រដ្ឋបាល​ខេត្ត​នឹង​ស៊ើបអង្កេត​លើ​មន្ត្រី និង​ពលរដ្ឋ​ពាក់ព័ន្ធ​ដោយឡែក​ម្នាក់​ៗ​ជុំវិញ​រឿងអាស្រូវ

ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​នឹង​បើក​ការ​ស៊ើបអង្កេត​លើ​មន្ត្រី និង​ពលរដ្ឋ​ពាក់ព័ន្ធ ដោយឡែក​ម្នាក់​ៗ​ជុំវិញ​រឿងអាស្រូវ​អភិបាលស្រុក​ភ្នំស្រុក​លក់​ដី​រដ្ឋ​នៅ​អាង​ត្រពាំង​ថ្ម ។ នេះ​បើ​តាម​ប្រភព​ព័​ត័​មាន បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២០​។ ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ផ្នែក រដ្ឋបាល​ចេញ​លិខិត​កោះ​អញ្ជើញ មន្ត្រី​ជា​អភិបាលរង​ស្រុក ប្រធាន​ភូមិបាល មន្ត្រី​ពាក់ព័ន្ធ​នៅ​ស្រុក មេឃុំ មេ​ភូមិ ឈ្មួញ ពលរដ្ឋ​….​មួយ​ចំនួន​ដើម្បី​ចូលខ្លួន​បំភ្លឺ​ករណី​ទីតាំង​ដី​ទុក​សម្រាប់​ធ្វើ​ប៉ុស្តិ៍​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​របស់​កងកម្លាំង​ទាំង​៣(​នគរបាល​,​កងរាជអាវុធហត្ថ និង​ផ្នែក​សឹក​រង​ស្រុក​) និង​ដី​របស់​ពលរដ្ឋ​នៅ​សងខាង​ផ្លូវ​ឡើង​អាង​ទំនប់ អាង​ត្រពាំង​ថ្ម​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្ម​កណ្តាល ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។

Loading...

ការ​បំភ្លឺ​នឹង​ធ្វើ​នៅ​សាលាខេត្ត​ដាច់​ដោយឡែក​ពី​គ្នា​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០​។ ការ​កោះហៅ​នេះ បន្ទាប់​ពី​លោក​អភិបាលខេត្ត​បាន​ដឹកនាំ​ប្រជុំ​ដោះស្រាយ​បាតុភាព​នៃ​ការ​ផ្ទុះ​រឿងអាស្រូវ​ដោយ​ចោទប្រកាន់​ថា​លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​ឃុបឃិត​គ្នា​លក់​ដី​រដ្ឋ​នៅ​អាង​ត្រពាំង​ថ្ម ក្នុង​អំឡុង​ខែមីនា និង​ខែមេសា ឆ្នាំ​២០២០​កន្លង​មក​។ សូម​រំលឹក​ថា​៖ កន្លង​មក រដ្ឋបាល​ខេត្ត​បាន​បញ្ជូន​មន្ត្រី​២​ក្រុម ទីទៃ​ពី​គ្នា​ចុះ​ស្រាវ​វ​ជ្រាវ​ពាក្យបណ្តឹង របស់​កងកម្លាំង​ទាំង​៣ (​នគរបាល​ស្រុក កងរាជអាវុធហត្ថ​ស្រុក និង​ផ្នែក​សឹក​រង​ស្រុក​ភ្នំស្រុក​) ដែល​អធិការ ,​មេបញ្ជាការ​នៃ​អង្គភាព​នីមួយ​បាន​ប្តឹង​មក​ថ្នាក់​ខេត្ត​ពី​ករណី​ដែល​ចោទ​ថា លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក និង​អភិបាលរង មន្ត្រី​ចំណុះ​ស្រុក មេឃុំ មេ​ភូមិ និង​ពលរដ្ឋ​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ឆ្ពិន​ភ្នែក​លក់​ដី​រដ្ឋ​របស់​អង្គភាព​ខាងលើ ។

