រាជធានិភ្នំពេញ ៖ មិនមែនត្រឹមតែស្រទាប់មហាជន និង សិល្បករបែបសម័យប៉ុណ្ណោះទេ ដែលបានផលិតបទចម្រៀង ឬផលិតជាសារអប់រំ ដើម្បីបំផុសពីការចួលរួមបំផុសពីជំងឺកូវីត-១៩នោះទេ សូម្បីតែតារាឯកល្ខោនបាសាក់លោក អុល សំអាង ក៏បានបញ្ចេញបទចម្រៀង រៀបរាប់ពីផលប៉ះពាល់ និងការការពារជំងឺកូវីត-១៩ ដើម្បីជាការចូលរួមផងដែរ។ បទចម្រៀងរបស់លោក ក៏ត្រូវបានគេបន្លឺនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា (TVK) ផងដែរ។

បទចម្រៀងដែលបានបន្លឺនោះ ម្នាក់ៗមានការសរសើរ និងចាប់អារម្មណ៍មិនតិចទេ ខណៈដែលលោកមិនត្រឹមតែចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីត-១៩ តាមរយៈការបង្ហាញខ្លួនក្នុងសកម្មភាពសង្គមចាប់តាំងពីជំងឺនេះផ្ទុះឡើងទេ គឺបានចូលរួមផលិតជាបទចម្រៀងបកស្រាយដោយផ្ទាល់ទៅទៀត។ លោក អុល សំអាង និយាយថា ក្នុងនាមជាទីប្រឹក្សាក្រសួងព័ត៌មាន លោកពិតជាមានអារម្មណ៍សប្បាយចិត្ត យ៉ាងខ្លាំង ដែលបានរួមចំណែកក្នុងការលើកស្ទួយ និងអភិរក្សល្ខោនបាសាក់ ហើយបានទាំងចូលរួមផលិតបទចម្រៀង២បទ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩។

លោកក៏ទទូចឲ្យមហាជនគ្រប់ជាន់ថ្នាក់កុំមើលស្រាលជំងឺកូវីត-១៩ ដោយរួមចំណែក រក្សាអនាម័យ និងកាត់បន្ថយពិធីជួបជុំគ្រប់កាលៈទេសៈ ដើម្បីបញ្ចប់ការរីករាលដាលដោយ ជំងឺកូវីត-១៩។ លោកក៏ប្រកាសបន្តធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកាចសាហាវមួយនេះ ដោយនឹងផលិតឃ្លីបអប់រំ ឬបទចម្រៀងក្នុងពេលបន្តបន្ទាប់ផងដែរ៕ ដោយ ៖ ខាត់ សាមឿន
