កម្លាំង​សាខា​កាំកុងត្រូល និង​កម្លាំង​មន្ទីរពិសោធន៍​ចល័ត​ចុះ​ពិនិត្យ​ទីតាំង​ស្តុក​មេតា​ណុ​ល​២​ទីតាំង

រាជធានី​ភ្នំពេញ ៖ កម្លាំង​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៃ​ក្រសួងពាណិជ្ជកម្ម សហ​ការណ៍​ជាមួយ​មន្ទីរពិសោធន៍​ចល័ត ព្រមទាំង​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ក្រោយ​ពី​ទទួល​បានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​។

Loading...

បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង ស្តុក​មេតា​ណុ​ល​ចំនួន​២​ទីតាំង ដែល​ជា​របស់​ជនជាតិ​ចិន​នាំ​ចូល​រាប់​សិប​ធុង ស្មើនឹង​ចំនួន​រាប់​ម៉ឺន​លី​ត្រ មក​ស្តុក​ទុក​សម្រាប់​ផលិត​អាល់កុល​ដោយ​ខុសច្បាប់​ក្នុង​ពេល​ពិភពលោក​កំពុង​មាន​វិបត្តិ​វីរុស​កូ​វី​ដ​-១៩ វាយ​លុយ​។ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ​រក​ឃើញ និង​ចុះ​បង្ក្រាប​ព្រមទាំង​រឹបអូស​យក ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ​បំផុត​ដែល​ជនល្មើស​ជា​អ្នក​នាំ​ចូល​ហាក់​ដឹងខ្លួន​មុន​នឹង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ប្រតិបត្តិ​ការណ៍​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២០ នៅ​ចំណុច​ទីតាំង​ទាំង​២​ខាងលើ​មាន​ព្រំប្រទល់​ជាប់​គ្នា និង​មាន​ម្ចាស់​ជា​ជនជាតិ​ចិន តែ​មួយ​ថែម​ទៀត​ផង គឺ​ទីតាំង​ទី​១ ស្ថិត​នៅផ្ទះ​លេខ​០២ ផ្លូវ​លេខ​០១A នៅ​ក្នុង​បុរី​ពិភព​ថ្មី​៣ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ចំណែក​ទីតាំង​ទី​២ ស្ថិត​នៅផ្ទះ​លេខ​១៨៨ ផ្លូវ​លេខ​១៣A ក្នុង​បុរី​ពិភព​ថ្មី​៣ ភូមិ​ត្រពាំង​សុ​ក្រុម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ក្រោម​ការ​ដឹកនាំ​ដោយ លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​អញ្ជើញ​ចូលរួម លោក ឃឹម ស៊ុន​សូ​ដា អភិបាល​ខណ្ឌ នៃ​គណៈ​អភិបាល​ខណ្ឌ​កំ​បូល​, លោក ផា​ន់ លី​វ៉ា ក្រឡាបញ្ជី​, លោក ង៉ែត ចេក អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៃ​ក្រសួងពាណិជ្ជកម្ម​។

លោក​វរសេនីយ៍ឯក លី សុ​ជាតិ ស្នងការ​រង​ទទួល​ផែនការ​ងារ នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្តាល និង​ចូលរួម​ដោយ លោក ស ម៉េ​ង អភិបាលរង​ស្រុក​អង្គស្នួល លោក​វរសេនីយ៍ឯក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល លោក​វរសេនីយ៍ត្រី ស៊ូ វ៉ា​ន​ធឿ​ន បញ្ជាការ​អាវុធហត្ថ​ស្រុក​អង្គស្នួល លោក ស្រុង លី​ម ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក ប្រតិបត្តិ ពេទ្យ ស្រុក​អង្គស្នួល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខាងលើ​បាន​ពិនិត្យ​នៅ​ក្នុង​ទីតាំង​ទី​១ រក​ឃើញ​មានការ​ស្តុក​ទុក​នៅ​សារធាតុ​មេតា​ណុ​ល​មិន​ទាន់​កែ​ច្នៃ​ចំនួន​១០២​ធុង ដែល​ក្នុង​១​ធុង​ៗ ចំណុះ​២០០​លី​ត្រ និង​មេតា​ណុ​ល​កែ​ច្នៃ​រួចរាល់​ចំនួន​៨១​ធុង ដែល​ក្នុង​១​ធុង​ៗ​មាន​ចំណុះ​២០០​លី​ត្រ​ដូច​គ្នា ព្រមទាំង​អាល់កុល​ចំនួន​ប្រហែល​១០០​កាន ដែល​ក្នុង​១​កាន​ៗ​ចំណុះ​៦០​លី​ត្រ​។ ដោយឡែក​ទីតាំង​ទី​២​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រក​ឃើញ មេតា​ណុ​ល​ចំនួន​៦៩​ធុង ដែល​ក្នុង​១​ធុង​ៗ​ចំណុះ​២០០​លី​ត្រ និង​ប៊ីដុង​ចំណុះ​៣០​លី​ត្រ​ចំនួន​២០០​ប៊ីដុង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយមក​ក្រុមការងារ​ខាងលើ​បាន​ធ្វើការ​ពិសោធន៍​ទៅ​លើ​សារធាតុ ទាំងនោះ ហើយ​ជា​លទ្ធផល​រក​ឃើញ​ថា ការ​យកសារ​ធាតុទឹក​មេតា​ណុ​ល​នេះ​ទៅ​ផលិត​ជា​អាល់កុល បណ្ដាល​ឲ្យ​មានការ​ប៉ះពាល់​ទៅ​ដល់​សុខភាព​អ្នក​ប្រើប្រាស់​យ៉ាងធ្ងន់ធ្ងរ​។ ដោយសារ​ធាតុ​មេតា​ណុ​ល នេះ​អាច​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សិប្បកម្ម​ជា​ប្រយោជន៍​មួយ​ចំនួន​ផ្សេង​ទៀត​ប៉ុណ្ណោះ​។

បន្ទាប់​មក​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​រឹបអូស​យក​សម្ភារ និង​សារធាតុ​មេតា​ណុ​ល​ខាងលើ​ទាំងអស់ ប្រគល់​ជូន​នាយកដ្ឋាន​ការពារ អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) នៃ​ក្រសួងពាណិជ្ជកម្ម ដើម្បី​រក្សា​ទុក និង​គ្រប់គ្រង​បន្ត ព្រមទាំង​បាន​សម្រេច​បិទ​ទីតាំង​ទាំង​២​នេះ​លែង​ឲ្យ​ដំណើរការ​តែ​ម្ដង ហើយ​កំពុង​ស្រាវជ្រាវ​ដើម្បី​តាម​ចាប់ខ្លួន​អ្នក​នាំ​ចូល​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ហើយ​៕ ដោយ ៖ យន់ ស៊ី​ថា