បន្ថែម​លើ​នោះ ការ​បែកធ្លាយ​ដល់​ការ​លក់ ឬ​ធ្វើ​របូត​បាត់ដី​រដ្ឋ​នៃ​សារពើរ ភ័​ណ្ឌ​របស់​អាជ្ញាធរ​ដែនដី និង​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ឲ្យ​ទៅ​ជា​កម្មសិទ្ធិ​បុគ្គល​ឯកជន​នៅ​ម្តុំ​នោះ ឲ្យ​ទៅ​បុគ្គល​ឯកជន​ជា​ច្រើន​នាក់​។ ប៉ុន្តែ​ដោយសារ​ថា របាយការណ៍​មន្ត្រី​សាលាខេត្ត​ទាំង​២​ក្រុម​នោះ​មិន​ដូច​គ្នា គឺ​របាយការណ៍​ខាង​ក្រុម​លោក ណ​ង វុ​ទ្ធី នាយករង​រដ្ឋបាល​ខេត្ត​ថា ដី​រដ្ឋ​វា​ពិតជា​ត្រូវ​គេ ហ៊ាន​ធ្វើ​ឯកសារ​ដើម្បី​យក​ទៅ​លក់​ឲ្យ​ឯកជន​មែន​។ ផ្ទុយ​ទៅ​វិញ របាយការណ៍​របស់​ក្រុម​លោក នូ យ៉​ត ប្រធាន​ការិយាល័យ​គ្រប់គ្រង​សារពើ​ភ័​ណ្ឌ​រដ្ឋ​សាលាខេត្ត​៖ ថា​ដី​រដ្ឋ​ទាំងនោះ​បាន​ក្លាយទៅជា​ដី​ឯកជន​ទៅ​ហើយ (​អង្ករ​ក្លាយជា​បាយ )​។

ហេតុនេះ​ហើយ​ទើប​ឯកឧត្តម​អភិបាលខេត្ត ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស៊ើបអង្កេត​ជា​ថ្មី​ម្តងទៀត​មុន​នឹង​រដ្ឋបាល​សម្រេច​។ ជាមួយ​គ្នា​នេះ​រដ្ឋបាល​ខេត្ត​បញ្ជារ​ឲ្យ​ទប់ស្កាត់​ចាក់​ដី​, ហាម​បញ្ជាក់​ទិញ​លក់ ផ្ទេរ និង​សាងសង់​សំណង់​គ្រប់​ប្រភេទ​នៅ​លើ​ដី​រដ្ឋ​នៅ​សងខាង​ផ្លូវ​ឡើង​ទៅ​អាង​ត្រពាំង​ថ្ម​នោះ​ដែរ ។ ក្រោយ​បែកធ្លាយ​រឿងអាស្រូវ​នេះ​ទៅ​ហើយ ក៏​លោក​អភិបាលស្រុក​ភ្នំស្រុក និង​មន្ត្រី​នៅ​បាន​ឃុបឃិត​ឲ្យ​គេ​ចាក់​ដី​លុប​បំបាត់ភស្តុតាង​លើ​ដី​ដែល​កងកម្លាំង​ទាំង​៣​កំពុង​ប្តឹងផ្តល់ និង​ចាក់​លើ​ដី​រដ្ឋ​ដែល​លក់​ឲ្យ​ឯកជន​ផ្សេង​ទៀត​។ លិខិត​របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​លេខ​២៦៦/ ២០​ស​ជ​ណ ចុះ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០ ចុះហត្ថលេខា​ដោយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ៖

