អ្នក​ជួល​ដី ជួល​ផ្ទះ​ខេត្ត​ព្រះ​សីហ​នុ ពេល​ណា​មាន​ទឹកមាត់​លេប​វិញ?

ខេត្ត​ព្រះ​សីហ​នុ ៖ ពេល​ណា​សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ​អាច​រស់​រវើក​ដូច​ដើម​វិញ? ពេល​ណា​ទើប អ្នក​ជួល​ដី ជួល​ផ្ទះ​ខេត្ត​ព្រះ​សីហ​នុ​អាច​មាន​ទឹកមាត់​លេប​ឡើង​វិញ? នេះ​ជា​សំណួរ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ បន្ទាប់ ករណី​នៃ​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​អស់ហើយ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។ ក្រសួងសុខាភិបាល​បាន ប្រកាស​ថា នៅ​សល់​តែ​អ្នកជំងឺ​ម្នាក់​ទៀត​ប៉ុណ្ណោះ​នៅ​ខេត្តបន្ទាយមានជ័យ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​អ្នកជំងឺ​១២១​នាក់ ក្នុង​ចំណោម​អ្នកជំងឺ​១២២​នាក់ បានជា​សះស្បើយ​។

Loading...

កន្លង​មក​បញ្ហា​កូ​វី​ដ​-១៩ បាន​បន្ថែម​ទម្ងន់​សង្កត់​ទៅ​លើ​សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ បន្ទាប់​ពី​កម្ពុជា​សម្រេច​បិទ​កាស៊ីណូ​អន​ឡាញ​។ ដូច្នេះ នៅ​ពេល​ដែល​បញ្ហា​កូ​វី​ដ​-១៩ បាន​បាត់​អស់ពី​ខេត្ត​ព្រះ​សីហ​នុ គេ​រំពឹង​ថា​សេដ្ឋកិច្ច​នៃ​ខេត្ត​នេះ​នឹង​រស់​ឡើង​វិញ ហើយ​អ្នក​ជួល​ផ្ទះ និង​អ្នក​ជូ​ល​ដី​កំពុង​រង់ចាំ​ដំណឹង​ល្អ​បែប​នេះ​។ សកម្មភាព​សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ បាន​ពឹងផ្អែក​ច្រើន​ទៅ​លើ​ជនជាតិ​ចិន​ដែល​បាន​មក​បណ្តាក់ទុន និង​រកស៊ី​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

ការ​ជួល​ដី និង​ផ្ទះសម្បែង​នៅ​ខេត្ត​នេះ ភាគច្រើន​បំផុត​គឺ​ដោយ​ជនជាតិ​ចិន​។ កន្លង​មក​ដោយសារ​កូ​វី​ដ​-១៩ អ្នក​វិនិយោគ​ចិន អ្នក​រកស៊ី​ជនជាតិ​ចិន និង​អ្នក​ទេ​ចរណ៍​ចិន​បាន​ថយ​សកម្មភាព​ហើយ ការ​ជួល​ដី និង​ជួល​ផ្ទះ​ក៏​ស្ងាត់​ទៅ​តាម​នោះ​។ ខណៈ​ដែល​ការ​ជួល​ដី និង​ជួល​ផ្ទះ​ខ្លះ​ក៏​លែង​មាន​តទៅ​ទៀត​នោះ អ្នកខ្លះ ត្រូវ​បង្ខំចិត្ត​បញ្ចុះតម្លៃ​៥០​ភាគរយ​ក៏​មាន​។ ទន្ទឹម​ជាមួយ​គ្នា​នោះ មាន​អ្នកខ្លះ​ក៏​យំ​មិន​ចេញ​ដែរ ដោយសារ​តែ​ការ​ខ្ចី​លុយ​ធនារ​គារ ដើម្បី​ទិញ​ដី ឬ​ក៏​ផ្ទះ​ឬ​ក៏​សាងសង់​ផ្ទះ ដើម្បី​ជួល​ឲ្យ​ជនជាតិ​ចិន​។

ឥឡូវ​អស់​កូ​វី​ដ​-១៩ ហើយ​នៅ​ខេត្ត​ព្រះ​សីហ​នុ អ្នក​ជួល​ដី និង​ជួល ផ្ទះ​កំពុង​តែ​ចង់​ឃើញ​សកម្មភាព​រកស៊ី​នៅ​ខេត្ត​ព្រះ​សីហ​នុ​រស់​រវើក​ឡើង​វិញ ហើយ​ពួក​គេ​អាច​រក​ចំណូល​បាន​ដូច​ដើម​។ ប៉ុន្តែ​លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​ធ្លាប់​និយាយ​ថា សកម្មភាព​សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ​នឹង​ត្រូវការ​ពេលវេលា​ដើម្បី​រីក​ចម្រើន​ដូច​ដើម​វិញ​។ ក្នុង​ន័យ​នេះ វា​ប្រហែលជា​នឹង​ត្រូវការ​ពេល​វា​ខ្លះ​ទៀត​មុន​ពេល ដែល​អ្នក​ជូ​ល​ដី និង​ជួល​ផ្ទះ​នៅ​ខេត្ត​ព្រះ​សីហ​នុ​អាច​មាន​ទឹកមាត់​លេប​ដូច​ដើម​វិញ​៕ ដោយ ៖ ប្រេ​វី​ន