហ៊ុន​កំពុង​រៀបចំ​នោះ​ហើយ​៕ ដោយ ៖ ពៅ សុខ​ហ៊ាន