រាជធានីភ្នំពេញ ៖ បញ្ហាគ្រោះថ្នាក់ចរាចរមានការប្រឈមខ្ពស់ ដែលនៅក្នុង១ថ្ងៃមានអ្នកស្លាប់ គិតជាមធ្យមប្រមាណ៥នាក់។ នេះបើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង ទទួលផែនចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។ មុននឹងចាប់ផ្តើម អនុវត្តរឹតបន្តឹងច្បាប់ចរាចរផ្លូវគោកថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២០ខាងមុខ។ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ បានឲ្យដឹងថា នៅក្នុងរយៈពេល(ត្រីមាសទី១) ៣ខែ ដើមឆ្នាំ២០២០នេះ នៅទូទាំងប្រទេសមានអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរចំនួន៤៩៣នាក់។

នេះជាបញ្ហាមួយប្រឈមខ្ពស់ដោយសារ តែគ្រោះថ្នាក់ចរាចរ។ បើប្រៀធៀបជំងឺកាចសាហាវកូវីដវិញ នៅប្រទេសកម្ពុជា មិនទាន់មានអ្នកស្លាប់នោះទេ។ ចំណែកគ្រោះថ្នាក់ មានអ្នកស្លាប់៤៩៣នាក់។ ដោយឡែកនៅក្នុងរាជធានីភ្នំពេញមានអ្នកស្លាប់ចំនួន៨៦នាក់។ ដោយឡែករយៈពេល តែ២៧ថ្ងៃនេះនៅក្នុងរាជធានីភ្នំពេញគ្រោះថ្នាក់ចរាចរ៥៩ករណី មានអ្នកស្លាប់ចំនួន ១៩នាក់។ នេះជាតួលេខមួយដែលគួរឲ្យមានការព្រួយបារម្ភណាស់។

ហេតុដូចនេះហើយ ទើប ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់បានតាក់តែងធ្វើវិសោធនកម្ម កែសម្រួលអនុក្រឹត្យ ដើម្បីរឹតបន្តឹងច្បាប់ចរាចរផ្លូវគោកនៅទូទាំងប្រទស ដែលនឹងចាប់អនុវត្តអនុក្រឹត្យថ្មី លេខ ៣៩អនក្រ.បកចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នេះតទៅ។ ផ្តើមចេញនៃការអនុវត្តនេះមិនមែនមានន័យថា យើងទើបតែរឹតបន្តឹងច្បាប់នោះ ទេ ដោយសារតែមានការរឹតបន្តឹងច្បាប់នៅទូទាំង២៥រាជធានីខេត្តទូទាំងប្រទេស ទើបយើងទប់ស្កាត់បាននូវគ្រោះថ្នាក់ច្រើនហើយ។

លោកឧត្តមសេនីយ៍បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ជាឆ្នាំដែល យើងធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរដោយមូលហេតុ គ្រោះថ្នាក់ចរាចរ ដែលធ្វើឲ្យប្រជាពលរដ្ឋយើង ដែលជាអ្នកប្រើប្រាស់ផ្លូវ បាន និងកំពុងមានគ្រោះថ្នាក់ច្រើនគិតជាមធ្យមមាន៥នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរ យើងមិនចង់ឃើញមានឈាមដាបនៅលើដងផ្លូវទៀតទេ។ ទន្ទឹមការអនុវត្តពង្រឹងច្បាប់នេះ លុះត្រាមានការចូលរួមពីប្រជាពលរដ្ឋគោរពច្បាប់។
លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ បានបញ្ជាក់ថា ការអនុវត្តអនុក្រឹត្យថ្មីនេះពីមុនផាកពិន័យអ្នកបើកម៉ូតូចំនួនតែ ១៥ ០០០រៀល តែអនុក្រឹត្យថ្មី ផាករហូតដល់៦ម៉ឺនរៀល នេះមិនថ្លៃនោះទេ បើបងប្អូនជួបគ្រោះថ្នាក់ប៉ះក្បាល ៦ម៉ឺននេះមិនអាចព្យាបាលជាដែរ។ ការផាកពិន័យ មិនតម្រូវឲ្យផាកនៅកន្លែងនោះទេ គឺតម្រូវ សមត្ថកិច្ចនាំយកទៅអធិការដ្ឋានទុករយៈពេល៣ថ្ងៃរង់ចាំការផាកពិន័យ ពេលទៅយកម៉ូតូ ត្រូវយកមួកទៅជាមួយបើអត់មានមួកមិនឲ្យម៉ូតូនោះទេ។ ការអនុវត្តពង្រឹងការអនុវត្តច្បាប់ ធ្វើទាំងថ្ងៃទាំងយប់៕ ដោយ ៖ ម៉េង ធា