ប្រជាពលរដ្ឋមាន​ការ​យល់​ដឹង​ច្រើន ក្រោយ​ពី​មានការ​រឹត​បន្តឹង​ចរាចរណ៍​ផ្លូវគោក

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន ដោយ​មន្ត្រី​នគរបាល​ធ្វើការ​ផាក​វិន័យ រថយន្ត​ធុន​ធំ​-​តូច​ជាង​២០​គ្រឿង និង​ម៉ូតូ​ជាង​៣០០​គ្រឿង​រហូត​ដល់​ថ្ងៃ​ទី​០៨ ខែឧសភា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​សួន​ស្ព័​រ ស្ថិត​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

Loading...

លោក​វរៈសេនីយ៍ទោ គី មក​រា នាយ​កា​រិ​យ​ល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​៖ ការ​រឹត​បន្តឹង​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ផ្លូវគោក​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​គោលបំណង​បង្កើន​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់ និង​កាត់​ប​ន្ថោ​យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បានជា​អតិបរមា​។ កងកម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​កំពុង​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​អនុក្រឹត្យ​ខាងលើ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មាន​ការ​លើកលែង និង​មាន​សីលធម៌ វិជ្ជាជីវៈ ព្រមទាំង​ឥរិយាបថ​ថ្លៃថ្នូរ ទន់ភ្លន់ និង​ម៉ឺងម៉ាត់​។

លោក​បាន​បញ្ជាក់​ថា​៖ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដែល​រឹត​បន្តឹង​នៅ​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ចរាចរណ៍ ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ អនុវត្តន៍​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​០៨ ខែឧសភា ឆ្នាំ​២០២០​នេះ ធ្វើការ​ផាក​វិន័យ​រថយន្ត​បាន​ចំនួន​២១​គ្រឿង មាន​រថយន្ត​តូច​ចំនួន​១៥​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​៦​គ្រឿង ក្នុង​នោះ​មាន​ស្មើ​ស​ច្បាប់​បើកបរ​ល្បឿន​លើស​កំណត់​ចំនួន​៦​គ្រឿង មិន​ពាក់​ខ្សែក្រវាត់​ចំនួន​១៣​គ្រឿង ដឹក​លើស​កំណត់​ចំនួន​២​គ្រឿង​។

ធ្វើការ​ផាក​វិន័យ​ម៉ូតូ ល្មើសច្បាប់​មាន ចំនួន​៣២៣​គ្រឿង មិន​ពាក់មួក​សុវត្ថិភាព​ចំនួន​២៦៧​គ្រឿង ម៉ូតូ​មិន​ដាក់​កញ្ចក់ ចំនួន​២១​គ្រឿង ឌុ​ប​លើស​កំណត់​មាន​ចំនួន​៤​គ្រឿង អត់​ស្លាក់​លេខ​ចំនួន​៣១​គ្រឿង​។ លោក​វរៈសេនីយ៍ទោ គី មក​រា បាន​បញ្ជាក់​ថា​៖ ក្រោយ​មានការ​រឹត​បន្តឹង​អនុវត្តន៍​ច្បាប់ ចរាចរណ៍​ផ្លូវគោក​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​គោលបំណង​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់ និង​កាត់​ប​ន្ថោ​យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​។ ឃើញ​ថា ប្រជាពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​មានការ​យល់​ដឹង​ច្រើន និង​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ចូលរួម​ការពារ​សុវត្ថិភាព​ទាំងអស់​៕ ដោយ ៖ ប៊ុ​ន ធឿ​ន