រាជធានីភ្នំពេញ ៖ រដ្ឋសភាទើបបានអនុម័តទៅលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន។ លទ្ធភាពនៃការដាក់ប្រទេសក្នុងស្ថានភាពអាសន្ននៅពេលនេះគឺអាច នឹងកើតមានអាស្រ័យទៅលើស្ថានភាពនៃការរាលដាលមេរោគកូវីដ-១៩នៅកម្ពុជា។ តាមសេចក្តីព្រាងស្តីពីការដាក់ប្រទេសក្នុងស្ថានភាពអាសន្នបានឲ្យដឹងថា៖ ប្រទេសជាតិអាចដាក់ ក្នុងស្ថានភាពអាសន្ន បើសិនជាប្រទេសជាតិប្រឈមមុខនឹងគ្រោះថ្នាក់ដូចជាការរាតត្បាត នៃជំងឺជាដើម។
មាត្រា៤ នៃសេចក្តីព្រាងច្បាប់បានចែងថាការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្ក ឡើងដោយសារសង្គ្រាម ឬការឈ្លានពាន ពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាព សាធារណៈ បណ្តាលមកពីការឆ្លងរាលដាលជំងឺ ភាពវឹកវរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងមហន្តរាយធ្ងន់ធ្ងរដែលគំរាមកំហែង ឬអាចគ្រោះថ្នាក់រីករាលដាលដែលកម្រិតទូទាំងប្រទេស៕ ដោយ ៖ អ៊ាង ប៊ុនរិទ្ធ





