ស្រាវជ្រាវ ៖ គួឲ្យចម្លែកណាស់ដែលទិន្ន័យរបស់អ្នកវិទ្យាសាស្ត្របានរកឃើញថា មានករណី ដាច់សរសៃឈាមក្នុងខួរក្បាលក្នុងចំណោមអ្នកជំងឺកូវីដ-១៩ដែលវ័យក្មេង។ ទិន្ន័យនេះបានត្រូវចងក្រងដោយ Jefferson University Hospitals និងភាគីពីរផ្សេងទៀត។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់វេបសាយសុខភាព health.com។ ទិន្ន័យនេះបាននិយាយលម្អិតអំពីករណីអ្នកជំងឺកូវីដ-១៩ ប្រាំនាក់ដែលមានបញ្ហាដាច់សរសៃឈាមខួរក្បាល។
អ្វីដែលចម្លែកនោះ អ្នកជំងឺទាំងនេះគឺមានអាយុមិនដល់៣០ឆ្នាំផង។ ជាទូទៅ ការដាច់សរសៃឈាមខួរក្បាល ច្រើនកើតមាននៅក្នុងចំណោមមនុស្សវ័យចំណាស់។ ដូច្នេះ ករណីដែលបានរកឃើញ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចំណោមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។ ក្រៅពីធ្វើឲ្យមានការដាច់សរសៃឈាមខួរក្បាលក្នុងចំណោមមនុស្សវ័យក្មេងនេះ អ្នកវិទ្យាសាស្ត្រ ក៏យល់ថាចម្លែកផងដែរដែលរកឃើញថា មានបញ្ហាកំណកឈាមក្នុងសរសៃឈាមរបស់អ្នកជំងឺកូវីដ-១៩៕ ដោយ ៖ សហការី