កូវីដ-១៩ ៖ មានរឿងគូរឲ្យភ្ញាក់ផ្អើលមួយបានកើតមានឡើងចំពោះនិស្សិតខ្មែរម្នាក់ ដែលសិក្សានៅប្រទេសអង់គ្លេស។ គាត់មានរោគសញ្ញាផ្តាសាយរហូតដល់ជាង២០ថ្ងៃ ប៉ុន្តែក្រោយមកទើបរកឃើញថា មានមេរោគកូវីដ-១៩។ រឿងរ៉ាវនេះបានលាតត្រដាងចេញមក ដោយលោកស្រី យក សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីថ្ងៃទី៤ ខែឧសភា ក្នុងសន្និសីទប្រចាំសប្តាហ៍ស្តីពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា។ លោកស្រីបាននិយាយថា យុវតីកម្ពុជាដែលមិនបញ្ចេញឈ្មោះនោះទៅរៀននៅអង់គ្លេសរយៈពេល៥ទៅ៦ខែ។
គាត់បានកត់សម្គាល់ខ្លួនឯងថា មានរោគសញ្ញាផ្តាសាយជាង២០ថ្ងៃហើយ ប៉ុន្តែនៅតែមិន បាត់ទៀត។ នាងបានធ្វើដំណើរមកម្ពុជាតាមកូរ៉េខាងត្បូង។ ប៉ុន្តែមុនពេលឡើងយន្តហោះ មកកាន់ប្រទេសកម្ពុជា ប្រទេសកូរ៉េខាងត្បូងក៏បានរកឃើញថា នាងមានផ្ទុកមេរោគកូវីដ-១៩ ហើយនាងក៏មិនត្រូវបានគេឲ្យឡើងយន្តហោះ។ នាងកំពុងទទួលបានការព្យាបាលនៅ ប្រទេសកូរ៉េខាងត្បូង។ សុខភាពរបស់នាងមិនមានបញ្ហាអ្វីឡើយរហូតមកទល់ពេលនេះ។ ករណីរបស់យុវតីកម្ពុជារូបនេះបានបង្ហាញកាន់តែច្បាស់អំពីភាពស្រដៀងគ្នាដែលអាចធ្វើឲ្យច្រឡំរវាងជំងឺផ្តាសាយ និងជំងឺកូវីដ-១៩។
វាក៏បានប្រាប់ពីភាពស្មុគស្មាញនៃជំងឺកូវីដ-១៩ ដែលលាក់ខ្លួននៅក្នុងខ្លួនមនុស្សយើងហើយពិបាកនឹងរកឃើញទាន់ពេលវេលា។ លោកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានព្រមានថាការរាតត្បាតនៃ ជំងឺកូវីដ-១៩នៅកម្ពុជានៅឆ្ងាយពីការផុតរលត់ទៅ។ វាទាមទារឲ្យមានការប្រយ័ត្នខ្ពស់ បន្តទៀត។ ចំណែកលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសូងសុខាភិបាល ក៏បានអំពាវនាវឲ្យប្រជាជនកុំមានការភ្លេចខ្លួន ដោយសារតែឃើញស្ថានភាពល្អ នៅពេលបច្ចុប្បន្ននេះ ពីព្រោះកូវីដ-១៩នៅបន្តរាតត្បាតនៅឡើយក្នុងពិភពលោក៕ ដោយ ៖ សហការី