ស្អែក​នេះ​កំណាត់​ស្ពាន​អាកាស​ក្បាលថ្នល់ ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ

រាជធានី​ភ្នំពេញ ៖ ស្ពាន​អាកាស​ក្បាលថ្នល់​ពី​មហាវិថី​ព្រះ​មុនី​វង្ស បត់​ឆ្វេង​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម នឹង​ដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​០១ ខែឧសភា​នេះ​តទៅ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ និង​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរ​របស់​ប្រជាពលរដ្ឋ​។ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ស្ពាន​អាកាស​បត់​ឆ្វេង​មួយ​ខ្សែ​ថ្មី នៅ​ជាប់​នឹង​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់ ដែល​ត​ភ្ជាប់​ពី​មហាវិថី​ព្រះ​មុនី​វង្ស បត់​មក​មហាវិថី​ព្រះ​នរោត្តម បាន​ស្ថាបនា​រួចរាល់ និង​បើក​ឲ្យ​ដំណើរការ​ចាប់ពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០​នេះ​តទៅ​។

Loading...

លោក​បន្ត​ថា ការ​ស្ថាបនា​ស្ពាន​អាកាស​ថ្មី​បន្ថែម​ទៀត​នេះ ដោយសារ​បច្ចុប្បន្ន រាជធានី​ភ្នំពេញ​មាន​កំណើន​យានយន្ត​របស់​ប្រជាពលរដ្ឋ​កើនឡើង​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ផ្លូវ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​មានការ​កកស្ទះ​ចរាចរ​។ ពិសេស​នៅ​ត្រង់​ចំណុច​ក្បាលថ្នល់ នេះ​តែ​ម្តង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​រិះរក​មធ្យោបាយ​សាងសង់​ស្ពាន​ថ្មី​បន្ថែម និង​ដាក់​អោយ​ដំណើរការ​ក្នុង​ពេល​នេះ​ឲ្យ​ការ​ធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​។

លោក ម៉េ​ត មាស​ភក្តី បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៦ កន្លែង​គឺ ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ពាន​អាកាស​៧​មក​រា ស្ពាន​អាកាស​៥​មក​រា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោម​ចៅ​។

ចំណែក​លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ធ្លាប់​បាន​បញ្ជាក់​ថា គម្រោង​នេះ ស្ថាបនា​ដោយ​ក្រុមហ៊ុន OCIC កោះ​ពេជ្រ ស្ពាន​អាកាស​ក្បាលថ្នល់​ពី មហាវិថី​ព្រះ​មុនី​វង្ស ទៅ​មហាវិថី​ព្រះ​នរោត្តម​មាន​ប្រវែង​៧៧​ម៉ែត្រ ពី​ផ្លូវ​ដី​ដល់​គល់​ស្ពាន​ក្បាលថ្នល់ និង​ពី​គល់​ស្ពាន​ដល់​ស្ពាន​អាកាស​ចាស់ មាន​ប្រវែង​១២៣​ម៉ែត្រ មាន​ទទឹង​៧​ម៉ែត្រ​កន្លះ ពី​មហាវិថី​ព្រះ​មុនី​វង្ស បត់​ឆ្វេង​ឡើង​ស្ពាន​ឆ្ពោះទៅ​មហាវិថី​ព្រះ​នរោត្តម​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