ខេត្តកំពង់ឆ្នាំង ៖ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចឃុំមេលុំ ស្រុកបរិបូណ៌ និងឃុំប្រស្នឹប ស្រុករលាប្អៀរ ដែលមានចំងាយប្រមាណ២០គីឡូម៉ែត្រពីខាងលិចទីរួមខេត្តកំពង់ឆ្នាំងជារៀងរាល់ឆ្នាំ ចាប់ពីខែកុម្ភៈ ដល់ចុងខែមេសា គេសង្កេតឃើញប្រជាពលរដ្ឋបាននាំគ្នាចាប់ប្រកបមុខរបរមួយគឺលក់ផ្លែគុយ ដែលជាមុខរបរបន្ទាប់បន្សំសម្រាប់ជីវភាពគ្រួសារ បើទោះបីដើមគុយជារុក្ខជាតិដុះក្នុងព្រៃស្រុកលើ ដែលមានការកាប់ទន្ទ្រានព្រៃ ដែលបណ្ដាលឱ្យដើមគុយមួយធំត្រូវបាត់បង់យ៉ាងណាក្តី ក៏ប៉ុន្តែផ្លែគុយ នៅតែមានលក់ និងជាទីចាប់អារម្មណ៍សម្រាប់ភ្ញៀវធ្វើដំណើរតាមដងផ្លូវ ទិញយកទៅទទួលទាន ឬក៏ទុឲ្យកូនចៅ បានស្គាល់រស់ជាតិនៃរុក្ខជាតិមួយប្រភេទនេះផងដែរ។

បងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលដុំ យកមកចងជា ចង្កោមផ្លែគុយ លក់រាយ បានឲ្យដឹងថា ពួកគាត់បានឡើងទៅទិញផ្លែគុយដល់ស្រុកលើ ហើយយកមកចងដុំ ជាចង្កោមលក់រាយនៅតាមថ្នល់ជាតិជារៀងរាល់ឆ្នាំ។ សម្រាប់ផ្លែគុយឆ្នាំនេះបានធ្លាក់ថ្លៃពីដើមទី បើទោះបី មិនទាន់ដល់ខែដែលសម្បូរផ្លែគុយ គឺនៅខែមេសាក៏ពិតមែន។ ពួកគាត់បានបញ្ជាក់ថា៖ ពេលមានផ្លែគុយលក់ ពីដើមទី ផ្លែគុយមួយចង្កោមថ្លៃរហូត២ម៉ឺន៥ពាន់រៀលឯណោះ ប៉ុន្តែពេលនេះផ្លែគុយបានធ្លាក់មកត្រឹម ៧ពាន់រៀលក្នុងមួយចង្កោម នឹងអាចចុះថោកជាងនេះនៅពេលដែលផ្លែគុយកាន់តែសម្បូរនៅក្នុងខែមេសា។

ពួកគាត់បានបញ្ជាក់ថា៖ ក្នុងមួយថ្ងៃគាត់អាចលក់ដាច់ពី៥០ ទៅ១០០ចង្កោម។ ភ្ញៀវដែលបានទិញយកទៅ ខ្លះយកទៅពិសារ ប៉ុន្តែពេលខ្លះយកទៅចែកកូនចៅឲ្យបានស្គាល់តែប៉ុណ្ណោះ ព្រោះផ្លែគុយវាជិតផុតពូជទៅហើយ ដោយសារការកាប់ទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិ ធ្វើឱ្យដើមគុយមួយចំនួនធំត្រូវបានខូចខាតអស់ទៅហើយ។

បច្ចុប្បន្នផ្លែគុយ ដែលនៅសេសសល់ដែលបងប្អូនប្រជាពលរដ្ឋទៅទិញយកមកលក់ គឺជាផ្លែគុយដែលមានដើមដុះ នៅតាមភូមិរបស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ដែលជាភូមិចាស់ត្រូវបានម្ចាស់គេថែរក្សាទុកសម្រាប់បេះផ្លែលក់។ ពួកគាត់បានបញ្ជាក់ថា ទោះបីជាផ្លែគុយថ្លៃក្តី ថោកក្តី ក៏ក្នុងមួយឆ្នាំៗរយៈពេលជាង៣ខែ គាត់អាចរកចំណូលបាន ពីការលក់ផ្លែគុយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិតដែរ។

គួរបញ្ជាក់ដែរថា នៅតាមតូបលក់ដូរ ផ្លែឈើ ជាប់ផ្លូវជាតិលេខ៥ ចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីខាងលិចក្រុងកំពង់ឆ្នាំង គឺមានការដាក់តាំងលក់មួយភាគធំ គឺផ្លែគុយ និងបន្ទាប់មកមានផ្លែសិរមាន់ និងផ្លែព្រូសផងដែរ ដែលជាផ្លែឈើធម្មជាតិដុះព្រៃភ្នំ ក្រៅពីនោះ នៅមានលក់ផ្លែឈើស្រុក ដូចជាខ្នុរ ផ្លែស្វាយចន្ទី និងផ្លែស្វាយជាដើម៕ ដោយ ៖ ពៅ សុខហ៊ាន



