ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម លើជនជាតិវៀតណាម២នាក់ប្តីប្រពន្ធ។ ជនសង្ស័យរូបនោះឈ្មោះ លី លាំងហាវ (LI LIANGHAO) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ស្នាក់នៅបន្ទប់ជួលលេខ១ (ម្ចាស់ផ្ទះឈ្មោះ មុយ អេង) ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ ចំណែកជនរងគ្រោះម្នាក់ឈ្មោះ ង្វៀង យ៉ាំងយុង ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់គុយទាវ និងម្នាក់ឈ្មោះ ដង ធីយឹង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ និងលក់គុយទាវ (២នាក់ប្តីប្រពន្ធរបួសធ្ងន់) មានទីលំនៅភូមិ ឃុំខាងលើ។

សេចក្តីរាយការណ៍បន្តថា កាលពីវេលាម៉ោងប្រមាណ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា កាលពីពេលវេលាម៉ោងខាងលើ មុនពេលកើតហេតុ បន្ទាប់ពីលក់ដូររួច ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ បានចូលដេកលើគ្រែ ក្នុងរោងកន្លែងលក់ដូរដូចសព្វដងតែពុំបានបិទទ្វារត្រឹមត្រូវទេ។ ពេលជនរងគ្រោះ២ នាក់កំពុងដេកលក់ ស្រាប់តែជនសង្ស័យម្នាក់ ពាក់អាវយឺតដៃវែង ពណ៌ឈាមជ្រូក និងពាក់អាវយឺតដៃខ្លីពណ៌ស ពីខាងក្នុង ស្លៀកខោជើងវែងពណ៌ខ្មៅ (រូបភាពបញ្ជាក់ពីកាមេរ៉ាសុវត្ថិភាព) បានចូលទៅធ្វើសកម្មភាព កាប់លើជន រងគ្រោះទាំងប្ដី និងប្រពន្ធជាច្រើនកាំបិត បណ្ដាលឲ្យឈាមហូរពេញខ្លួន និងរងរបួសជាទម្ងន់។ ខណៈពេលនោះជនរងគ្រោះ បានវាយប្រតាយប្រតប់ជាមួយជនសង្ស័យ ចំណែកស្ត្រីជាប្រពន្ធបានស្រែកហៅ អ្នកលក់ផ្លែឈើនៅក្បែរនោះ ឲ្យជួយអន្តរាគមន៍ដែរ តែជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ភ្លាមទៅ។

បន្ទាប់មកដោយជនរងគ្រោះត្រូវរបួសធ្ងន់ធ្ងពេក ទើបអ្នកជិតខាងនាំយកទៅសង្គ្រោះព្យាបាលនៅប្រទេសវៀតណាម និងបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗផងដែរ។ ក្រោយពេល ទទួលបានព័ត៌មាននោះ កម្លាំងនគរបាលប៉ុស្តិ៍ និងជំនាញស្រុកកោះធំ បានចុះធ្វើការធ្វើការស្រាវជាបន្ទាន់ ដោយបានត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ដែលមាននៅក្បែរនោះឃើញថា នៅចន្លោះពេលម៉ោងកើតហេតុ គឺមានមនុស្សប្រុសម្នាក់ស្លៀកពាក់ដូចភិនភាគរៀបរាប់ខាងលើ បានដើរចេញពីមុខផ្ទះជួលយីហោ ៧៧៧ ឆ្លងផ្លូវ ឆ្ពោះទៅផ្ទះជនរងគ្រោះ។

លុះដល់រសៀលថ្ងៃទី៣០ ខែមីនា ដដែលនោះ សមត្ថកិច្ចបានប្រទះឃើញបុរស ជាជនសង្ស័យម្នាក់ឈ្មោះ លី លាំងហាវ មានរូបរាងដូចក្នុងកាមេរ៉ាសុវត្ថិភាព ដើរទៅបន្ទប់ជួលលេខ១ រួចក៏បានបើកទ្វារចូលសម្ងំដេកតែម្នាក់ឯង ពេលនោះសមត្ថកិច្ចជំនាញបានចូលទៅត្រួតពិនិត្យ និងឆែកឆេរនៅក្នុង បន្ទប់ក៏បានប្រទះឃើញវត្ថុតាងដូចជា ៖ កាំបិត០១ ដែលមានដង ផ្លែធ្វើពីដែក,អាវយឺតដៃវែងពណ៌ឈាមជ្រូក មានឡេវរូតពីមុខ១, ស្បែកជើងចំពាមជ័រ ពណ៌ខ្មៅ ម៉ាកPedro០១គូ, អាវយឺតដៃខ្លីពណ៌ស មានរូបមនុស្សម្នាក់១។

ខោយឺតជើងវែងពណ៌ខ្មៅ មានអក្សរអង់គ្លេស LI LI NING ១, ខោលីអូពណ៌ស្វាយ១, ធុងជ័រពណ៌ក្រហម ដែលមានទឹកត្រាំខោអាវ ប្រឡាក់ឈាម១, លិខិតឆ្លងដែន១, អត្តសញ្ញាណប័ណ្ណជនជាតិចិន១សន្លឹក, កាតធនាគារ១សន្លឹក, កាបូបដៃពណ៌ខ្មៅ ម៉ាកJINBAOLAI ១, កាបូបស្ពាយពណ៌ខ្មៅ១, វ៉ាលីដាក់ខោអាវពណ៌ខ្មៅ១។ ដូច្នោះសមត្ថកិច្ចក៏បានសម្រេចធ្វើការឃាត់ខ្លួនជនសង្ស័យ ក្រោមការសម្រ បសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា រូបគេឈ្មោះ លី លាំងហាវ ពិតជាបានយកកាំបិតធ្វើសកម្មភាពប៉ុនប៉ងចាក់សម្លាប់ ទៅលើជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ជាជន ជាតិវៀតណាមនោះប្រាកដមែន ដោយសារតែខ្លួនមានគំនុំជាមួយជនរងគ្រោះបានជេរប្រមាថមកលើរូបគេរាល់ថ្ងៃ ខឹងរឿងរូបគេទៅជុះនោមដាក់ជញ្ជាំងផ្ទះ។
យោងតាមការស្រាវជ្រាវជាក់ស្តែង និងស្តាប់តាមចម្លើយសារ ភាពគ្រប់ជ្រុងជ្រោយរបស់ជនសង្ស័យ ធាតុផ្សំទើបបានធ្វើឲ្យសមត្ថកិច្ចសន្និដ្ឋានជាបទល្មើស.ប៉ុនប៉ងឃាតកម្ម ដោយគំនុំ និងបានកសាងសំណុំរឿងជនសង្ស័យទៅកាន់សាលាដំបូងខេត្តតាមផ្លូវច្បាប់៕ ដោយ ៖ ឃឹម ប៊ុនណាក់