ការស្រាវជ្រាវ ៖ អ្នកវិទ្យាសាស្ត្រជាច្រើនក្នុងប្រទេសប្រេហ្ស៊ីលបានឈប់ធ្វើការសិក្សា ទៅលើថ្នាំគ្រុនចាញ់ ក្រោយពីវាបានបង្កជាបញ្ហាដល់ចង្វាក់បេះដូងអ្នកជំងឺរហូតដល់មួយភាគបួន នៃអ្នកជំងឺដែលគេសិក្សាស្រាវជ្រាវក្នុងការប្រើប្រាស់កម្រិតខ្ពស់រហូតដល់ ២ដូស។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP និងការផ្សាយរបស់សារព័ត៌មាន Daily Mail ។
ថ្នាំប្រភេទ Chloroquine និងថ្នាំថ្មីមួយទៀតស្រដៀងគ្នាដែរឈ្មោះថា Hydroxychloroquine ត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump ណែនាំឲ្យប្រើប្រាស់ក្រោយ ពីការធ្វើតេស្តកាលពីមុនថា អាចទប់ស្កាត់វីរុសកុំឲ្យចូលទៅក្នុងកោសិកា។ ប៉ុន្តែថ្នាំនេះត្រូវបានគេល្បីយូរហើយថា មានផលរំខានធ្ងន់ធ្ងររួមទាំងផ្លាស់ប្តូរចង្វាក់បេះដូង ក្នុងកម្រិតមួយ ដែលអាចគ្រោះថ្នាក់ដល់ស្លាប់។
ក្នុងការសិក្សាស្រាវជ្រាវ អ្នកជំងឺមួយភាគបួននៃអ្នកជំងឺទាំងអស់ដែលប្រើប្រាស់ថ្នាំនេះ ៦០០មីលីក្រាមចំនួនពីរដងក្នុងមួយថ្ងៃ រយៈពេល១០ថ្ងៃកើតមានបញ្ហាចង្វាក់បេះដូង។ ដូច្នេះអ្នកវិទ្យាសាស្ត្រក៏បានបញ្ឈប់ការសិក្សានេះ។ ចំណែកឯមួយក្រុមទៀតត្រូវបានឲ្យប្រើថ្នាំនេះ ៤៥០មីលីក្រាម ពីរដងក្នុងមួយថ្ងៃដំបូង បន្ទាប់មកប្រើតែម្តងក្នុងមួយថ្ងៃរយៈពេលច្រើនជាង៤ថ្ងៃ។ ការសិក្សាស្រាវជ្រាវរបស់ប្រេស៊ីល និយាយថា គេមិនទាន់អាចសន្និដ្ឋានបានថា តើថ្នាំទាំងនេះមានសុវត្ថិភាព ឬក៏មានប្រសិទ្ធភាពប្រឆាំងនឹងកូវីដ-១៩៕ ដោយ ៖ សហការី