ស្រាវជ្រាវ ៖ ការសិក្សាស្រាវជ្រាវមួយចំនួនបង្ហាញថា មេរោគកូរ៉ូណាវីរុសថ្មី ឬមេរោគកូវីដ-១៩ ចាញ់អាកាសធាតុក្តៅ។ ប៉ុន្តែអ្នកជំនាញបានព្រមានថា នេះមិនមានន័យថាប្រទេស ដែលមានអាកាសធាតុក្តៅមានសុវត្ថិភាពពីការរាតត្បាតនៃមេរោគកូវីដ-១៩ឡើយ។ លោក អេរិក យ៉ាប់ សាស្ត្រាចារ្យនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ នៅសាំងហ្គាពួរត្រូវ បានដកស្រង់សម្តីដោយសារព័ត៌មាន Nikkei Asian Review របស់ជប៉ុន ដែលនិយាយថា ជាទ្រឹស្តី កម្ដៅអាចកាត់បន្ថយការចម្លងមេរោគ តាមរយៈការប៉ះនឹងវត្ថុដែលមានផ្ទុកមេរោគ។
ប៉ុន្តែការចម្លងមេរោគកូវីដ-១៩ ភាគច្រើនគឺឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត តាមរយៈ តំណក់ទឹកដែលអ្នកជំងឺក្អកចេញមក។ ដូច្នេះហើយបានជាក្រសួងសុខាភិបាលកម្ពុជា បានប្រកាសហើយប្រកាសទៀតថា ស្ថានភាពនៅមានភាពផុយស្រួយនៅឡើយ ហើយតម្រូវឲ្យមានការប្រយ័ត្នខ្ពស់។ រដ្ឋមន្ត្រីក្រសូងសុខាភិបាល លោក ម៉ម ប៊ុនហេង ថែមទាំងនិយាយថា ប្រជាជនមិនត្រូវទាល់តែឃើញមឈូសទើបស្រក់ទឹកភ្នែកទេ។
នៅមិនឆ្ងាយប៉ុន្មានកម្ពុជាដូចជានៅសិង្ហបូរី និងឥណ្ឌូនេស៊ីជាដើម ជាឧទាហរណ៍ដែលបញ្ជាក់យ៉ាងច្បាស់ថា អាកាសធាតុក្តៅមិនមែនជាកត្តាដែលអាចធ្វើឲ្យ ប្រទេសមួយរួចផុតពីការរាលដាលនៃមេរោគកូវីដ-១៩នោះឡើយ។ នៅប្រទេសិង្ហបុរីមាន អ្នកជំងឺកូវីដ-១៩ រហូតដល់ជាង១៦០០០នាក់ ខណៈដែលឥណ្ឌូនេស៊ីមានជាង មួយម៉ឺននាក់។ ដូច្នេះវានឹងក្លាយជាការយល់ខុស បើសិនជាគិតថាកម្ពុជាមិនងាយឆ្លងមេរោគកូវីដ-១៩ ដោយសារតែអាកាសធាតុក្តៅ។
ជម្រើសដែលល្អគឺប្រជាជនត្រូវរស់នៅប្រកបដោយអនាម័យ លាងសម្អាតដៃឲ្យបានញឹកញាប់ មិនធ្វើដំណើរបើមិនចាំបាច់ មិនធ្វើការជួបជុំមនុស្សច្រើន និង រក្សាគម្លាតប្រហែលពីរម៉ែត្រ ជាវិធានការអាចជួយទប់ស្កាត់ការឆ្លង និងចម្លងមេរោគកូវីដ-១៩៕ ដោយ ៖ សហការី