វេជ្ជសាស្ត្រ​ប្រឆាំង​កូ​វី​-១៩ ៖ មាន​ដំណឹង​ល្អ​ទាំង​វ៉ាក់សាំង និង​ថ្នាំ​ព្យាបាល

ស្រាវជ្រាវ ៖ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដំណឹង​ល្អ​បាន​កើត​មាន​ច្រើន​នៅ​ក្នុង ពិភព​វេជ្ជសាស្ត្រ​ទាក់ទង​នឹង​ការ​ខិតខំ​របស់​អ្នក​វិទ្យាសាស្ត្រ​ដើម្បី​រក​ថ្នាំ​ព្យាបាល និង​ថ្នាំ​បង្ការ​កូ​វី​ដ​-១៩​។ ខាងក្រោម​នេះ​ជា​ព័ត៌មាន​ទាក់ទង​នឹង​វេជ្ជសាស្ត្រ​ឆ្ពោះទៅ​រក​ថ្នាំ និង​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩​។ ១- ថ្នាំ​ប្រឆាំង​វីរុស​អា​មេ​រិ​ក​មាន​ប្រសិទ្ធភាព​លើ​កូ​វី​ដ​-១៩ មន្ត្រី​សុខភាព​អា​មេ​រិ​ក​និយាយ​ថា ដំណឹង​ល្អ​ខ្លះ​ពី​ពិភព​វិទ្យាសាស្ត្រ​គឺ ថ្នាំ​ប្រឆាំង​វីរុស​មួយ​ប្រភេទ​មាន​ឥទ្ធិពល​ច្បាស់លាស់​លើ Covid-19 ។

Loading...

នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC របស់​អង់គ្លេស​នៅ​ថ្ងៃនេះ​។ Remdesivir មិនមែន​ជា​វ៉ាក់សាំង​ទេ​ហើយ​វា​មិន​អាច​ព្យាបាល​អ្នកជំងឺ​បាន​ទាំងស្រុង​ដែរ​។ ប៉ុន្តែ​វា​បាន​កាត់​បន្ថយ​រយៈពេល​នៃ​រោគ​សញ្ញា​ពី​១៥ ថ្ងៃ​មក​ត្រឹម​១១​ឆ្នាំ ក្នុង​ការ​សាកល្បង​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ​ទូ​ទាំង​ពិភពលោក​។ ប្រសិនបើ​ផល​ប៉ះពាល់​ត្រូវ​បាន​បញ្ជាក់​ថ្នាំ​អាច​បន្ថយ​សម្ពាធ លើ​មន្ទីរពេទ្យ និង​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​។ ដំណឹង​ល្អ​ពី​សហរដ្ឋអាមេរិក​កើតឡើង​តែ​ប៉ុន្មាន ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​សាកល្បង​ថ្នាំ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ចិន ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង ទិនានុប្បវត្តិ​វេជ្ជសាស្ត្រ Lancet បាន​បង្ហាញ​ថា​វា​គ្មាន​ប្រសិទ្ធភាព​ទេ​។

២- វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩ អាច​នឹង​មាន​ប្រើ​នៅ​ចុងឆ្នាំ​នេះ ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​ដែល​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ អា​មេ​រិ​ក ឈ្មោះ Pfizer បាន​ចាប់ផ្តើម​សាកល្បង​មនុស្ស​នូវ​វ៉ាក់សាំង Covid-19 ដែល​មាន​សក្តានុពល ដែល​អាច​ផ្គត់ផ្គង់​ដល់​មនុស្ស​រាប់​លាន​នាក់​នៅ​ចុងឆ្នាំ​នេះ​។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​BBC​នៅ​ថ្ងៃនេះ​។ ក្រុមហ៊ុន Pfizer បាន​និយាយ​ថា ខ្លួន​នឹង​ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង ពិសោធន៍ នៅ​សហរដ្ឋអាមេរិក​នៅ​ដើម​ស​ប្តា​ហ៍​ក្រោយ ហើយ​និយាយ​ថា វ៉ាក់សាំង​មួយ​អាច​ត្រៀម​សម្រាប់​ការ​ប្រើប្រាស់​ជា​បន្ទាន់​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​នេះ​។

ក្រុមហ៊ុន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​អ្នកចូលរួម​ក្នុង​ការ​សិក្សា ចំនួន​១២ នាក់ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ជាមួយ​បេក្ខជន​វ៉ាក់សាំង BNT162 នៅ​ក្នុង​ប្រទេស អា​ល្លឺ​ម៉​ង់ ចាប់តាំងពី​ការ​ចាប់ផ្តើម​សិក្សា នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០» ។ បច្ចុប្បន្ន​មិន​មាន​ព័ត៌មាន​ស្តី​ពី​លទ្ធផល​ទេ​។ BioNTech បាន​និយាយ​ថា អ្នក​ស្ម័គ្រចិត្ត​ដែល​មាន សុខភាព​ល្អ​ប្រហែល ២០០​នាក់​ដែល​មាន​អាយុ​ពី​១៨ ទៅ​៥៥​ឆ្នាំ​នឹង​ត្រូវ​បាន​ផ្តល់​ឱ្យ​នូវ​កម្រិត​ចាប់ពី​១ មីក្រូ​ក្រាម​ទៅ ១០០​មីក្រូ​ក្រាម​ដើម្បី​រក​កម្រិត​ល្អ​បំផុត​សម្រាប់​ការ​សិក្សា​បន្ត​។

៣-​ថៃ ឥណ្ឌូ​នេ​ស៊ី និង ឥណ្ឌា​ត្រៀមខ្លួន​ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩ អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង នៅ​ថ្ងៃនេះ​ថា ប្រទេស​ថៃ ឥណ្ឌូ​នេ​ស៊ី និង ឥណ្ឌា ត្រៀមខ្លួន​ផលិត​វ៉ាក់សាំង​បង្ការ​មេរោគ​កូ​វី​ដ​-១៩ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ជួប​ប្រជុំ​តាម​អន​ឡាញ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង និង​អាជ្ញាធរ​និយ័ត​កម្ម ថៃ ឥណ្ឌូ​នេ​ស៊ី និង​ឥណ្ឌា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។

អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ប្រទេស​ទាំង​បី ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ផលិត​វ៉ាក់សាំង​យ៉ាងច្រើន​នៅ​ក្នុង​ពិភពលោក​។ បេក្ខជន​វ៉ាក់សាំង​ចំនួន​១២០ កំពុង​តែ​ប្រកួតប្រជែង​គ្នា​ដើម្បី​ចេញ​ប្រើ​ជាស​កល​។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មាន​តែ​បេក្ខជន​វ៉ាក់សាំង​ចំនួន​៧​ប៉ុណ្ណោះ​បាន​ឈាន​ដល់​ដំណាក់កាល​សាកល្បង​គ្លីនិក​៕ ដោយ ៖ សហការី