គ្រូពេទ្យ​ម្នាក់​មក​ពី​ហូប​អាហារ​ជាមួយ​មិត្ត​ភ​ក្កិ ត្រូវ​រថយន្ត​បុក​បណ្ដាល​ឲ្យ​របួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ លោកគ្រូ​ពេទ្យ​នៅ​ស្រុក​ឧ​ដ្ដុ​ង្គ​មួយ​រូប​ដែល​មក​បំពេញការងារ​ស្តារ​នៅ​មន្ទីរពេទ្យ​ខេត្ត ផ្នែក​វះកាត់ ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ក្រោយ​បង្ក​ម្ចាស់​រថយន្ត​បាន​បើក គេច​ទៅ​ទិស​ខាងកើត​បាត់​ទៅ បន្សល់​តែ​ជន​រង​គ្រោះ​នៅ​នឹង​កន្លែង​កើតហេតុ ត្រូវ​បាន​មិត្តភក្តិ​ហៅ​រថយន្ត ដឹក​យក​មក​មន្ទីរពេទ្យ​ខេត្ត ដើម្បី​ធ្វើការ​សង្គ្រោះ​តែ​ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក ខាង​មន្ទីរពេទ្យ​ខេត្ត ក៏​សម្រេច​បញ្ជូន​បន្ត​ទៅ​កាន់​ពេទ្យ​កាល់​ម៉ែត្រ​រាជធានី​ភ្នំពេញ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ស្តុ​ប សាធារណៈការ ស្ថិត​នៅ​ក្នុង​សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

Loading...

ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ ឈ្មោះ ឈឹ​ម រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​គ្រូពេទ្យ ប្រចាំ​ស្រុក​ឧ​ដ្ដុ​ង្គ មាន​ប្រពន្ធ​ទើបតែ​ឆ្លងទន្លេ កូនខ្ចី​បាន​៨ ខែ តែ​ថ្នាក់លើ​បាន​ចាត់តាំង​ឲ្យ​មក​សិក្សា​ជំនាញ​បន្ថែម ផ្នែក​វះកាត់​នៅ​មន្ទីរពេទ្យ​បង្អែក ខេត្តកំពង់ស្ពឺ​។ បើ​តាម​មិត្ត​ភ​ក្កិ​ជន​រង​គ្រោះ​ឈ្មោះ សីហា ដែល​រួម​ដំណើរ​ជាមួយ​បាន​បញ្ជាក់​ប្រាប់​ថា មុន​ពេល​កើតហេតុ​រូប​គាត់ និង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​សេ​១២៥​ឌុ​ប​គ្នា បាន​ចេញពី​កន្លែងធ្វើការ (​ពេទ្យ​ខេត្ត​) នាំ​គ្នា​ទៅ​ហូប​អាហារ​ពេល​ល្ងាច​នៅ​ចំណុច​ផ្សារ​រាត្រី​ខេត្តកំពង់ស្ពឺ លុះ​ពេល​ហូប​រួច​ហើយ គាត់​ក៏​បាន ដឹក​ជន​រង​គ្រោះ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​កន្លែង​សម្រាក​នៅ​មន្ទី​ពេទ្យ​វិញ​តែ​ជា​អកុសល​ពេល​ធ្វើ​ដំណើរ​មក​ដល់​ស្តុ​ប​សាធារណៈការ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​កាម​រី​បា​ឡែ​ន មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងលិច​ទិស​ដៅ​ទិស​ខាងកើត​បាន​មក​បុក​ម៉ូតូ​របស់​គាត់​ដែល​កំពុង​ដឹក​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដួល​ហើយ​ពេល​នោះ​ជន​រង​គ្រោះ​បាន​បោក​ទៅ​ថ្នល់​រង​របួស​ជា​ទម្ងន់​។

