ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ២ភូមិផ្ទុះការតវាសុំឲ្យលោកអភិបាលក្រុងដោះស្រាយករណីឈ្មោះ សំ សាវឿន ហៅ អ៊ុក ណន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរប្រធានក្រុមហ៊ុន យកគ្រឿងចក្រជីកដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ យកអាចម៌ដីទៅលុបអូរសាធារណៈបណ្តោយជាង២០០ម៉ែត្រ ទទឹង១២ម៉ែត្រ និងចាក់លុបចំណីព្រែកទន្លេវ៉ៃគោ ទទឹងប្រមាណ២០ម៉ែត្រ បណ្តោយ១០០ម៉ែត្រ ហើយបិទផ្លូវទឹកធ្វើឲ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋចំនួន២ភូមិគឺ ភូមិបាក់រនាស់ និងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ទាក់ទិនករណីនេះ នៅថ្ងៃទី៧ ឧសភា ២០២០នេះ (មួយថ្ងៃពេញ) លោក ណុប ចំរើន អភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង បានដឹកនាំលោកអភិបាលរងក្រុងក្រុមប្រឹក្សាសង្កាត់សង្ឃ័រ មន្ត្រីសុរិយោដីក្រុង មន្ត្រីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ពិនិត្យដោះស្រាយ។ លទ្ធផលលោក ណុប ចំរើន បានមានប្រសាសន៍ថា ជំហានដំបូងគឺ អនុវត្តតាមកិច្ចព្រមព្រៀងនៅថ្ងៃទី៥ ឧសភា ២០២០ គឺឲ្យឈ្មោះ សំ សាវឿន ហៅ អ៊ុក ណន យកគ្រឿងចក្រ កាយលុបពង្រាបដីឲ្យប្រជាពលរដ្ឋរងគ្រោះ២គ្រួសារឲ្យបានរាបស្មើដូចដើមវិញ។

ទី២-ត្រូវកាយយកអាចម៌ដី ចេញពីអូរសាធារណៈដែលឈ្មោះ សំ សាវឿន បានលុប (ជីកយកអាចម៌ដីចេញទំហំទទឹង១២ម៉ែត្រ បើកផ្លូវទឹក ជូនប្រជាពលរដ្ឋវិញ។ ចំពោះការលុបអូរ និងចំណីព្រែកទន្លេវ៉ៃគោ ដែលលើកជាផ្លូវ និងសង់លំនៅឋានគឺ ទុកដោះស្រាយផ្នែកច្បាប់ផ្សេង ហើយលោកនឹងចេញលិខិតផ្អាកការសាងសង់មួយរយៈសិន នៅថ្ងៃទី៨ ឧសភា ២០២០ រង់ចាំការដោះស្រាយដោយបង្កើតក្រុមការងារសហការជាមួយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត មន្ត្រីសុរិយោដីចុះវាស់វែងរកទំហំប៉ះពាល់តាមផែនទីភូមិសាស្ត្រ(ទំហំអូរ និងចំណីព្រែក) ចុះពិនិត្យនៅថ្ងៃច័ន្ទ ទី១១ ឧសភា ២០២០ខាងមុខនេះ។

លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានមានប្រសាសន៍ថា ការលុបអូរសាធារណៈ និងការចាក់ដីរំលោភយកចំណីព្រែក ទៅធ្វើជាកម្មសិទ្ធិ គឺខុសច្បាប់ធ្ងន់ធ្ងរណាស់ ទោះបីយ៉ាងណាលោកមានប្រសាសន៍ថា រង់ចាំបង្កើតក្រុមការងារចុះពិនិត្យជាក់ស្តែង ឬសុំឲ្យចៅសង្កាត់ដាក់ពាក្យមកមន្ទីរជាលាយលក្ខណ៍អក្សរទើបលោកឆ្លើយតបជាលាយលក្ខណ៍អក្សរវិញបាន ឬសូមឲ្យលោកអភិបាលក្រុងធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរដើម្បីងាយស្រួលចុះពិនិត្យដោះស្រាយ។

ចំណែកប្រជាពលរដ្ឋនិយាយថា កំណត់ហេតុដែលមន្ត្រីសុរិយោដីក្រុងចុះវាស់វែង បោះបង្គោលដែលប្រជាពលរដ្ឋ យល់ព្រម គឺជីកកាយយកអាចម៌ដីចេញបើកផ្លូវទឹកតាមអូរចាស់ដែលមានទំហំទទឹង១២ម៉ែត្រ ក៏ប៉ុន្តែពេលយកគ្រឿងចក្រ ទៅជីកធ្វើផ្លូវទឹកជាក់ស្តែងគឺជីកទៅលើភ្លឺភ្លោះ និងជីកលើដីកម្មសិទ្ធិអ្នកផ្សេង ១គ្រួសារទៀត ចេញមកមកជំទាស់តវ៉ា ដូច្នេះប្រជាពលរដ្ឋសុំឲ្យគោរពតាមកំណត់ហេតុរបស់មន្ត្រីសុរិយោដី បានវាស់វែង និងបោះបង្គោលទើបប្រជាពលរដ្ឋយល់ព្រម សូមឲ្យលោកអភិបាលខេត្តមេត្តាចុះពិនិត្យ និងអន្តរាគមន៍ពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានឆាប់ផង៕ ដោយ ៖ វ៉ាន់ ប៊ុនធឿន


