សន្លឹក​បៀ​នយោបាយ របស់​លោក សម រ​ង្ស៊ី

164

វិភាគ​នយោបាយ ៖ ចាប់​តាំ​ពី​លោក​បាន​បង្កើត​គណបក្ស​នយោបាយ​កាលពី​ឆ្នាំ​១៩៩៥ ដែល​មានឈ្មោះ​ថា «​ជាតិខ្មែរ​» និង​ក្រោយមក​ដូរ​ឈ្មោះ​ជា «​គណបក្ស សមរ​ង្ស៊ី​» ជីវិត​នយោបាយ របស់​លោក សម រ​ង្ស៊ី មានការ​លិចអណ្តែត​ជា​ច្រើន​ដង ហើយ​ធ្វើ​ឲ្យ​លោក​ធ្វើ​និរទេស​ទៅ​ក្រៅប្រទេស ជា​ញឹកញាប់​ផង​ដែរ​។ ទោះបីជា​លោក​បាន​ធ្លាប់​មានរឿង​ក្តី​ជា​ច្រើន​ដង​យ៉ាងណា​ក៏​ដោយ​ចុះ លោក សម រ​ង្ស៊ី ដែល​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង​ដែរ​នៅ​ចន្លោះ​ឆ្នាំ​១៩៩៣-១៩៩៤ នោះ អាច​ទទួល បានការ​លើកលែងទោស​ពី​ព្រះ​មហារ​ក្សត្រ ហើយ​វិល​ត្រឡប់​មក​ធ្វើ​នយោបាយ​វិញ​ដោយ​ធ្វើ ឲ្យ​សំឡេង​នៃ​ការ​គាំទ្រ​ចំពោះ​លោក​បាន​កើនឡើង​ជាប់​រហូត​។

Loading...

គណបក្ស ស មរ​ង្ស៊ី ដែល​បាន​ប្តូរ​ឈ្មោះ​ពី គណបក្ស​ជាតិខ្មែរ​កាលពី​ឆ្នាំ​១៩៩៥​នោះ បាន​ទទួល​អាសនៈ​ចំនួន​១៥ នៅ​ក្នុង​រដ្ឋសភា ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ហើយ​ចំនួន​អាសន​របស់​គណបក្ស នេះ បាន​កើនឡើង​រហូត​ដល់​ចំនួន​២៤ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៣ និង​ក្រោយមក​ទទួល​បាន​២៦ អាសនៈ នៅ​ឆ្នាំ​២០០៨​។ ចំណែក​ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​លោក សម រ​ង្ស៊ី ដែល​កើត​ចេញពី​ការ​ច្របាច់​បញ្ចូល​គ្នា នៃ​គណបក្ស សម រ​ង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក កឹ​ម សុខា នោះ​បាន​ទទួល​អាសនៈ​ចំនួន ៥៥ ក្នុង​ចំណោម​អាសនៈ​ទាំងអស់​១២៤​នៅ​ក្នុង​រដ្ឋសភា​។

វា​ជា​និន្នាការ​កំណើន​ប្រកបដោយ​ក្តី​សង្ឃឹម​មួយ សម្រាប់​អ្នកនយោបាយ និង​អ្នកគាំទ្រ​ខាង​គណបក្សប្រឆាំង មុន​ពេល​ដែល​គណបក្ស សង្គ្រោះ​ជាតិ បាន​ត្រូវ​រំលាយ​ដោយសារ​តែ​ភាព​ជំពាក់ជំពិន​ផ្លូវច្បាប់​នៃ​មេដឹកនាំ​គណបក្ស​នេះ​កាលពី​ឆ្នាំ​២០១៧​។ សូ​ម្បី​តែ​គណបក្ស​ សង្គ្រោះ​ជាតិ​បាន​រំលាយ​ទៅ​ហើយ​ក្តី អ្នកនយោបាយ និង​អ្នកគាំទ្រ​គណបក្សប្រឆាំង មួយ​នេះ​នៅ​តែ​មិន​អស់ចិត្ត ហើយ​បន្ត​ដើរ​តាម​បន្ទាត់នយោបាយ​របស់​លោក សម រ​ង្ស៊ី ដោយ​សង្ឃឹមថា នឹង​អាច​មាន​ដំណោះស្រាយ​វិល​ត្រឡប់​ទៅ​រក​ភាពល្អ​ប្រសើរ​វិញ​។


ប៉ុន្តែ​តើ​ពេល​នេះ​សន្លឹក​បៀ​របស់​លោក សម រ​ង្ស៊ី ដែល​ត្រូវ​បាន​ធីប​ចោល​ដោយសារ​តែ​រឿង​ក្តី ផ្លូវច្បាប់​នោះ​នឹង​អាចយ​កមក​លេង​ឡើង​វិញ​បាន​ឬទេ? ហើយ​តើ​អ្នក​ដើរ​តាម​លោក សម រ​ង្ស៊ី នឹង​មាន​វាសនា​នយោបាយ​បែប​ណា?លទ្ធភាព​ដែល​ជីវិត​នយោបាយ​របស់​លោក​អាច​មានសំណាង នឹង​វិល​ត្រឡប់​មក​ដូច​ដើម​វិញ​គឺ​សឹងតែ​មិន​មាន​ទាល់តែ​សោះ ដោយសារ តែ​អ្វី​ៗ​នឹង​ចំណុះ​ទៅ​លើ សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ក្នុង​ការ​សុំ​ការ​លើកលែងទោស​ទៅ​កាន់​ព្រះមហាក្សត្រ ដោយសារ​តែ​លោក សម រ​ង្ស៊ី មាន​ជាប់ជំពាក់​ច្រើន​ទៅ​លើ​ផ្លូវច្បាប់​។


