ខេត្តកណ្តាល ៖ ក្រោមការយកចិត្តទុកដាក់របស់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងនគរបាលចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត បានចុះធ្វើយុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរផ្លូវគោក និងសុវត្ថិភាពចរាចរ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូប ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកអភិបាលខេត្តបានឲ្យដឹងថា យុទ្ធនាការនាពេលនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ ផ្លូវថ្នល់ សំខាន់អ្នកប្រើប្រាស់ទោចក្រយានយន្តឲ្យមានការប្រុងប្រយ័ត្ន នៅរាល់ពេលធ្វើ ដំណើរតាមដងផ្លូវ សំខាន់តាមបណ្តោយផ្លូវជាតិលេខ២១នេះ។

លោកបានធ្វើការណែនាំ អប់រំដល់បងប្អូនអ្នកជិះម៉ូតូដែលបានមិនបានពាក់មួកសុវត្ថិភាព អំពីសុវត្ថិភាពចរាចរ ដែលបង្កឲ្យមានហានិភ័យបណ្តាមកការពីមិនពាក់មួកសុវត្ថិភាព ឬ សួរនាំអំពីច្បាប់ចរាចរទៀតផង។ លោកក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរ ជាបញ្ហាចោទសម្រាប់យើងទាំងអស់គ្នា នៅពេលបើកបរត្រូវគោរពឲ្យខានតែបាន នូវច្បាប់ចរាចរ។

លោកបានបញ្ជាក់ផងដែរថា យុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរផ្លូវគោក និងសុវត្ថិភាពចរាចរ គឺប្រព្រឹត្តទៅដូចភ្លៀងរលឹម ដោយនគរបាលចរាចរបានឃាត់អ្នកជិះម៉ូតូ ដែលអត់ពាក់មួកសុវត្ថិភាព បើកលើសល្បឿនដែលបានកំណត់។ ដូច្នេះគ្រប់អ្នកបញ្ជា យានយន្តគ្រប់ប្រភេទ ត្រូវប្រកាន់ភ្ជាប់នូវការគោរពច្បាប់ចរាចរឲ្យបានគ្រប់ៗគ្នា៕ ដោយ ៖ ប៉ឹង ឆដា






