ឃាតកម្ម​តាម​ដងផ្លូវ ៖ ការ​រឹត​បន្តឹង​ច្បាប់ និង​ប្រតិកម្ម​សង្គម

បទ​អត្ថាធិប្បាយ ៖ ចាប់តាំងពី​ដើមខែ​ឧសភា​មក រដ្ឋាភិបាល​បាន​រឹត​បន្តឹង​ខ្លាំង ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាមួយនឹង​ការ​ដាក់​ពិន័យ​ជា​ប្រាក់​កាន់តែ​ច្រើន​ចំពោះ​អ្នក​ល្មើសច្បាប់ ខណៈ​ដែល​ចំនួន​មនុស្ស​ស្លាប់​តាម​ដងផ្លូវ​បាន​កើនឡើង ដល់​ចំណុច​ខ្ពស់​គួរ​ឲ្យ​ព្រួយបារម្ភ​។ ការ​រឹត​បន្តឹង​ត្រូ​ត​ពិនិត្យ និង​ការ​ពិន័យ កាន់តែ​ច្រើន​បាន​នាំ​ឲ្យ​មាន​មាន​ប្រតិកម្ម​ចម្រុះ​ទាំង​ការ​គាំទ្រ និង​ខឹងសម្បា​។

Loading...

ការ​បង្កើន​ប្រាក់​ពិន័យ​ច្រើន​នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ដោយសារ​តែ​ផល​ប៉ះ ពាល់​មក​ពី​ជំងឺ​កូ​វី​ដ​-១៩ នាំ​មក​នូវ​ការ​មិន​សប្បាយចិត្ត​មួយ​ចំនួន​នៅ​ក្នុង​ចំណោម ប្រជាជន​កម្ពុជា​ដោយ​គាត់​យល់​ថា​ការ​ពិន័យ​នោះ​ច្រើន​ខ្លាំង​ពេក​ហើយ​មិន​សម​កើត​មាននៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ឡើយ​។ ប្រតិកម្ម​នៃ​ការ​មិន​សប្បាយ​ចិត្តបាន​មាន​ច្រើន នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ត្រូវ​បាន​គេ​បញ្ចេញ​ប្រតិកម្ម​ពី​ម្នាក់​ទៅ​ម្នាក់​។

យោង​តាម​អនុ​ក្រឹ​ត​ថ្មី ការ​ពិន័យ​ចំពោះ​អ្នក​មិន​គោរព​ច្បាប់​ចរាចរណ៍​គឺ​មាន​ចាប់តាំងពី ៦​ម៉ឺន​រៀល ឬ​១៥​ដុល្លារ​រហូត​ដល់​៤​លាន​រៀល​ឬ​១០០០​ដុល្លារ​អា​មេ​រិ​ក ដោយ​ផ្អែក​ទៅ តាម​បទល្មើស​។ ដោយ​ពិនិត្យ​ទៅ​លើ​កម្រិតជីវភាព និង​ប្រាក់​ចំ​ណួ​ល​ប្រជាជន កម្ពុជា​នោះ អ្នក​រិះគន់​យល់​ថា ការ​ពិន័យ​ជា​ប្រាក់​នេះ មាន​កម្រិត​ខ្ពស់​ខ្លាំង សម្រាប់​ប្រជាជន​កម្ពុជា​ជា​ច្រើន​។ ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​ហើយ​មិន​ចង់​ឃើញ មនុស្ស​ស្លាប់​ច្រើន​នៅ​តាម​ដងផ្លូវ​បាន​យល់​ថា ការ​ចាប់ផ្តើម​រឹត​បន្តឹង​កាលពី​ដើមខែ ឧសភា ជា​រឿង​ចាំបាច់​ហើយ​ត្រូវ​តែ​ធ្វើ​ដើម្បី​កុំ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ច្រើន​យ៉ាងនេះ​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​។​ពួក​គេ​គិត​ថា​ឃាតកម្ម នៅ​តាម​ដងផ្លូវ​នឹង​កាត់​បន្ថយ បើសិនជា​មនុស្ស​ទាំងអស់​នាំ​គ្នា​គោរព​ច្បាប់​ចរាចរណ៍​។ បើសិនជា​ខ្លាច​ការ​ផាកពិន័យ​មនុស្ស​ទាំងអស់​ត្រូវ​គោរព​ច្បាប់​។

បើ​យើង​ពិនិត្យ​មើល​តួលេខ​នៃ​របាយការណ៍​ស្តី​ពី​ការ​ស្លាប់ និង​របួស​នៅ​តាម​ដងផ្លូវ យើង​នឹង​ឃើញ​ចំនួន​ខ្ពស់​គួរ​ឲ្យ​ភ័យ​ខ្លាច​ណាស់​។ របាយការណ៍ របស់​គណៈ​ក​ម្មា​ធិ ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ ទូ​ទាំង​ប្រទេស នៅ​ឆ្នាំ​២០១៩ បាន​កើតឡើង​ចំនួន​៤.១២១​លើក សម្លាប់​មនុស្ស ១.៩៨១​នាក់ និង​រង​របួស ៦.១៤១​នាក់​។ របាយការណ៍​ដដែល​បង្ហាញ​ថា គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក នៅ​ឆ្នាំ​២០១៩ ច្រើន​ជាងគេ​កើតឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពង់ស្ពឺ​។

