អ្នក​ផ្ទុក​កូ​វី​ដ​-១៩​ចំនួន​២​នាក់ ម្នាក់​បានជា​សះស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ

174

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​អ្នក​ផ្ទុក​វីរុស​-​កូ​វី​ដ​-១៩ ចំនួន​២​នាក់ នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​នោះ​ម្នាក់​ជា​ពលរដ្ឋ​ខ្មែរ​កាន់សាសនា​ឥ​ស្លា​ម​បានជា​សះស្បើយ ត្រូវ​បាន​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ​។ រីឯ​អ្នក​ម្នាក់​ទៀត​ជា​ពលករ​ខ្មែរ បាន​នឹង​កំពុង​មាន​សុខភាព​ល្អ​។

Loading...

នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ចន្ទ វិ​ឌ្ឍី​ណា​វុ​ឌ្ឍ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​ក​ម្ព​ជា​-​ជប៉ុន មង្គល​បូ​រី និង​មន្ត្រី​ពាក់ព័ន្ធ សាច់ញាតិ មិត្តភក្តិ​ជា​ច្រើន​បាន​ទៅ​អបអរសាទរ និង​ទទួល​ជូន​ដំណើរ​លោក វ៉ា​ន់ គឹ​ម​សាន្ត អាយុ​៤១​ឆ្នាំ ជា​អ្នកមាន​ផ្ទុក​វីរុស កូ​វីត​-១៩ ដែល​បានជា​សះស្បើយ​បន្ទាប់​ពី​ចូល​សម្រាក​ព្យ​បាល បំប៉ន​បីបាច់​សុខភាព​ពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០​មក​។

អ្នកជំងឺ​បាន​ទទួល​ការ​លើក​ចិត្ត​ពី​អាជ្ញាធរ​ខេត្ត ហើយ​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​គ្រូពេទ្យ ដល់​មន្ត្រី និង​អ្នក​គ្រប់​គ្នា​ដែល​មិន​ត្រឹមតែ​មិន​រើសអើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​កក់ក្តៅ​ថែម​ទៀត​។ គាត់​បាន​លា​ទាំង​ក្តី​អាល័យ ពី​បន្ទប់​ដាច់​ដោយឡែក ដែល​ជាទី​ទទួល​ពិនិត្យ ព្យ​បាល​ជំងឺ​កូ​វី​ដ​-១៩ (COVID-19) ក្នុង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន​-​មង្គល​បូ​រី ហើយ​បាន​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​ម្នាក់ឯង​វិល​ទៅ​ផ្ទះ​។

លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បន្ទាយ​មាន​ជ័យ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០​ថា​៖ ក្រុមការងារ​ឆ្លើយ​តប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ទទួល​អ្នកជំងឺ​កូ​វី​ដ​-១៩ ដំបូង​គេ​ចំនួន​២​នាក់​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា​។ លោក វ៉ា​ន់ គឹ​ម​សាន្ត ពលរដ្ឋ​ខ្មែរ​កាន់សាសនា​ឥ​ស្លា​ម អាយុ​៤១​ឆ្នាំ នៅ​ភូមិ​គោរ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ដែល​ត្រឡប់​ពី​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​គាត់​មាន​សមាជិក​៥​នាក់​។ និង​ម្នាក់​ទៀត​ជា​ពលករ​ខ្មែរ​អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរី​សោភ័ណ​ដែរ គាត់​មាន​សមាជិក​៧​នាក់​។

អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​លើ​អ្នកជំងឺ​គឺ​គ្រួសារ​ពួក​គាត់​សរុប​១២​នាក់ ក៏​រក​ឃើញ​លទ្ធផល​អវិជ្ជមាន (COVID-19) ឥឡូវ​ពួក​គេ​មាន​សុខភាព​ល្អ​។ អភិបាល​ខេត្តបន្ទាយមានជ័យ រួម​ជាមួយ​មន្ត្រី​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ញាតិ​មិត្ត​ព្រមទាំង​សមាជិក​ព្រឹទ្ធសភា ក៏​បន្ត​ជូន​ដំណើរ អ្នក​ឈ្នះ​កូ​វីត​-១៩ រូប​នេះ​ដល់​ផ្ទះ​ផង​ដែរ ដើម្បី​ជា​ការ​លើកទឹកចិត្ត និង​ជា​សារ​ដើម្បី​កុំ​ឲ្យ​មានការ​រើសអើង​ដល់​អ្នកជំងឺ ៕ ដោយ ៖ ណុ​ប រក្សា