មហាអំណាច​ឈ្លោះ​គ្នា នឹង​ខ្ទេច​ពិភពលោក

213

បទ​អត្ថាធិប្បាយ ៖ នៅ​ពេល​ដែល​ប្រទេស​បារាំង​បាន​ចាប់ផ្តើម​រក​ឃើញ​ថា ករណី​កូ​វី​ដ​-១៩ នៅ​បារាំង​កើត​មាន​ចាប់តាំងពី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ ហើយ​ករណី​ដំបូង​នៅ​អា​មេ​រិ​ក កើត​មាននៅ​ខែមករា​នោះ ចិន​បាន​ព្រលយ​ពាក្យ​ថា កូ​វី​ដ​-១៩ អាច​កើត​មាននៅ​អឺរ៉ុប និង​អា​មេ​រិ​ក មុន​កើត​មាននៅ​ក្នុង​ប្រទេស​ចិន​។ ចិន​និយាយ​បែប​នេះ ខណៈ​ដែល​អា​មេ​រិ​ក​លេង​កាន់តែ​ខ្លាំង​ដៃ ក្នុង​ការ​ចោទប្រកាន់ ចិន​ថា មេរោគ​កូ​វី​ដ​-១៩ បាន​ចេញ​មក​ពី​មន្ទីរពិសោធន៍​ចិន ហើយ​ចង់​សងសឹក​ចិន​ចំពោះ​រឿង​នេះ​។ ការ​ឈ្លោះ​គ្នា​អំពី​ប្រភព​នៃ​កូ​វី​ដ​-១៩ បាន​កាន់តែ​ពុះកញ្ជ្រោល​ឡើង ខណៈ​ដែល​ការ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត កាន់តែ​កើន​មាន​ច្រើន​ឡើង​។

Loading...

សហភាព​អឺរ៉ុប​ដែល​ជា​តំបន់​មាន​អ្នក​ស្លាប់​ច្រើន​ជាងគេ បំផុត​នោះ​បាន​ជំរុញ​ឲ្យ​មានការ​ស៊ើបអង្កេត​ទៅ​លើ​រឿង​នេះ​។ លោក ចូ​សេ​ហ្វ បូ​រ៉េ​ល ប្រធាន​ផ្នែក​កិច្ចការបរទេស​នៃ​សហភាព​អឺរ៉ុប​ត្រូវ​បាន​ទីភ្នាក់ងារសារព័ត៌មាន អេ​ភី របស់​អា​មេ​រិ​ក ដកស្រង់​សម្តី​ដែល​និយាយ​ថា សេចក្តីសម្រេច​ព្រៀង​មួយ​ដែល​គូសបញ្ជាក់​ពី​ផែនការ​នេះ នឹង​ដាក់​ជូន​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​ខាង​មុខ​នេះ​។ មន្ត្រី​រូប​នេះ​និយាយ​ថា ពួក​គេ​ចង់​ឲ្យ​មានការ​ពិភាក្សា​ឲ្យ​ច្បាស់លាស់ ទៅ​លើ​ប្រភព​នៃ​កូ​វី​ដ​-១៩ ដើម្បី​មាន​វិធានការ​កុំ​ឲ្យ​រឿង​នេះ​កើត​មាននៅ​ពេល​អនាគត​។

ប៉ុន្តែ​ការ​ស៊ើបអង្កេត​នេះ​ត្រូវ​ចេញពី​ជម្លោះ​រវាង​ចិន និង​អា​មេ​រិ​ក​ដែល​បាន​បន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក​។ សហភាព​អឺរ៉ុប​បាន​បញ្ចេញ​ជំហរ​សម្រាប់​ការ ស៊ើបអង្កេត​ឯករាជ្យ នៅ​ពេល​ដែល អា​មេ​រិ​កបាន​វាយប្រហារ​ចិន កាន់តែ​ខ្លាំង​ចំពោះ​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩​។ ទាំង​លោក​ប្រធានាធិបតី​ត្រាំ និង​លោក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក បាន​បង្កើន​សង្គ្រាមពាក្យសម្តី​ប្រឆាំង​ចិន​ដោយ​ចោទប្រកាន់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ថា​បាន​លាក់​រឿង​កូ​វី​ដ​-១៩ និង​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​ចោទ​ថា មាន​ភស្តុ​តាង​ដែល​ថា​មេរោគ​កូ​វី​ដ​-១៩ ចេញពី​មន្ទីរពិសោធន៍​របស់​ចិន​នៅ​ក្រុង​វូ​ហាន​។

