រាជធានីភ្នំពេញ ៖ ស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅលើពិភពលោក ក៏ដូចជាករណីវិជ្ជមានវីរុសឆ្លងមួយនេះនៅកម្ពុជា ការនាំចូលជ្រូករស់មកពីប្រទេសជិតខាង មកផ្គត់ផ្គង់ក្នុងស្រុកត្រូវបានកាត់បន្ថយប្រមាណ៧០% នាំឲ្យមានការខ្វះខាតជ្រូក ក្នុងទីផ្សារ កម្ពុជា។ ទោះបីជាយ៉ាងណាក៏ដោយថ្មីៗនេះ កម្ពុជាបានអនុញ្ញាតឲ្យមានការនាំចូល ៦០០០ក្បាល ក្នុងមួយថ្ងៃសម្រាប់បំពេញតម្រូវការ ខណៈបច្ចុប្បន្នកម្ពុជាមានកសិដ្ឋាន ចិញ្ចឹមជ្រូកជាង៥០០កន្លែង និងមានលទ្ធភាពផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកបានជាង៨០%។
លោក តាន់ ប៉ាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃនេះថា មកដល់រាល់ថ្ងៃនេះ ការនាំចូលជ្រូករស់ មកពីប្រទេសជិតខាងយើងបានកាត់បន្ថយនាំចូលប្រមាណ៧០% ហើយអនុញ្ញាតឲ្យមាននាំចូលប្រមាណ៦ពាន់ក្បាលក្នុងមួយថ្ងៃ ហើយប្រៀបធៀបមុនពេលកម្ពុជាមិនទាន់មានជំងឺកូវីដ-១៩ គឺមានចំនួនច្រើន តែជាក់ស្តែងមានតែ២ពាន់ ឬ៣ពាន់ក្បាល។
បើតាមអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ «នាពេលកន្លងមកការនាំចូលជ្រូករស់កម្ពុជាអនុញ្ញាតឲ្យចូលជ្រូករស់ តែមកពីប្រទេសថៃ ហើយបើតាមស្ថិតិបច្ចុប្បន្នកម្ពុជាមានកសិដ្ឋានចិញ្ចឹមជ្រូក ប្រមាណ៥៣០កន្លែង និងមានសត្វជ្រូកប្រមាណ៣លានក្បាល អាចផ្គត់ផ្គង់តម្រូវការ ក្នុងស្រុកបានប្រមាណ៨២%»។ ពាក់ព័ន្ធនឹងការនាំចូលជ្រូករស់ពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់ក្នុងស្រុកថ្មីៗមានការលើកឡើង ឬផ្សព្វផ្សាយថា ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនមួយធ្វើការនាំចូលជ្រូករស់ពីប្រទេសថៃ តែការលើកឡើងនេះត្រូវបានក្រសួងឆ្លើយតបថា ជាការផ្សព្វផ្សាយព័ត៌មានខុសពីការពិត។
បើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្សព្វផ្សាយនៅតាមបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនថ្មីៗនេះថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យឃើញថា មានសារព័ត៌មានមួយចំនួនបានលើកឡើងថា បច្ចុប្បន្ននេះសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជាបានធ្វើការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មានបំផ្លើសខុសពីការពិត ដោយបានចោទប្រកាន់មកលើក្រសួងថា បានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនមួយធ្វើការនាំចូលជ្រូករស់ពីប្រទេសថៃ មកផ្គត់ផ្គង់នៅទីផ្សារព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖ ឡុង សារ៉េត