បច្ចុប្បន្ន​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​បាន​ពិនិត្យ​ឃើញ​ថា មានការ​ចាក់​បំពេញ​អាចម៍ដី និង​សាងសង់​សំណង់​លើ​ទីតាំង​ដី​រដ្ឋ​នៅ​សងខាង​ផ្លូវ​ឡើង​ទៅ​អាង​ត្រពាំង​ថ្ម​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្ម​ខាងជើង​,​ភូមិ​ត្រពាំង​ថ្ម​ខាង​ង​ត្បូង​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​។ ពាក់ព័ន្ធ​ករណី​នេះ រដ្ឋបាល​ខេត្ត​ស្នើ​លោក​អភិបាលស្រុក​ភ្នំស្រុក ចាត់វិធានការ​ទប់ស្កាត់​ការ​ចាក់​បំពេញ​អាចម៍ដី​,​ការ​សាងសង់​សំណង់​គ្រប់​ប្រភេទ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ហាម​បញ្ជាក់​ទទួលស្គាល់​រាល់​ការ​ទិញ លក់ដូរ ផ្ទេរ​សិទ្ធ​គ្រប់​ប្រភេទ​លើ​ទីតាំង​ដី​រដ្ឋ​នៅ​សងខាង​ផ្លូវ ឡើង​ទៅ​អាង​ត្រពាំង​ថ្ម ។

សូម​រំលឹក​ដែរ​ថា កន្លង​មក​ដល់​ថ្ងៃនេះ​នៅ​តែ​មាន​ករណី​ដូចដែល​ខេត្ត​បាន​ហាម​ដូច​ខាងលើ ដែល​មើលទៅ​លោក​អភិបាលស្រុក​ភ្នំស្រុក និង​រដ្ឋបាល​ស្រុក​នេះ មិន​ត្រឹមតែ​មិន​ទទួលស្គាល់​កំហុស​របស់​ខ្លួន ដែល​ប្រើ​ល្បិច​កល​ជា​ក្រុម​បន្លំ​លក់​ដី​រដ្ឋ​របស់​អាជ្ញាធរ​ដែនដី និង​ដី​រដ្ឋ​នៃ​ក្រសួង​ធនធានទឹក​ទៅ​ឲ្យ​ឯកជន​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​នៅ​ថែម​ទាំង​ធ្វើ​ជា​ខ្នងបង្អែក​ឲ្យ​អ្នក​ឃុបឃិត​ក្នុង​រត់ការ​ធ្វើ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​លើ​អចលនវត្ថុ​(​ប្លង់​រឹង​)​និង​ឲ្យ​មាន​ចលនា​ចាក់​ដី​បំពេញ​លើ​បឹង​ត្រាវ បឹង​កំប្លោក បឹង​ឈូក​ជា​ដី​រដ្ឋ​នៅ​ទីតាំង​ខាងលើ​ថែម​ទៀត​។ សកម្មភាព​ខុសច្បាប់ ខាងលើ បាន​ផុលផុស​ខ្លាំង​នៅ​ក្នុង​ទូ​ទាំង​ខេត្ត និង​ប្រទេស​បាន​ជាប់ដៃ​បាន និង​ង​កំពុង​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង ជំងឺ​កូ​វីត​-១៩​។

សូម​រំលឹក​ដែរ​ថា ដី​រដ្ឋ​៣​ទីតាំង​នៅ​ជាប់​អាង​ត្រពាំង​ថ្ម​ដែល​ត្រូវ​បាន​លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក និង​មន្ត្រី ព្រមទាំង​ឈ្មួញ​រត់ការ​ឃុបឃិត​គ្នា​លក់ ,​ផ្ទេរ ,​ដោះ​ដូរ​មាន​៣ ៖ ប្រភេទ​ទី​១ – ដី​នោះ​ស្ថិត​នៅ​ជាប់​ខាងត្បូង​ផ្លូវ​ចូល​អាង​ត្រពាំង​ថ្ម និង​ក៏​ជាប់​នឹង​រោង​ខ្យូ​សលក់​អាហារ​រមណីយដ្ឋាន​អាង​ត្រពាំង​ថ្ម ហើយ​ត្រូវ​បាន​ចែក​ជា​របប​អង្គភាព​រដ្ឋ​៣​ស្ថាប័ន (​នគរបាល អាវុធហត្ថ និង​យោធា​) មាន​ទំហំ​ទទឹង​៣៦​ម៉ែត្រ បណ្តា​យ​ជិត​១០០​ម៉ែត្រ ឬ​ប្រមាណ​៥.៥៧៣​ម៉ែត្រក្រឡា​។ លក់​ក្នុង​តម្លៃ​១​ម៉ែត្រ​ដើរ​គុណ​ជម្រៅ​១០០​ម៉ែត្រ តម្លៃ​៣.៥០០​ទៅ​៤.០០០​ដុល្លា ។

