ក្រោយ​ផ្ទុះ​ករណី​កូ​វី​ដ​-១៩ ការ​ធ្វើ​ស្លាក​លេខ​រថយន្ត​ថ្មី​ថយ​ចុះ​ជាង​ពាក់កណ្តាល

185

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដែល​បាន​ចុះបញ្ជី និង​ពាក់​ស្លាក​លេខ រាជធានី​ភ្នំពេញ មាន​ចំនួន ៥០៨ ២៣៦​គ្រឿង គិត​ចាប់ពី​ឆ្នាំ​២០០៦ រហូត​ដល់​ខែមេសា​ឆ្នាំ​២០២០​នេះ​។ បន្ទាប់​ពី​ផ្ទុះ​ករណី​កូ​វី​ដ​-១៩ ក្នុង​រយៈពេល​៤​ខែ​កន្លង​មក ចាប់ពី​ខែមករា ដល់​ខែឧសភា ដើមឆ្នាំ​២០២០​នេះ ការ​ចុះបញ្ជី​រថយន្ត​ថ្មី មាន​សភាព​ស្ងប់ស្ងាត់ គឺ​មានការ​ថយ​ចុះ​ជាង​ពាក់កណ្តាល បើ​ប្រៀបធៀប​ទៅ​នឹង​ថ្ងៃ​ធម្មតា ទោះបីជា​សមត្ថកិច្ច​ប្រកាស​រឹត​បន្តឹង​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ចេញ​ថ្មី​ក្តី គឺ​ផ្ទុយ​ពី​ការ​ឆៀករថយន្ត និង​ប​ណ្ណ័​បើកបរ​ដែល​ប្រជាពលរដ្ឋ​សម្រុក​ទៅ​ធ្វើ ទ្វេរ​ឡើង​គុណ​នឹង ១០​ដង​។

Loading...

មន្ត្រី​ជំនាញ របស់​អង្គភាព​ចុះបញ្ជី​រថយន្ត យាន​យ​ន្តុ​ប្បក​រណ៍ និង​ត្រាក់ទ័រ នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ក្នុង​មួយ​រយៈពេល​៤​ខែ កន្លង​មកនេះ អង្គភាព​ចុះបញ្ជី​រថយន្ត យាន​យ​ន្តុ​ប្បក​រណ៍ និង​ត្រាក់ទ័រ ហាក់​មាន​សភាព​ស្ងប់ស្ងាត់ គឺ​ប្រជាពលរដ្ឋ​ដែល​ទៅ​ចុះបញ្ជី​រថយន្ត​ថ្មី​មានការ​ថយ​ចុះ​ច្រើន ឬ​គុណ​នឹង​២​ដង បើ​ប្រៀបធៀប​ទៅ​នឹង មុន​ពេល​ផ្ទុះ​ករណី​កូ​វី​ដ​-១៩​។ លោក​បន្ត​ថា ជាក់ស្តែង​សម្រាប់​ខែមករា ប្រជាពលរដ្ឋ​ទៅ​ចុះបញ្ជី​រថយន្ត​ថ្មី មាន​ចំនួន​៦៨២៥​គ្រឿង ខែកុម្ភៈ​ចំនួន​៤ ៥២០​គ្រឿង ខែមីនា​មាន​ចំនួន​៥៦៣៨​គ្រឿង និង​ខែមេសា​កន្លង​មកនេះ បាន​ធ្លាក់​នៅ​ត្រឹម​៣៣៣៨​គ្រឿង ហើយ​សម្រាប់​ខែឧសភា​នេះ​រឹតតែ​ស្ងាត់ ជាង​ខែ​មុន​ទៅ​ទៀត​។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា អង្គភាព​ចុះបញ្ជី​រថយន្ត​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ មាន​ចំនួន​ពីរ​ទីតាំង គឺ​មួយ​នៅ​ចំការ​ដូង និង​មួយទៀត​នៅ ឬ​ស្សី​កែវ ឬ​នៅ​ជិត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​កាលពីមុន​ទីតាំង​ទាំង​ពីរ​នេះ ទទួល​ចុះបញ្ជី​រថយន្ត​ថ្មី ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជាង​៣០០​គ្រឿង តែ​ពេល​នេះ​មាន​តែ​ជាង​១០០​គ្រឿង​ប៉ុណ្ណោះ​។ ក្នុង​មួយ​រយៈពេល​នេះ មន្ត្រី​រង់ចាំ​ទទួល​ចុះបញ្ជី​បម្រើ​ជូន​ប្រជាពលរដ្ឋ​គ្រប់ពេល​ម៉ោង​ធ្វើការ ដែល​មិន​ឲ្យ​យឺតយ៉ាវ​ឡើយ និង​ផ្តល់​ស្លាក​លេខ​ជូន​បាន​ភ្លាម​ៗ​ប្រសិនបើ​មាន​ឯកសារ​គ្រប់គ្រាន់ មិន​ដូច​ការ​ចោទប្រកាន់​ថា មានការ​កកស្ទះ ឬ​ធ្វើ​មិន​ទាន់​នោះ​ឡើយ​។

មន្ត្រី​ជំនាញ​របស់​អង្គភាព ចុះបញ្ជី​រថយន្ត បាន​បញ្ជាក់​ថា អង្គភាព​ចុះបញ្ជី​រថយន្ត​ទាំង​ពីរ​ទីតាំង​នោះ​នៅ​ជាប់​ជាមួយនឹង កន្លែង​ឆៀករថយន្ត ហើយ​មួយ​រយៈពេល​នេះ រថយន្ត​ជា​ច្រើន​បាន​សម្រុក​ទៅ​ឆៀក ដែល​ធ្វើ​ឲ្យ​មានការ​កកស្ទះ គឺ​មិនមែន​អ្នក​ទៅ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​ថ្មី​ទេ គឺ​រថយន្ត​រង់ចាំ​ចូល​ឆៀក​ទេ​។ មន្ត្រី​ដដែល​បាន​អះអាង​ទៀត​ថា សម្រាប់​ការ​ចុះបញ្ជី​ធ្វើ​ស្លាក​លេខ​រថយន្ត​ថ្មី​នេះ ប្រជាពលរដ្ឋ​កុម្ម​ង់​លេខ ឬ​ចុះបញ្ជី និង​បង់លុយ​តាម​ប្រ​ព​ន្ធ័​អន​ឡាញ​ទាំងស្រុង ចំណែក​មន្ត្រី​ជំនាញ​ជា​អ្នកត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ផ្តល់​ជូន​ស្លាក​លេខ និង​កាត​គ្រី​ជា​ការ​បញ្ចប់​ចុង​ក្រោយ​។

សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ ប្រជាពលរដ្ឋ បាន​នាំ​គ្នា​សម្រុក​យក​រថយន្ត​ទៅ​ឆៀក និង​ទៅ​ធ្វើ​ប័ណ្ណបើកបរ​យ៉ាងច្រើន​កុះករ​រហូត​ដល់​មានការ​កកស្ទះ ផង​ដែរ បន្ទាប់​ពី​សមត្ថកិច្ច​ប្រកាស​រឹត​បន្តឹង​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ចេញ​ថ្មី ប៉ុន្តែ​សម្រាប់​ការ​ចុះបញ្ជី​រថយន្ត​ថ្មី​បែរជា​ស្ងាត់​ទៅ​វិញ​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