សាលាឧទ្ធរណ៍​ច្រានចោល​បណ្តឹងទាស់​របស់​លោក ឡាយ វណ្ណៈ

525

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​បានការ​ដដែល​លើ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បក្ខពួក ករណី​ឃាតកម្ម លើ​ជន​រង​គ្រោះ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ​។ ថ្លែង​ក្នុង​ពេល​សវនាការ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ​, លោក យន់ ណា​រ៉ុ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ បាន​សម្រេច​ធ្វើការ​ប្រកាស សាលដីកា ដោយ​តម្កល់​សេចក្តីសម្រេច​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ទុកជា​បានការ​ដដែល ដោយ​ច្រានចោល​បណ្តឹង​ឧទ្ទ​រណ៍​របស់​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បក្ខពួក ពាក់ព័ន្ធ​ការ​សំណុំរឿង​ឃាតកម្ម​ដែល​មាន​ជន​រង​គ្រោ​អ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា អាយុ​៣៦​ឆ្នាំ​។

Loading...

ការ​ប្រកាស​សាលដីកា​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សភា​ព្រហ្មទណ្ឌ​នៃ​សាលា​ឧទ្ទ​រណ៍​,​សវនាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ ជនជាប់ចោទ លោក ឡាយ វណ្ណៈ ,​អតីត​អភិបាល​ខេត្តតាកែវ និង​បងប្រុស​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្តតាកែវ បាន​ឆ្លើយ​បដិសេធ​ថា ពួក​គាត់​មិន​បាន​សម្លាប់​ជន​រង​គ្រោះ រង​ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ ជន​ជាប់​លោក ឡាយ វណ្ណៈ , លោក ឡាយ ណា​រិ​ទ្ធ ត្រូវជា​បងប្រុស​បង្កើត​លោក ឡាយ វណ្ណៈ ត្រូវ​បាន​តុលាការ​ចោទប្រកាន់ ពី​បទ ឃាតកម្ម​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។

ដោយឡែក​ឈ្មោះ ម៉េ​ន សា​ម៉ៃ អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ ជឹ​ម វុ​ធ អាយុ​៤១​ឆ្នាំ ជាប់ចោទ​ពី​បទ​លាក់​បំបាំង​តម្រុយ​។ គួរ​រំលឹក​ថា លោក ហម ម៉េ​ង​សែ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ​បាន​សម្រេច​ធ្វើការ​ប្រកា​សាលក្រម​ផ្តន្ទាទោស​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ដាក់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ ពី​បទ​ឃាតកម្ម​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​ឃាតកម្ម​លើ​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា និង​សម្រេច​ផ្ដន្ទាទោស​លោក ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្តតាកែវ ជា​បង​បង្កើត​របស់​លោក ឡាយ វណ្ណៈ ដាក់​ពន្ធនាគារ​១០​ឆ្នាំ​ផង​ដែរ​។ ចំណែក​ជនជាប់ចោទ​ពីរ​នាក់​,​ឈ្មោះ ជឹ​ម វុ​ធ និង​ឈ្មោះ ម៉ែ​ន សា​ម៉ៃ ត្រូវ​ដាក់​ពន្ធនាគារ​កំណត់ ម្នាក់​ៗ២​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ លាក់កំបាំង​តម្រុយ តាម​មាត្រា​៥៣២​នៃ​ក្រមព្រហ្មទណ្ឌ ៕ ដោយ ៖ ស​.​សុខុម