ប្រពន្ធដើម និង​កូន​៥​នាក់​លើកគ្នា​ទៅ​វាយ​ប្រពន្ធចុង ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

201

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេ​ល​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ មាន​ករណី​អំពើ​ហិង្សា​មួយ ប្រពន្ធដើម និង​កូន​៥​នាក់​បាន​លើកគ្នា​ទៅ​វាយ​ស្ត្រី​ជា​ប្រពន្ធចុង ទើបត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ទាំង​៣​នាក់​ម៉ែកូន ដែល​ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​ភូមិ​ជី​ត្រេះ ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង​។ ជន​រង​គ្រោះជា​ប្រពន្ធចុង​ឈ្មោះ ឆេ​ង ណែ​ត អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ បាន​រង​របួស​ស្នាម​ដោយ​អំពើ​ហិង្សា​ពី​សំណាក់​ស្ត្រី​ជា​ប្រពន្ធដើម និង​កូន​២​នាក់​ទៅ​វាយ​ដល់​ផ្ទះ រួម​ទាំង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ផង​។

Loading...

សេចក្តីរាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ ស្ត្រី​ជា​ប្រពន្ធដើម​ឈ្មោះ អ៊ូ សេ និង​កូន​៥​នាក់ មាន​ទីលំនៅ​ភូមិ​ថ្ម​ស ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង បាន​នាំ​គ្នា​ទៅ​វាយ​ជន​រង​គ្រោះ​ដល់​ផ្ទះ បណ្ដាល​ឲ្យ​ហើម និង​ជាំ​លើ​ផ្ទៃមុខ ព្រមទាំង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ និង​បាន​វាយ​បំបែក​ទូ យក​ខ្សែដៃ​មាស​មួយ​ខ្សែ មាន​ទម្ងន់​១​ដំឡឹង​.​ខ្សែ​ក​មាស ចំនួន​២​ខ្សែ ទម្ងន់​២​ដំឡឹង​៦​ជី​.​ចិ​ញ្ជៀ​ន​មាន​១​វង់ ទម្ងន់​៣​ជី និង​សរុប​ទាំងអស់​មាន​ទម្ងន់​៣​ដំឡឹង​៩​ជី និង​ប្រាក់​ចំនួន​៩៥០.០០០ រៀល​។

ក្រោយ​កើតហេតុ​រំលង​បាន​មួយ​ថ្ងៃ កម្លាំង​សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន ជន​ដៃដល់​ចំនួន ៣​នាក់ ១.​ឈ្មោះ អ៊ូ សេ ភេទ​ស្រី អាយុ​៤៦​ឆ្នាំ (​ជា​ម្ដាយ និង​ជា​ប្រពន្ធដើម​) ២.​ឈ្មោះ ភ​ន ហៀ​ង ភេទ​ស្រី អាយុ​២៦​ឆ្នាំ (​កូនស្រី​) និង​៣.​ឈ្មោះ ភ​ន ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​កូនប្រុស​)​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ម្តាយ និង​កូន ដោយ​មានការ​សម្របសម្រួល​ពី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកោះកុង និង​បន្ទាប់​មក​ជនសង្ស័យ​ទាំង​៣​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច នគរបាល​ស្រុក​បុ​ទុម​សាគរ នាំ​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ តាម​នីតិវិធី ។

សេចក្តីរាយការណ៍​បឋម​នេះ មិន​ទាន់​ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹង ពី​អត្តសញ្ញាណ​បុរស​ជា​ប្តី​នោះ នៅឡើយ​ទេ អាច​ចាត់​ទុក​ថា បុរស​ជា​ប្តី​ទំនង​មិន​ជាប់​ពាក់ និង​ករណី​អំពើ​ហិង្សា​នេះ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់