លោក គួ​ច ចំរើន ព្រមាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត

ខេត្ត​ព្រះ​សីហ​នុ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២០​នេះ​ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ដឹកនាំ​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត ជូន​ប្រជាពលរដ្ឋ​នៅ​ប្រជុំជន​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ ក្រោយ​ពី​ការ​ជួប​ពិភាក្សា ឯកឧត្តម​អភិបាលខេត្ត បាន​បន្ត​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ទឹក នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ប្រើប្រាស់​ទឹក​ស្អាត និង​ចុះ​ពិនិត្យ​អាង​ស្តុក​ទឹក ផង​ដែរ​ដែល​មា​នទី​តាំងនៅ​ចំណុច​ក្បែ​វត្ត​ថ្មដា ស្ថិត​ក្នុងភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ខណៈ​គ្រឿងចក្រ​កំពុង​បន្ត​កាយ​ស្តារ​ស្រះ​ដែល​ជា​អាង​ស្តុ​ប​ទឹក​រាល់ថ្ងៃ​។

Loading...

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត ឈ្មោះ ទូច សុខ​ធី ឲ្យ​ពង្រីក​អាង​ទឹក​ឱ្យ​បាន​ធំ​ហើយ​ជ្រៅ​ជាង​មុន ដើម្បី​រក្សា​ទឹកបាន​ច្រើន ធានា​ជូន​ពលរដ្ឋ​ការ​ប្រើប្រាស់​គ្រប់គ្រាន់​។ ព្រមទាំង​បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ត្រូវ​សហការ ជាមួយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ មន្ទីរ​សិប្បកម្ម និង​ឧស្សាហកម្ម និង​មន្ទីរ​ធនធាន និង​ឧតុនិយម រួម​ទាំ​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ដើម្បី​ធ្វើ​កិច្ចការ​នេះ​ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព​។ ទន្ទឹម​នេះ​ឯកឧត្តម ក៏​បាន​ព្រមាន​រុះរើ​លែងឱ្យ​ធ្វើ​អាជីវកម្ម​ប្រ​សិន​ណា​ឆ្នាំ​ក្រោយ​នៅ​តែ​មាន បញ្ហា​ខ្វះខាត​ដដែល​ៗ​ដូច្នេះ​ទៀត បើ​ទោះជា​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ក៏​ដោយ​។

សូម​បញ្ជាក់​ថា បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​នៅ​ប្រជុំជន​វាល​រេញ​គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ​ជា​ជាង​មួយ​ខែ​មក​ហើយ​គឺ​ចាប់ពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២០ ហើយ​ជាមួយ​គ្នា​នេះ​កន្លង​មក​ក៏​មាន​កិច្ចប្រជុំ​រក​ដំណោះស្រាយ​ក្រោម​ការ​ដឹកនាំ​ពី​ឯកឧត្តម​អភិបាលខេត្ត​ម្ដង​រួច​មក​ហើយ​តែ​ហាក់​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​រហូត​ដល់​ថ្ងៃនេះ​ដើម្បី​ជា​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​ឯកឧត្តម​អភិបាលខេត្ត​បាន​បើក​កិច្ច​ពិភាក្សា​ជា​លើក​ទី​២ និង​ចុះ​តាមដាន​អនុវត្ត​ផ្ទាល់​ទាំង​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ទឹក​ស្អាត​នេះ​ទាំង​ទីតាំង​ស្តុ​ប​អាង​ទឹក​ដើម្បី​ស្វែង​យល់​ឲ្យ​បាន​ដិត​ដល់​។

យ៉ាងណា​ឯកឧត្តម​អភិបាលខេត្ត ក៏​នៅ​បន្ត​ជំរុញ​ក្រុមហ៊ុន​ផលិត​ទឹក​ស្អាត​នេះ​ឲ្យ​មាន​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ចំនួន​២​ឃុំ គឺ​ឃុំ​សំរុង និង​ឃុំ​វាល​រេញ ដែល​ជា​ឃុំ​ប្រជុំជន ហើយ​មិន​ត្រូវ​ខ្វះ​ការ​ផ្គត់ផ្គង់​ដូច​ឆ្នាំ​នេះ​ត​ទៀត​ទេ​៕ ដោយ ៖ ហ៊ុយ ចាន់​ធួន