សង្ស័យ​សណ្ឋាគារ​មណ្ឌលគិរី ឲ្យ​ជនជាតិ​ចិន​បើក​លេងល្បែង​អន​ឡាញ

319

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​លោក មាស វ​ឌ្ឍ​នា ព្រះរាជអាជ្ញារ​រង​ខេត្ត នា​រសៀល​ថ្ងៃ​ទី​០៧ មេ​សា ២០២០ បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​សណ្ឋាគារ​មណ្ឌលគិរី ហៅ​សណ្ឋាគារ ស​.​ឡា ស្ថិត​នៅ​ភូមិ​ចំ​ប៉ក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ក្រោយ​ទទួល​ព័ត៌មាន​ថា សណ្ឋាគារ​មួយ​នេះ​កំពុង​លួច​បើក​ល្បែង​អន​ឡាញ ដែល​ត្រូវ​រាជរដ្ឋាភិបាល​ហាមឃាត់​នា​ពេល​កន្លង​មក​។

Loading...

លោក មាស វ​ឌ្ឍ​នា បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​ថា សណ្ឋាគារ ស​.​ឡា កំពុង​ជួល​ឲ្យ​ជនជាតិ​ចិន បើក​លេងល្បែង​តាម​អ៊ី​ន​ធ័​រ​ណែ​ត លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ពិនិត្យ​តាម​បន្ទប់​ស្នាក់​នៅ ក្នុង​សណ្ឋាគារ​ចំនួន​៧០​បន្ទប់ តែ​មិន​បាន​រក​ឃើញ​មាន តម្រុយ​ណាមួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទាំងនោះ អាច​បើក​អាជីវកម្ម​ល្បែង​អន​ឡាញ​នោះ​ទេ​។ តែ​ពិតជា​មាន​ជនជាតិ​ចិន​កំពុង​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ នេះ​ពិតមែន​។ លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​ដែល កំពុង​ស្នាក់​នៅ​សណ្ឋាគារ​នេះ​មាន​ចំនួន​៦១​នាក់​។

ហើយ​ពួក​គេ​បាន​ជួល​សណ្ឋាគារ​នេះ​ជិត​មួយ​ឆ្នាំ មក​ហើយ ដោយ​មាន​អ្នកខ្លះ​ស្នាក់​នៅ​យូរ ចំណែក​ខ្លះ​ទៀត​ស្នាក់​នៅ​រយៈពេល​ខ្លី​។ ជុំវិញ​ករណី​ខាងលើ​នេះ​លោក នុ​ត បឿន អភិបាលរង​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ចុះ​ធ្វើការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ ជនជាតិ​ចិន​ទាំងនោះ​ត្រូវ​បាន​គេ​ដឹង​ថា ភាគច្រើន​ជា​អ្នកជំនួញ​ចូល​មក​រកស៊ី​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ខ្លះ​ទៀត​គ្រាន់តែ​ជា​ភ្ញៀវ​ទេសចរណ៍ ប៉ុណ្ណោះ​។

លោក​អភិបាលរង​ក្រុង​បន្ត​ថា ដោយ​បញ្ហា​កូ​វី​ដ​-១៩ កំពុង​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ អ្នក​វិនិយោគ​ចិន​ទាំងនោះ មិន​ទាន់​អាច​ចេញ​រកស៊ី​បាន​នៅឡើយ​។ ដូច្នេះ​ពួក​គេ​ស្នាក់​នៅ​ជា​ក្រុម ប៉ុណ្ណោះ​អាសន្ន​នៅ​សណ្ឋាគារ​មណ្ឌលគិរី​នេះ​។ លោក នុ​ត បឿន បាន​បញ្ជាក់​ថា បើសិន​នៅ​សណ្ឋាគារ​នេះ មាន​បើក​ល្បែង​អន​ឡាញ​មែន​នោះ លោក​នឹង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​ដើម្បី​បង្ក្រាប​ភ្លាម​ៗ​ទៅ​តាម​ច្បាប់​៕ ដោយ ៖ សាយ ករុណា