ក្រោយ​ពេល​បង្ក​តៃកុង រថយន្ត​មិន​បាន​ឈប់​ទទួលខុសត្រូវ​ចំពោះ​អំពើ​ល្មើស​របស់​ខ្លួន​នោះ​ទេ បាន​បើករថយន្ត​បន្ត​ទៅ​ទិស ខាងកើត​បាត់​ទៅ​។ ស្រប​ពេល​ដែល​ឃើញ​ជន​រង​គ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ រូប​គាត់​ក៏​បាន​ទាក់ទង ទៅ​ខាង​មន្ទីរពេទ្យ​ដើម្បី​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ធ្វើការ​សង្គ្រោះ​។ ដោយ​មើលឃើញ​ពី​អាកា​រៈ​ធ្ងន់ធ្ងរ ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​ក៏​សម្រេច​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ជា​បន្ត​ទៀត​ទាំង​យប់​។ បើ​តាម​មិត្ត​ភ​ក្កិ​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ថា ជន​រង​គ្រោះ​គឺជា​មនុស្ស​ដែល​មាន​អត្ត​ចរិត ស្លូតបូត សុភាព​រាបសា គួរ​ជាទី​ស្រឡាញ់​រាប់អាន​របស់​មិត្តភក្តិ​រួម​អាជីព​គ្រប់​គ្នា ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ មិត្តភក្តិ កាន់តែ​អាណិត​ទៀត​នោះ​គឺ​ជន​រង​គ្រោះ​មាន​ប្រពន្ធ​ទើបតែ​ឆ្លងទន្លេ​បាន​រយៈពេល ៨​ទៅ ៩​ខែ បើ​និយាយ​ពី​លុយកាក់​វិញ​ថ្វី​ត្បិត​តែ​គាត់​ជា​គ្រូពេទ្យ​តែ​ក៏​មិនសូវ​សម្បូរ​ប៉ុន្មាន​នោះ​ដែរ​។

ក្នុង​នាម​ជា​មិត្ត​ភ​ក្កិ និង​មិត្ត​រួម​អាជីព​សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​សូម​មេត្តា​ជួយ​អន្តរាគមន៍ ដើម្បី​ឲ្យ​មានការ​យកចិត្តទុកដាក់ និង​ឆាប់​ជា​សះស្បើយ​បាន​ត្រឡប់​ចូល​មក​បម្រើ​ការងារ​វិញ​។
បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ក្រោយ​បង្ក​រថយន្ត​របស់​ជនសង្ស័យ​ដែល​គេ​ស្គាល់​ថា ម៉ាក​កាម​រី​បា​ឡែ​ន ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-2495 បាន​បើក​ទៅ​ក្រឡាប់​នៅ​ជិត​មន្ទីរ ធនធានទឹក ខេត្តកំពង់ស្ពឺ តែ​ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​បាន​ស្ទូច​យក រថយន្ត​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ភាគី​ជន​រង​គ្រោះ​តាម​ផ្លូវច្បាប់​។

ដោយឡែក​បើ​តាម​ប្រភព​ក្រៅផ្លូវការ មួយទៀត​បាន​ប្រាប់​ថា តៃកុង​រថយន្ត​បង្ក​គឺជា​សមត្ថកិច្ច​នគរបាល​មួយ​រូប តែ​គេ​មិនដឹង​ថា​បម្រើ​ការ នៅ​អង្គភាព​ណា​នោះ​ទេ ទោះជា​យ៉ាងណា នេះ​គ្រាន់តែ​ជា​ព័ត៌មាន​ដែល​មិន​ទាន់​យក​ជា​ការ បាន​តែ​ប៉ុណ្ណោះ រឿងរ៉ាវ​ពិត​ម្ចាស់​រថយន្ត​ជា​នរណា​នោះ​ត្រូវ​តែ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ រក​ឲ្យ​ឃើញ​សិន​ទើប​ដឹង​ការ​ពិត​។ ទោះជា​យ៉ាងណា​មិត្ត​ភ​ក្កិ​ដែល​ជា​គ្រូពេទ្យ​ជា​ច្រើន​របស់​ជន​រង​គ្រោះ បាន​សំណូមពរ​ទៅ​ភាគី​បង្ក​សូម​មេត្តា​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ដោយ​សន្តិវិធី ព្រោះ​ឮ​ថា​ជា​អ្នកធ្វើការ​នៅ​ខេត្ត​ជាមួយ​គ្នា​គ្រាន់តែ​អង្គភាព​ខុស​គ្នា​ប៉ុណ្ណោះ​៕ ដោយ ៖ វង្ស សន