សូ ដា​នី​តា មានទុក្ខ​ធំ​ព្រោះ​ម្ដាយ​បាន​ទទួលមរណៈភាព

រាជធានី​ភ្នំពេញ ៖ ដំណឹង​អកុសល​ម្នាក់​ទៀត​ហើយ​លើ​អ្នកសិល្បៈ​ល្បីឈ្មោះ​ម្នាក់​គឺ សូ ដា​នី​តា កំពុង​ជួប​វិបត្តិ​ធ្ងន់ បាត់បង់​ម្តាយ​នា​ល្ងាច​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២០​ឆ្នាំ​។ សូ ដា​នី​តា ហត់នឿយ​បែប​ណា ប្រឹងប្រែង​ដើរ​បំពេញការងារ​យក​ប្រាក់​មើល​គ្រួសារ និង​ព្យាបាល​ម្តាយ ព្រោះ​នាង​ស្រឡាញ់​ម្តាយ​ណាស់​។ នៅ​ទីបំផុត​សល់​តែ​ពាក្យ​លាគ្នា និង​អនុស្សាវរីយ៍​តែ​ប៉ុណ្ណោះ​។

Loading...

យោង​តាម​ការ​បង្ហោះ លើ​បណ្តាញ​សង្គម លោក យ៉ែ​ម សំ​អូន បាន​ឲ្យ​ដឹង​ថា «​សូម​គោរព​ជូនដំណឹង បងប្អូន និង​មិត្ត​សិល្បៈករ​ទាំងអស់​គ្នា នៅ​ពេល​នេះ​ម្ដាយ​របស់​ប្អូនស្រី សូ ដា​នី​តា គាត់​បាន​ទទួល​បាន អនិច្ចកម្ម​ហើយ សូម​ចូលរួម​រំលែក​ទុក្ខ​ផង ប្អូនស្រី​។ ថ្ងៃ​ទី​៣១ មីនា ២០២០ កម្មវិធី​បុណ្យ​គឺ ប្រារព្ធ​ឡើង​នៅផ្ទះ​ប្អូនស្រី សូ ដា​នី​តា ផ្ទាល់ នៅ​ក្នុង​បុរី ប៉េង​ហួត ផ្លូវ​ជា​សុ​ផា​រ៉ា ជាប់​បុរី​វិមាន​ភ្នំពេញ So Danita Chanlakhena Chorn»​។

យ៉ាងណា​នា​ព្រឹក​មិ​ញ​នេះ បណ្តាញ​សង្គម​របស់ សូ​ដា នី​តា​សរសេរ​ថា​« ក្រោក​ឡើង​អ្នក​ម្តាយ មក​ច្រៀង​លេង​ទៀត ម៉ាក់​ថា​មើល​មិនឃើញ​ទេ ប្តូរ​ដាក់​ទូរស័ព្ទ​ច្រៀង​វិញ មិន​ដាក់​ឲ្យ​ខឹង​ៗ​ហើយ​ក៏​នៅ​តែ​ច្រៀង​ទៀត ក្រោក​មក​ម៉ាក់​អើយ កូន​ចាំ​ម៉ាក់ មក​ច្រៀង មក​ជេរ​ក៏​បាន កូន​មិន​សុំ​ច្រើន​ទេ សុំ​ត្រឹម​ម៉ាក់​បើកភ្នែក ហើយ​និយាយ ទោះ​ម៉ាក់​គេង​លើ​កន្ទេល កូន​ត្រូវ​ជូត​សម្អាតខ្លួន​ម៉ាក់​រហូត​ក៏​កូន​មិន​ត្អូញត្អែ ក្រោក​ឡើង​ម៉ាក់ កូន​រក​ការ​ព្យ​បាល​អស់ហើយ ទោះ​ថ្ងៃ​ប៉ុន្មាន​ពាន់​ដុល្លារ​ក៏​មិន​អី​ដែរ កូន​ស៊ូ​ដើម្បី​ម្តាយ​កម្សត់​ម្នាក់ និង​គ្រួសារ​១​នេះ​មិន​ហត់​ទេ​ម៉ាក់ កុំទៅ​ចោល​កូន កូន​អត់​មាន​អ្នក​ណា​ឱប​កូន កក់ក្តៅ​ជាង​ម៉ាក់​ឱប​កូន​នោះ​ទេ​។

ក្រោក​មក​ម៉ាក់ កុំ​ខ្លាច​កូន​ហត់​កូន​អស់​លុយ​ច្រើន​ដោយសារ​ម៉ាក់​អី ជីវិត​១​នេះ​ម៉ាក់​ឲ្យ​កូន កូន​មិន​ខ្លាច​រហែក​សាច់ ដាច់​ឈាម​ដោយសារ​តែ​មើលថែ​ម៉ាក់​នោះ​ទេ កាត់​អាយុ​កូន​៥​ឆ្នាំ​១០​ឆ្នាំ​ក៏​បាន ឬ​រហូត​ចាំ​ទៅ​ជុំ​ជាមួយ​កូន​ក៏​បាន កូន​មិន​ទទួល​បាន​ទេ នូវ​ការ​បាត់បង់​ម៉ាក់​បែប​នេះ ក្រោក​ឡើង​ណា​ម៉ាក់​៕ ដោយ ៖ ខាត់ សា​មឿ​ន