ឪពុក​រំលោភ​កូន ជា​រឿងរ៉ាវ​ហួស​ថ្លែង​ក្នុង​សង្គម !

រាជធានី​ភ្នំពេញ ៖ មានរឿង​គួរ​ឲ្យ​រន្ធត់​ចិត្ត​ពិបាក​នឹង​ថ្លែង​មួយ​បាន​កើត​មាន​ឡើង នោះ​គឺ​ឪពុក​បង្កើត បាន​រំលោភ​កូនស្រី​ខ្លួនឯង​។ តាម​សេចក្តីរាយការណ៍​ព័ត៌មាន ឪពុក​នោះ​បង្ហាញ​ពី​ការ​ស្រេកឃ្លាន តណ្ហា​ខ្លាំង​ហួសប្រមាណ​ដោយ​បាន​និយាយ​ទៅ​កាន់​កូនស្រី​ថា គាត់​ត្រូវការ​ដេក​ជាមួយ​កូនស្រី បើ​ទោះបីជា​គាត់​ត្រូវ​ជាប់គុក ឬ​ក៏​ត្រូវ​ខ្មាស​គេ​យ៉ាងណា​ក្តី​។ គាត់​ក៏​បាន​សម្រេច​បំណង​របស់​គាត់​។

Loading...

ប៉ុន្តែឪពុក​រូប​នេះ​បាន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន បន្ទាប់​ពី​គាត់​នៅ​តែ​បន្ត​មាន​ចេតនា​ចង់ដេក​ជាមួយ​កូនស្រីរបស់​ខ្លួន​ទៀត​បើ​ទោះបីជា​នាង​បាន​រៀប​ការ និង​ទៅ​រស់នៅ​ជាមួយ​ខាង​ប្តី​ហើយ​ក៏​ដោយ​។ ឪពុក​រូប​នេះ​បាន​បញ្ជូន​សារ​តាម​ហ្វេ​ស​ប៊ុ​ក​បញ្ជាក់​ពី​បំណង​របស់​គាត់​ចង់​ដេក​ជាមួយ​កូនស្រី​ទៀត​។ ប៉ុន្តែ​សារ​នោះ​ត្រូវ​បាន​ប្តី​របស់​នាង​បាន​អាន​ហើយ ក៏​សម្រេច​ប្តឹង​ប៉ូលិស​ឲ្យ​​ចាប់​ឪពុក​រូប​នោះ​។ ប៉ូលិស​ក៏​បាន​ចាប់ខ្លួន​ឪពុក​នោះ​កាលពី​ថ្ងៃ​ទី​១៨ ខែមេសា នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ករណី​នេះ​គឺជា​បញ្ហា​សង្គម​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​មិន​គួរ​កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ​។ វា​គឺជា​សកម្មភាព​សាហាវ​ហួស​ពី​ការ​គិត​របស់​មនុស្ស​។ មន្ត្រី​អង្គការ​លី​កាដូ​បាន​ធ្វើការ​កត់សម្គាល់ ឃើញ​ថា ការ​រំលោភ​មាន​ភាព​កាន់តែ​សាហាវ​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍ ព័ត៌មាន​ក្នុងស្រុក​។ កាលពី​៥​ខែ​ដើមឆ្នាំ​២០១៩ មាន​ករណី​រំលោភ​ប្រមាណ​៥០​ករណី​ត្រូវ​បាន រាយការណ៍​ពី​ខេត្ត​ចំនួន​១៣​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ចំនួន​អាច​ច្រើន​ជាង​នេះ បើសិនជា​មាន របាយការណ៍​ទូ​ទាំង​២៥​ខេត្ត​ក្រុង​។

ករណី​រំលោភ​កាន់តែ​សាហាវ​ដូច​ជា​ករណី​ឪពុក​រំលោភ កូន​ឯង​ដូច្នេះ វា​ជា​សញ្ញា នៃ​ការ​ធ្លាក់​ចុះ​សីលធម៌​សង្គម​មួយ​ដែល​ចាំបាច់​ត្រូវ​រួម​គ្នា​ដោះស្រាយ និង​លុប​បំបាត់​ចេញពី​សង្គម​ខ្មែរ​។ កម្ពុជា​ត្រូវ​មាន​វិធានការ​គ្រប់​បែប​យ៉ាង ដើម្បី​ផ្តល់​កិច្ច​ការពារ​កាន់តែ ច្រើន​ដល់​ស្ត្រី​គ្រប់​រូប​៕ ដោយ ៖ សហការី