រដ្ឋបាល​របស់​លោក​ត្រាំ​ក៏​កំពុង​តែ​រៀបចំ​ផែនការ​ដើម្បី​សងសឹក​ចិន​ដោយ​រួម​ទាំង​ការ​មិន​សងបំណុល និង​ទណ្ឌកម្មសេដ្ឋកិច្ច​ផង​ដែរ​។ ចំណែក​អង្គការ​សុខភាព​ពិភពលោក​វិញ​បាន​និយាយ នៅ​ដើម​ស​ប្តា​ហ៍​នេះ​ថា អា​មេ​រិ​ក​មិន​បាន​ផ្តល់​ជូន​ខ្លួន​នូវ​ឯកសារ​ដែល​ជា​ភស្តុ​តាង​សម្រាប់ ការ​ចោទប្រកាន់​នេះ​ទេ​។ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា អង្គការ​សុខភាព​ពិភពលោក មាន​បំណង​នឹង​ទទួលយក​ឯកសារ​បែប​នេះ​បើ​អា​មេ​រិ​ក​មាន​។ លោក​និយាយ​បន្ថែម​ទៀ​ថា ភស្តុ​តាង​ដែល​អង្គកា​សុខភាព​ពិភពលោក​មាន​ចង្អុលបង្ហាញ​ថា មេរោគ​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ មាន​ប្រភព​ចេញពី​ធម្មជាតិ​។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អា​មេ​រិ​ក​វិញ​និយាយ​ថា អា​មេ​រិ​ក​គួរ​មើល​ឲ្យ​វែង​ឆ្ងាយ ហើយ​មិន​ត្រូវ​គិត​ត្រឹមតែ​ការ​រាតត្បាត​នៃ​កូ​វី​ដ​-១៩​នោះ​ទេ​។ នៅ​ក្នុង​សំ​ណេ​រ​មួយ​របស់​លោក​ដែល​ចុះ​ផ្សាយ​នៅ​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍ លោក​បាន និយាយ​ថា ជា​ការ​ពិត​ករណី​ដំបូង​នៃ​មេរោគ​កូ​វី​ដ​-១៩ បាន​កើត​មាននៅ​ទីក្រុង​វូ​ហាន​។ នេះ​មាន​ន័យ​ថា វូ​ហាន​ជា​ជន​រង​គ្រោះ​ដំបូង​នៃ​កូ​វី​ដ​-១៩​។ លោក​និយាយ​ថា វា​ជា​រឿង​គួរ​ឲ្យ​ចង់​សើច​ណាស់ នៅ​ពេល​ដែល​គេ​ទាមទារ​ឲ្យ​ជន​រង​គ្រោះ​ធ្វើការ​សង​សំណង​។ បើសិនជា​គេ​យល់​ថា ធ្វើ​ដូច្នេះ​សម​ហេតុផល​មែន​នោះ គេ​អាច​នឹង​ចោទសួរ​បន្ត​ទៀត​ថា ចុះ​នរណា​គេ​នឹង​សង​ចំពោះ​ការ​ស្លាប់​ដោយសារ​មេរោគ ផ្តាសាយ H1N1 និង​មេរោគ​អេ​ដស៍?

