រាជធានីភ្នំពេញ ៖ ស្ថានទូតចិននៅកម្ពុជានៅថ្ងៃនេះបានប្រកាសថា អ្នកជំនាញចិន ក្នុងការប្រយុទ្ធនឹងមេរោគ កូវដី-១៩ បានប្រើបច្ចេកវិទ្យាទំនើប និងប្រព័ន្ធ5G ដើម្បីជួយកម្ពុជាក្នុងយុទ្ធនាការប្រឆាំងមេរោគកូវីដ-១៩។ តាមរយៈហ្វេសប៊ុករបស់ខ្លួន ស្ថានទូតចិនប្រចាំនៅកម្ពុជាបានសរសេរថា នាថ្ងៃទី២៥ ខែមីនា ក្រុមអ្នកជំនាញ វេជ្ជសាស្ត្រ ប្រយុទ្ធប្រឆាំងជំងឺ វីរុស COVID-19 ដែលជាក្រុមជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា បានរៀបចំកិច្ចប្រជុំវីឌីអូលើកដំបូង ជាមួយនឹងផ្នែកបញ្ជាការទប់ស្កាត់នឹងជំងឺវីរុស ក្នុងតំបន់ស្វយ័ត Guangxi នៃប្រទេសចិន ដោយតាមរយៈប្រព័ន្ធទំនាក់ទំនងវីឌីអូ Welink ដែលបានរៀបចំឡើងក្នុងមជ្ឈមណ្ឌល កិច្ចសហប្រតិបត្តិការថ្មីនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌី ក្នុងរាជធានីភ្នំពេញ។
លោក Yao Yuya ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Huawei តិចណូឡូជី (ខេមបូឌា) ខូអិលធីឌីក្នុងរាជធានីភ្នំពេញមាន ប្រសាសន៍ថា ថ្ងៃនេះតាមរយៈប្រព័ន្ធកិច្ចប្រជុំវីឌីអូ Welink របស់ក្រុមហ៊ុនHUAWEI ក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនបានភ្ជាប់ទំនាក់ទំនងជាមួយផ្នែកបញ្ជាការទប់ស្កាត់នឹងជំងឺវីរុស ក្នុងតំបន់ស្វយ័ត Guangxi នៃប្រទេសចិនដោយជោគជ័យ។ លោកនិយាយថា ស្ថិតក្នុងស្ថានភាពដែលបណ្តាប្រទេស លើពិភពលោកទទួលរងការយាយីពីជំងឺវីរុស COVID-19 នាពេលបច្ចុប្បន្ននេះ ការលើកម្ពស់អត្រាប្រសិទ្ធភាព ប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសដោយតាមរយៈបច្ចេកវិទ្យាជឿនលឿន ត្រូវបានក្លាយជាវីធីសាស្ត្រជម្រើសដំបូងគេបង្អស់ សម្រាប់បណ្តាប្រទេសលើសកលលោក។
លោកបន្តទៀតថា ជាកិច្ចបន្ទាប់ ក្រុមហ៊ុនHUAWEI ក្នុងប្រទេសកម្ពុជា នឹងសហការជាមួយរាជរដ្ឋាភិបាល និងដៃគូផ្សេងទៀតក្នុងការផ្តល់ជាបណ្តាញ5G wireless broadband ជូនដល់ក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលព្យាបាលក្នុងសហគមន៍ និងស្ថាប័នផ្សេងទៀត ដើម្បីផ្តល់ជាបណ្តាញអ៊ីនធើណេត ដែលមានល្បឿនលឿនសម្រាប់ទំនាក់ទំនង ជាមួយនឹងអ្នកខាងក្រៅ។ ផ្អែកលើប្រព័ន្ធប្រជុំវីឌីអូ Cloudlink របស់ក្រុមហ៊ុន HUAWEI អាចសម្រេចបានការទំនាក់ទំនងយ៉ាងជាក់ស្តែងជូនដល់ក្រសួងសុខាភិបាល, កន្លែងកំណត់ព្យាបាលជំងឺវីរុសCOVID-19 ក្នុងរាជធានីភ្នំពេញ,
មជ្ឈមណ្ឌលព្យាបាលជំងឺតាមបណ្តា២៥ខេត្តក្រុង និងក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងសុវត្ថិភាព ផ្តល់ការពិនិត្យវិនិច្ឆ័យជំងឺជូនដល់អ្នកផ្ទុកមេរោគ និងអ្នកជំងឺដោយតាមវិធីសាស្ត្រពិគ្រោះយោបល់ពីចម្ងាយ។ ប្រើបច្ចេកវិទ្យាAI គាំទ្រដល់ការពិនិត្យយ៉ាងឆាប់រហ័សជូនដល់មន្ទីរពេទ្យ និងវេជ្ជបណ្ឌិត ប្រើទិន្នន័យ(DATA) និងបច្ចេកវិទ្យាAI ដើម្បីលើកកម្ពស់អត្រាប្រសិទ្ធភាពក្នុងការពិនិត្យ និងធ្វើតេស្តជំហានដំបូងជូនដល់អ្នកផ្ទុកជំងឺសម្រាប់ការវិនិច្ឆ័យ និងពិនិត្យរកយ៉ាងទាន់ពេលវេលា ជូនដល់អ្នកផ្ទុកជំងឺវីរុស COVID-19៕ ដោយ ៖ សហការី