ចំណែក​មូលហេតុ ដែល បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ច្រើន​ជាងគេ​នៅ​ឆ្នាំ​២០១៩ រួម​មាន ការ​បើកបរ​លើស​ល្បឿន​កំណត់​បើកបរ​មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ វ៉ា​ជែង ស្រវឹង កត្តា​យានយន្ត និង​ងងុយដេក​ជាដើម​។ របាយការណ៍​ក៏​បាន​បង្ហាញ​ថា គ្រោះថ្នាក់ ចរាចរណ៍​ផ្លូវគោក​កើនឡើង​៨៤៥​លើក ស្មើនឹង​២៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ក្នុង​នោះ​អ្នក​ស្លាប់​ក៏​បាន​កើន​២២០​នាក់ ស្មើនឹង​១២​ភាគរយ ខណៈ​អ្នក​រង​របួស​កើន ១៣៧១​នាក់ ស្មើនឹង​ប្រមាណ​២៩​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨​។

របាយការណ៍​បាន បន្ថែម​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៩ ភាគច្រើន​ជា​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ដែល​មាន​ចំនួន​១៥៤២​នាក់​នៃ​ចំនួន​អ្នក​ស្លាប់​សរុប ១.៩៨១​នាក់ ស្មើនឹង​៧៨​ភាគរយ​។ ក្នុង​នោះ​អ្នក​ស្លាប់ ដោយ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​មិន ពាក់មួក​សុវត្ថិភាព​មាន​ចំនួន​១១៨៦​នាក់ ស្មើនឹង​៧៧ ភាគរយ​។ ជាមួយនឹង របាយការណ៍​ខាងលើ​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​លើក បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា​ដែល​នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ឆ្នាំ​២០១៩។

គឺរចនាសម្ព័ន្ធ​ផ្លូវថ្នល់​កាន់តែ​ចង្អៀត ដោយសារ​កំណើន​យានយន្ត​តម្រូវការ​ធ្វើ​ចរាចរណ៍ ដឹក​ជញ្ជូន​កាន់តែ​កើនឡើង កន្លែង​ខ្លះ​ត្រូវ​រង​ការ​ខូចខាត​ឬ​ខ្វះ​ស្លាក​សញ្ញា​កង្វះ ការ​គ្រប់គ្រង​ទ្រូងផ្លូវ​ចិញ្ចើម​ផ្លូវ និង​ចំណី​ផ្លូវ​បណ្តាល​ឲ្យ​ផ្លូវ​សម្រាប់​ធ្វើ​ចរាចរណ៍​កាន់តែ ចង្អៀត ស្មារតី​នៃ​ការ​គោរព​ច្បាប់​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត ប្រជាពលរដ្ឋ​នៅ​តែ ខ្លាច​នគរបាល​ជាង​ខ្លាច​ច្បាប់ សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត និង គុណភាព​ការងារ​មិន​ទាន់​ឆ្លើយ​តប​តាម​សំណូមពរ​ដោយ​ខ្វះ​មធ្យោបាយ​ឧបករណ៍ សម្ភារ​ប្រតិបត្តិការ​ជាដើម​។

ជាមួយនឹង​កំណើន​គ្រោះថ្នាក់​ចំនួន​អ្នក​ស្លាប់ និង ចំនួន​អ្នក​របួស​តាម​ដងផ្លូវ​កើនឡើង​បែប​នេះ ការ​រឹត​បន្តឹង​ដើម្បី​ឲ្យ​មានការ​គោរព​ច្បាប់ កាន់តែ​ពេញលេញ​នោះ​នឹង​ជា​វិធានការ​មួយ​ដែល​អាច​កាត់​បន្ថយ​អ្នក​ស្លាប់ និង​របួស​តាម​ដងផ្លូវ​។ គោលដៅ​ធំ​នៃ​ការ​អនុវត្ត​អនុ​ក្រឹ​ត​ថ្មី​ទាក់ទង​នឹង​ការ​ពិន័យ ចំពោះ​ការ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​គឺ​កាត់​បន្ថយ​គ្រោះថ្នាក់​ការ​ស្លាប់ និង ការ​របួស​តាម​ដងផ្លូវ​។ ដើម្បី​ចៀសវាង​ការ​ផាកពិន័យ​ដ៏​ច្រើន​នោះ ប្រជាជន​កម្ពុជា​ម្នាក់​ៗ ត្រូវ​បង្កើន​ការ​គោរព​ច្បាប់​ចរាចរណ៍ ពីព្រោះ​វា​នឹង​មិន​ត្រឹមតែ​ចៀសវាង​ការ​ចំណាយ​ប្រាក់​ច្រើន​ចំពោះ​ការ​ផាកពិន័យ​ទេ វា​ក៏​នឹង​ជួយ​ការពារ​ជីវិត​ខ្លួនឯង និង​អ្នក​ដទៃ​ផង​ដែរ​។ នៅ​ពេល​ដែល​មនុស្ស​កាន់តែ​យល់​ដឹង​អំពី​តម្លៃ​នៃ​ការ​គោរព​ច្បាប់​នោះ កម្ពុជា​នឹង មិន​មាន​អ្នក​ស្លាប់​ច្រើន​តាម​ដងផ្លូវ​ដូច​បច្ចុប្បន្ន​ឡើយ​៕ ដោយ ៖ ប្រេ​វី​ន