តើ​នរណា​ទទួលខុសត្រូវ​ចំពោះ ការ​ខាតបង់ ដ៏​ធំធេង​ក្រៃ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ កាលពី​ឆ្នាំ​២០០៨​? នៅ​ពីក្រោយ​ផ្នត់គំនិត​នៃ​ការ​ស្តីបន្ទោស​ចិន គឺជា​នយោបាយ​ដ៏​កខ្វក់​មួយ ដែល​បង្កើត ឡើង​ដោយ​មនុស្ស​មួយ​ក្តាប់​តូច​ដែល​ចង់​បង្វែរ​ទិស​ការ​ចាប់អារម្មណ៍ នៃ​នយោបាយ​ក្នុងស្រុក​គោលបំណង​ផល​ចំណេញ​នយោបាយ​។ នៅ​ក្នុង​ល្បិច​កល​របស់​ពួក​គេ ចិន​ត្រូវ​តែ​ខុស​ជា​និច្ច​។ លោក​ក៏​បាន​លើក​ឡើង​ពី​ជំនួយ​របស់​ចិន​ចំពោះ​អា​មេ​រិ​ក ដោយ​បាន​និយាយ​ថា ម៉ាស​ចំនួន​ជាង​៤​ពាន់​លាន​ត្រូវ​បាន​ចិន ផ្តល់​ឲ្យ​អា​មេ​រិ​ក ឬ​ក៏​ជនជាតិ​អា​មេ​រិ​ក​ម្នាក់ ទទួល​បាន​ម៉ាស​ប្រហែល​ចំនួន​១៤​ពី​ចិន​។

ការ​ស្តីបន្ទោស​ចិន​នឹង​មិន​បញ្ចប់​ការ​រាតត្បាត​កូ​វី​ដ​-១៩​ទេ​។ ផ្ទុយ​មក​វិញ វា​នឹង​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​ទំនាក់ទំនង​អា​មេ​រិ​ក​ចិន ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​ប្រឆាំង​នឹង​ជំងឺ​នេះ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​សម្របសម្រួល​ដើម្បី​ដុត បញ្ឆេះ​ឲ្យ​សេដ្ឋកិច្ច​រស់​រវើក​ឡើង​វិញ​។ លោក​និយាយ​ព្រមាន​ថា អា​មេ​រិ​ក​នឹង​មិន​លេចធ្លោ ជា​អ្នក​ឈ្នះ នៅ​ក្នុង​សេណា​រី​យ៉ូ​បែប​នេះ​ឡើយ​។វា​ល្មម​ដល់​ពេលវេលា​ដែល​ត្រូវ​បញ្ចប់​ល្បែង​ស្តីបន្ទោស​នេះ​។

វា​ជា​ពេលវេលា​ដែល ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ជំងឺ​កូ​វី​ដ​-១៩ ហើយ​បង្កើត​ការ​ជឿ​ទុកចិត្ត​គ្នា រវាង​ប្រទេស​ទាំង​ពីរ​។ ការ​ឈ្លោះ​គ្នា​រវាង​មហាអំណាច និង​មហាអំណាច​ទៅ​លើ​រឿង​ថា តើ​គួរ​បន្ទោស​នរណា​ចំពោះ​ប្រភព​នៃ​កូ​វី​ដ​-១៩ វា​នឹង​ធ្វើ​ឲ្យ​គេ​ភ្លេច​គិតដល់ អ្វី​ដែល​ត្រូវធ្វើ​បន្ទាន់ នៅ​ពេល​នេះ​គឺ​ការ​រួម​គ្នា​ដើម្បី​កំចាត់​ការ​រាតត្បាត​មេរោគ​កូ​វី​ដ​-១៩​។ ជម្លោះ​កាន់តែ​ខ្លាំង​រវាង មហាអំណាច​នឹង​មិន​នាំ​មក​នូវ​ផល​ចំណេញ​អ្វី​ឡើយ​សម្រាប់​ពិភពលោក​ទាំងមូល ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ វា​នឹង​ធ្វើះ​ឲ្យ​ពិភពលោក​កាន់តែ​រង្គោះរង្គើ ហើយ​រារាំង​ដល់​កិច្ច​ប្រឹងប្រែង រួម​ប្រឆាំង​កូ​វី​ដ​-១៩៕ ដោយ ៖ ប្រេ​វី​ន