កូ​វី​ដ​-១៩ នឹង​រត់​ផាសក្រញាំ បើសិនជា​យើង​ធ្វើ​បាន​ដូច្នេះ !

205

អត្ថបទ​ស្រាវជ្រាវ ៖ កូ​វី​ដ​-១៩ សម្លាប់​មនុស្ស​ជាង​៧៥ ០០០​នាក់ និង​ចម្លងជំងឺ​មនុស្ស​ជាង​មួយ​លាន​បី​សែន​នាក់​ហើយ​។ វា​សាហាវ​…! ប៉ុន្តែ​បើ​យើង​ដឹង​ចំណុចខ្សោយ​វា​នោះ វា​នឹង​មិន​អាច​ធ្វើបាប​មនុស្ស និង​សម្លាប់​មនុស្ស​បាន​ឡើយ​។ ចំណុចខ្សោយ​របស់​វា​គឺ វា​រស់នៅ​ខាងក្រៅ ខ្លួន​មនុស្ស​បាន​តែ​រយៈពេល​ប​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ជា​ទូទៅ​។ ប៉ុន្តែ​បើ​វា​សម្ងំ​ក្នុង​ខ្លួន​មនុស្ស វា​នឹង​រស់នៅ​បាន​យូរ ហើយ​រង់​ចាំតែ​ដល់​ពេល​ចម្លង​ដល់​មនុស្ស​ផ្សេង​ទៀត​។

Loading...

ដូច្នេះ រឿង​សំខាន់​ទី​មួយ​គឺ​យើង​ត្រូវ​ទប់​កុំ​ឲ្យ​វា​ចូល​ក្នុង ខ្លួន​មនុស្ស​កាន់តែ​ច្រើន​។ ដូច្នេះ បើកាលណា​នរណា​ម្នាក់​ឈឺ ឬ​ក៏​ធ្លាប់​នៅ​ជិត​អ្នក​ឈឺ បុគ្គល​នោះ​មិន​ត្រូវ នៅ​ជិត​មនុស្ស​ផ្សេង​ឡើយ ពោល​គឺ​ត្រូវ​នៅ​ដាច់​ដោយឡែក​ពី​គេ​យ៉ាងតិច​១៤​ថ្ងៃ​។ ដូច្នេះ​បុគ្គល​នោះ​នឹង​មិន ក្លាយជា​ភ្នាក់ងារ​ចម្លង របស់​មេរោគ កូ​វី​ដ​-១៩​ទេ​។ សម្រាប់​មនុស្ស​ជា​វិញ គឺ​ត្រូវ​តែ​ប្រយ័ត្ន និង​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​មាន​ជំងឺ ឬ​សង្ស័យ​ថា​មាន​ផ្ទុកមេរោគ​នេះ​។ ប៉ុន្តែ​យើង​មិនដឹង​ថា​នរណា​ម្នាក់​ផ្ទុកមេរោគ​ទេ ដោយសារ​តែ​មេរោគ​នេះ ពេល​ខ្លះ​វា​អាច​សម្ងំ​ខ្លួន នៅ​ក្នុង​ខ្លួន​មនុស្ស​ដោយ​គ្មាន​ចេញ​ជា​រោគ​សញ្ញា​។

