មនុស្ស​យ៉ាងតិច​៣៦​នាក់ បាន​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ

470

កូរ៉េ​ខាងត្បូង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៣៦​នាក់​បាន​ស្លាប់​ដោយសារ​អគ្គិភ័យ នៅ​ឃ្លាំង​មួយ​ដែល​កំពុង​សាងសង់​នៅ​ទីក្រុង​អ៊ី​ឈុ​ន​ប្រទេស​កូរ៉េ​ខាងត្បូង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ របស់​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​នៅ​ប៉ុន្មាន​ម៉ោង​នេះ​ថា ការ​ឆាបឆេះ​នេះ​បណ្តាល​មក​ពី​ការ​ផ្ទុះ នៃ​វត្ថុ​ងាយ​ឆេះ​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​បន្ទប់ក្រោមដី​។

Loading...

ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​គេ​ជឿ​ថា ជា​កម្មករ​សំណង់​។ មានការ​ភ័យ​ខ្លាច​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើនឡើង​នៅ​ពេល​មនុស្ស ៧៨ នាក់​កំពុងធ្វើការ​នៅ​ក្នុង​អគារ​។ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េ​ខាងត្បូង​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១០​នាក់​បាន​រង​របួស​នៅ​ក្នុង​អគ្គិភ័យ​នៅ​អ៊ី​ឈុ​ន​ចម្ងាយ ៨០​គីឡូម៉ែត្រ (៥០ ម៉ៃ​ល៍​) ខាងត្បូង​នៃ​រដ្ឋធានី​សេ​អ៊ូ​ល​។

អគ្គិភ័យ​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស ដែល​រារាំង​យ៉ាង​ខ្លាំង ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជម្លៀស​។ វា​បាន​ចាប់ផ្តើម​នៅ​ម៉ោង​ប្រហែល​១៣ និង ៣០​នាទី​ម៉ោង​ក្នុងស្រុក ។ លោកនាយក​រដ្ឋមន្ត្រី ជុង ស៊ុ​យ​គុន បាន​បញ្ជា​ឱ្យ​មានការ​កៀងគរ​បុគ្គលិក និង​ធនធាន​ចាំបាច់​ទាំងអស់ ដើម្បី​ដោះស្រាយ​ភាព​អាសន្ន​។ អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​នៅ​ម៉ោង ប្រហែល ១៨ និង​៤០​នាទី​ម៉ោង​ក្នុងស្រុក​៕ ដោយ ៖ សហការី