ជនសង្ស័យ​ឆក់​កាបូប​២​នាក់​អស់លក្ខណ៍ ជាប់អន្ទាក់​សមត្ថកិច្ច

ខេត្តកំពង់ធំ ៖ លោក​វរសេនីយ៍ឯក ខែ​ម សុ​ភ័​ណ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប ត្រូវ​បាន​នគរបាល​ជំនាញ​បាន​រៀបចំ សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​។

Loading...

លោកនាយ​ការិយាល័យ​រូប​នេះ បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០ មាន​ក្រុម​ជនសង្ស័យ​ចំនួន​០២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ស្ត្រី​ម្នាក់​ឈ្មោះ ទួត សុខ​ណា អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​២​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ខណៈ​ពេល​ស្ត្រី​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​លើ​ផ្លូវជាតិ​លេខ​៥​ជាមួយ​ប្តី​ឈ្មោះ ឃួ​ន កំសត់ អាយុ​៣២​ឆ្នាំ ត្រឡប់​មក​ពី​ផ្ទះ​ឪពុក​នៅ​ភូមិ​ព្រែក​ល្ពៅ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ​។

ពេល​ជិះ​មក​ដល់​ចំណុច​ខាងជើង​សួន​ស​ព័រ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។ តាម​បណ្ដឹង​ជន​រង​គ្រោះ​បាន​ប្រាប់​ថា នៅ​ក្នុង​កាបូប​ដែល​ចោរឆក់​នោះ​មាន​ទូរស័ព្ទ​ដៃ​០១​គ្រឿ​ម៉ាក OPPO-F9 និង​លុយ​ចំនួន​១០០​ដុល្លារ​អា​មេ​រិ​ក​។ លោក​បាន​ដឹកនាំ​កម្លាំង ចុះ​ធ្វើការ​ស្រាវជ្រាវ​តាម​វិធានការ​ជំនាញ ឈាន​ដល់​ការ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់ នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០ ម្នាក់​ឈ្មោះ ឆេ​ង តុ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ។

និង​ម្នាក់​ទៀត​ឈ្មោះ ហង្ស ដេ​វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ និង​ដកហូត​បាន​វត្ថុ​តាង​ទូរស័ព្ទ​ដៃ​ម៉ាក​OPPO-F9 មក​វិញ និង​បាន​ធ្វើការ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផង​ដែរ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែឧសភា ឆ្នាំ​២០២០៕ ដោយ ៖ ណុ​ប រក្សា​