រាជធានីភ្នំពេញ ៖ គំនរសម្បកដបទឹកសុទ្ធទុកនៅក្នុងផ្ទះទុកចោលមួយកន្លែងត្រូវបានអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿងទៅអន្តរាគមន៍។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ប្រមាណ២រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅក្រោយវត្តឈូកវ៉ា ក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញផ្សែងហុយខ្មួលខ្មាញ់ចេញពីក្នុងសំណង់ផ្ទះល្វែង ធ្វើមិនទាន់រួចរាល់ទុកចោលមួយកន្លែង ដែលពោរពេញទៅដោយគំនរសម្បកដបទឹកសុទ្ធ។ ភ្លាមៗនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើល ហើយប្រជាពលរដ្ឋក៏ដូចអាជ្ញាធរ និងសមត្ថកិច្ចក៏បាន ហៅរថយន្តចំនួន២គ្រឿងទៅបាញ់ពន្លត់ ពុំបណ្តាលឲ្យឆេះរាល់ដាលដល់លំនៅឋានឡើយ។

គំនរសម្បកដបនោះត្រូវបានគេប្រមូលយកទៅទុកគរនៅក្នុងផ្ទះទុកចោលដែលស្មៅដុះព័ទ្ធជុំវិញ ដើម្បីទុកលក់ឲ្យអេតចាយ។ គេពុំដឹងថាមូលហេតុអ្វីនោះទេ បានជាភ្លើងបានឆាបឆេះ។ តាមនគរបាល មានការសង្ស័យថា មានគេលួចដុតទើបបង្កឲ្យឆេះយ៉ាងសន្ធោសន្ធៅ ផ្សែងហុយខ្មួលខ្មាញ់បែបនេះ៕ ដោយ ៖ ម៉េង ធា