ទី​២ -​ដី​ជាប់​-​ក ខាងកើត​នៃ​ស្ពាន​ទី​១​ទំនប់​អាង​ត្រពាំង​ថ្ម ដែល​ដោះ​ដូរ​ឲ្យ​ឯកជន ធ្វើ​ហាង​អាហារ​យីហោ យៀ​ត និមល ទំហំ​ជាង​៣០​ម៉ែត្រ គុណ​៥០​ម៉ែត្រ​។ និង​ទី​៣- ក៏​មានការ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​ពី ក្នុង​នោះ​២​កន្លែង​ទៀត ក៏​ត្រូវ​បាន​ផ្ទេរកម្មសិទ្ធិ​ផង​ដែរ​។ គឺ​ដី​របស់​ឈ្មោះ សា​វ៉ង់ យាយ​ថឺ​ង ១​កន្លែង ដែល​កំពុង​ចាក់​ដី និង​ដី​របស់​ឈ្មោះ​រតន៍ ដែល​កំពុង​សាងសង់​ហាង​កាហ្វេ​កុង​តឺ​នើ​។ ដី​១​កន្លែង​ៗ​មាន​ទំហំ​ទទឹង​ជាង​៣០​ម៉ែត្រ បណ្តោយ​ជាង​១០០​ម៉ែត្រ ។

ចំពោះ​ដី​ទីតាំង​ទី​១ ខាងលើ បើ​យោង​លិខិត​រដ្ឋបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ថា​៖ កាលពី​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រុមការងារ​ស្រុក​ដែល​រួម​មាន​លោក សុក រឹ​ទ្ធី អភិបាលរង​ស្រុក លោក តាំង ផា​ន ប្រធាន​ភូមិបាល​ស្រុក លោក ឃុ​ត ឃួ​ន មេឃុំ​ប៉ោយ​ចារ និង​មន្ត្រី​អាជ្ញាធរ និង​ជំនាញ​បាន​ចុះ​អង្កេត​វាស់វែង​ដី លំនៅ​ឋាន​របស់​ឈ្មោះ ស៊ិ​ប ប៊ុ​ន​ធូ អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ ឃាង ឆៃ អាយុ​៤៦​ឆ្នាំ លំនៅ​ភូមិ​-​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។ គឺ​ផ្ទេរកម្មសិទ្ធិ​កាន់កាប់​ដី​លំនៅ​ដ្ឋា​ន​ពី​ឈ្មោះ តោ ប៊ុ​ន​ហ៊ាន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ និង​ឈ្មោះ ផាំង កែវ​ឡៃ អាយុ​៦៤​ឆ្នាំ ជា​ប្រពន្ធ​នៅ​ភូមិ​ត្រពាំង​ថ្ម ខាងត្បូង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក​នោះ ។ អំពី​ការ​ផ្ទេរកម្មសិទ្ធិ​នេះ មន្ត្រី​នៃ​អង្គភាព​ខាងលើ ក៏​ដូច​ពលរដ្ឋ​បាន​បញ្ជាក់​ថា ៖ នេះ​ជា​ដី​រដ្ឋ មិនមែន​ដី​របស់​ពលរដ្ឋ​ឈ្មោះ តោ ប៊ុ​ន​ហ៊ាន និង​ប្រពន្ធ​ឈ្មោះ ផាំង កែវ​ឡៃ អី​ទៀត​ទេ​៕​ដោយ ៖ ណុ​ប រក្សា