ក្តី​សង្ឃឹម​ដែល​សម្តេច តេ​ជោ ហ៊ុន សែន នឹង​ស្នើ​ទៅ​កាន់​ព្រះមហាក្សត្រ​ដើម្បី​សុំ​ឲ្យ​មាន ការ​លើកលែងទោស ដល់​លោក សម រ​ង្ស៊ី គឺ​ហាក់ដូចជា​មិន​មាន​ទាល់តែ​សោះ ដោយ​ពិចារណា​ទៅ​លើ​អ្វី​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍ និង​ការ​វាយប្រហារ របស់​លោក សម រ​ង្ស៊ី មក​លើស​ម្តេច​តេ​ជោ និង​រដ្ឋាភិបាល​មិន​មានការ​ដកថយ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្លាប់​មាន​ប្រសាសន៍​ថា សម្តេច​នឹង​មិន​ធ្វើការ​លើកលែងទោស ណាមួយ​ដល់​លោក សម រ​ង្ស៊ី ឡើយ​។

ការ​ទន់​ចិត្ត​របស់​នាយក​រដ្ឋមន្ត្រី ដើម្បី​ឈាន​ដល់​ការ លើកលែងទោស​ពី​ព្រះមហាក្សត្រ​រឹតតែ​លែង​មាន​ទៀត បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន សម្រេច​ព្យួរ​មួយ​ផ្នែក​ការ​លើកលែង​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រង​ផល​ប៉ះពាល់ ហើយ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានការ​ជា​ច្រើន ដើម្បី​បន្ថយ​ផល​ប៉ះពាល់​នោះ​។ លោក សម រ​ង្ស៊ី ត្រូវ​បាន​បន្ទោស​ដោយ​គណបក្សកាន់អំណាច និង សម្តេច​តេ​ជោ ហ៊ុន សែន ថា​បាន​ធ្វើ​យុទ្ធនាការ​ដើម្បី​ឈាន​ដល់​ការ​សម្រេច ចិត្ត​របស់​សហភាព​អឺរ៉ុប ដែល​នាំ​ឲ្យ​ខាតបង់​ដល់​ផលប្រយោជន៍​សម្រាប់​កម្ពុជា​។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ ជំហរ​នយោបាយ ប្រឆាំង​យ៉ាង​ស្រួច​ស្រាវ​របស់​លោក សម រ​ង្ស៊ី ប្រឆាំង​នឹង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​នៅ​តែ បន្ត​មាន​ដោយ​មិន​មានការ​បង្ហាញ​ការ​ថយក្រោយ​ណាមួយ​ឡើយ​។ លោក សម រ​ង្ស៊ី ដែល​ជា​អ្នកនយោបាយ​រិះគន់​មិន​សំចៃមាត់​នោះ បាន វាយប្រហារ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា និង​សម្តេច​តេ​ជោ ហ៊ុន សែន តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក និង​ការ​ផ្តល់​សម្ភាសន៍​ដល់ កាសែត និង​វិទ្យុ​បរទេស​។ ដោយ​ពិចារណា​ទៅ​លើ​ទិដ្ឋភាព​ទាំង​អស់នេះ គេ​ពិបាក​នឹង​សម្លឹង ឃើញ​តម្រុយ​ណាមួយ​ដែល​ថា​លោក សម រ​ង្ស៊ី នឹង​អាច​ធ្វើ​ឲ្យ​ជីវិត​នយោបាយ​របស់​លោក បាន​រស់​រវើក​ឡើង​វិញ​ណាស់​។

លោក សម រ​ង្ស៊ី ខ្លួនឯង​ក៏​ហាក់ដូចជា​បាន​រៀបចំ​យុទ្ធសាស្ត្រ ចាក​ចេញពី​ឆាកនយោបាយ​ផង​ដែរ នៅ​ពេល​ដែល​លោក​បាន​ប្រាប់​វិទ្យុ​បរទេស​មួយ​ថា លោក​ចង់​ឲ្យ​មានការ​ធ្វើ​ច្បាប់​មួយ​ដែល​ថា​អ្នកនយោបាយ និង​អ្នកដឹកនាំ​គួរ​មាន​ក្រោម​៧០​ឆ្នាំ ខណៈ​ដែល​រូប​លោក​ផ្ទាល់​មាន​អាយុ​៧១​ឆ្នាំទៅ​ហើយ​។

នៅ​ពេល​ដែល​សន្លឹក​បៀ​នយោបាយ របស់​លោក​មិន​អាច​លើកយក​មក​លេង​ឡើង​វិញ​ក្នុង​ល្បែង​នយោបាយ​នោះ វា​នឹង​មាន​ផល​ប៉ះពាល់ មិន​ត្រឹមតែ​ជីវិត​នយោបាយ​របស់​លោក​ផ្ទាល់​ឡើយ វា​ក៏​នឹង​មាន​ផល ប៉ះពាល់​ផង​ដែរ​ចំពោះ ជីវិត​នយោបាយ​របស់​អ្នកគាំទ្រ​លោក​យ៉ាង​ស្មោះស្ម័គ្រ​នោះ​។ ដូច្នេះ អ្នកនយោបាយ​ដែល​ស្មោះត្រង់ នឹង​លោក សម រ​ង្ស៊ី មិន​ងាករេ​ហើយ​ខ្វះ​ភាព​បត់បែន​អាច​នឹង​ប្រឈម​មុខ​នឹង​អនាគត​មួយ ដែល​ងងឹត​ជា​ជាង​ភ្លឺស្វាង​៕ ដោយ ៖ ប្រេ​វី​ន