មធ្យោបាយ​ដ៏​ល្អ ក្នុង​ស្ថានភាព​នេះ មនុស្ស​គ្រប់​គ្នា​ត្រូវ​តែ មិន​ធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង ឬ​ក៏​ប្រទេស​ដែល​មាន ការ​រាតត្បាត​មេរោគ​កូ​វី​ដ​-១៩​។ ទន្ទឹម​ជាមួយ​គ្នា​នោះ ក៏​មិន​ត្រូវ​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ដែរ ហើយ​យ៉ាង​ហោច​ណាស់​ស្ថិត​នៅ​ចម្ងាយ​យ៉ាងតិច​ពី​មនុស្ស​ដទៃ​ចម្ងាយ​២​ម៉ែត្រ ដើម្បី​កុំ​ឲ្យ​ឆ្លង​មេរោគ ពី​មនុស្ស​ដទៃ​ដែល​ក្អក​ចេញ​មេរោគ​។ មេរោគ​កូ​វី​ដ​-១៩ អាច​ចម្លង​មក​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ ការ​ក្អក​ក្នុង​ចម្ងាយ​តែ​មួយ​ម៉ែត្រ​ប៉ុណ្ណោះ​។ ទន្ទឹម​ជាមួយ​គ្នា​នោះ ដើម្បី​កុំ​ឲ្យ​ចម្លង​មេរោគ​មក​ខ្លួន​យើង​នោះ មនុស្ស​ម្នាក់​ៗ​ត្រូវ​តែ​លាង​សម្អាត ដៃ​ឲ្យ​បាន​ញឹកញាប់​ដោយ​ប្រើ​ទឹកជា​មួយ​សាប៊ូ ឬ​ប្រើ​អាល់កុល ឬ​ក៏​ប្រើ​ជែ​ល សម្លាប់​មេរោគ ពិសេស​មុន​ពេល​ដែល​យកដៃ​មក​ប៉ះ​មុខ មាត់ ច្រមុះ និង ភ្នែក​។

នេះ​គឺ​ដើម្បី​សម្លាប់​មេរោគ ដែល​យើង​អាច​នឹង​យកដៃ​ប៉ះ នៅ​ពេល​ចុច​ជណ្តើរយន្ត កាន់​ដៃ​ទ្វារ ឬ​ក៏​ប៉ះពាល់​លើ​ផ្ទៃ​អ្វីមួយ ដែល​មាន​មេរោគ ស្ថិត​នៅ​។ ដើម្បី​កុំ​ឲ្យ​មេរោគ​អាច​រស់នៅ​បាន​យូរ​ក្រៅ​ខ្លួន​មនុស្ស យើង​ក៏​ត្រូវ​រស់នៅ​ប្រកបដោយ អនាម័យ សម្អាតផ្ទះ​សម្បែង និង​កន្លែងធ្វើការ ព្រមទាំង​របស់​ប្រើប្រាស់​ជាដើម​។ ទន្ទឹម​នោះ​ការ​ពាក់​ម៉ាស​ក៏​ជា​មធ្យោបាយ​មួយ ទៀត​ដែល​អាច​កាត់​បន្ថយ​ការ​ចម្លង និង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ផង​ដែរ​។ ដូច្នេះ​ពេល​អ្នក​ធ្វើ​ដំណើរ អ្នក​គួរតែ​ពាក់​ម៉ាស​មុខ​។

និយាយ​ឲ្យ​ងាយ គឺ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដទៃ​ចម្ងាយ​យ៉ាងតិច​ពីរ​ម៉ែត្រ មិន​ធ្វើ​ដំណើរ​បើ​មិន​ចាំបាច់ ការ​លាងដៃ និង​ការ​ពាក់​ម៉ា​សគឺ​អាច​នឹង​យកឈ្នះ​កូ​វី​ដ​-១៩​បាន​ហើយ​។ ពេល​មនុស្ស​គ្រប់​គ្នា​ទូ​ទាំង​ពិភពលោក​អាច​ធ្វើ​ដូច្នេះ​បាន​នោះ កូ​វី​ដ​-១៩ គ្មាន​កន្លែង​រស់នៅ​ឡើយ ក្នុង​ភព​ផែនដី​នេះ​។ ប៉ុន្តែ​ជា​អកុសល​មក​ដល់​ពេល​នេះ យើង​គ្រប់​គ្នា​មិន​ទាន់​អាច​ធ្វើ​បាន​។ វា​ដល់​ពេល​ហើយ​ដែល​ទាំងអស់​គ្នា​អនុវត្ត​វិធានការ​ងាយ​ៗ​នេះ​ដើម្បី​ឲ្យ​កូ​វី​ដ​-១៩​រត់​ផាសក្រញាំ​៕ ដោយ ៖ ប្រេ​វី​ន