មេរៀន​ជីវិត ៖ ជំនឿ​នាំ​ដល់​ការ​ស្លាប់​របស់​កូន​ជាទី​ស្រឡាញ់

ខេត្តសៀមរាប ៖ នៅ​ពេល​ដែល​ម្តាយ និង​ឪពុក​ចូល​ទៅ​អុជ​ធូប​ចំពោះ​មុខ​បរិវេណ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ក្នុង​ក្រុង​សៀមរាប មុន​ពេល​នាំ​កូន​ទៅ​កាន់​មន្ទីរពេទ្យ ពួក​គាត់​គិត​ថា​នឹង​ជួយ​កូន​គាត់​ឲ្យ រួច​ផុត​ពី​សេចក្តីស្លាប់ ពី​ជំងឺ​។ ប៉ុន្តែ​អកុសល ពេល​ដែល​ពួក​គាត់​ចេញ​មក​វិញ កូន​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​កុមារី ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​មុខ បរិវេណ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ។

Loading...

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ករណី​កុមារី​មានឈ្មោះ ទៀង ចរិយា អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ បាន​មាន​បញ្ហា​បេះដូង​។ ឪពុក​ម្តាយ​មាន​បំណង ជូន​កូន​ទៅ​កាន់​មន្ទី​ពេទ្យ​គន្ធ​បុប្ផា តែ​ពេល​មក​ដល់​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ឪពុក​ម្តាយ ចូល​មក​អុជ​ធូប បួងសួង សុំ​សេចក្តីសុខ​ចម្រើន ព្រមទាំង​បន់ស្រន់​សុំ​ឲ្យ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ជួយ​បីបាច់​ថែរក្សា​កូនស្រី​របស់​គាត់ ឲ្យ​បាន​ឆាប់​ជា​។ ពេល​អុជ​ធូប​បួងសួង​ចប់ ក៏​ដើរ​ចេញ​មក​វិញ ស្រាប់តែ​ឃើញ កូនស្រី​(​កុមារី​) ដង្ហក់​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​។

ពួក​គាត់​បាន​ត្រឹមតែ​ស្រែក​ទួញ​សោក​ឱប​បស​ពកូន​យំ​គួរ​ឲ្យ​សង្វេគ នៅ​មុខ​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ ។ ករណី​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ការ​ពិត​មួយ ដែល​ថា ប្រជាជន​កម្ពុជា នៅ​តែ​មាន​ជំនឿ​ថា​ការ​បន់ស្រន់ និង​ការ​អុជ​ធូប​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​។ ប៉ុន្តែ​វា​មិន​ដូច្នេះ​ទេ ជំនឿ ឬ​ការ​បន់ស្រន់​នឹង​មិន​អាច​ជួយ​មនុស្ស​ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​ទេ​។ ពេល​ដែល​មាន​ជំងឺ គេ​ត្រូវ​តែ​ឆាប់​ទៅ​កាន់ មន្ទីរពេទ្យ​ដើម្បី​ស្វែងរក​រោគវិនិច្ឆ័យ និង​មូលហេតុ នៃ​ជំងឺ​នោះ​ដើម្បី​ទទួល​ការ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​។

ការ​ឆាប់​ប​ញ្ជួ​ន​មនុស្ស​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទៅ​កាន់​មន្ទីរពេទ្យ​គឺ​មាន​សារសំខាន់​ណាស់​ដល់​ការ​សង្គ្រោះ​ជីវិត មនុស្ស​។ ការ​ឆាប់​ទទួល​បានការ​ព្យាបាល​នឹង​អាច​ជួយ​កាត់​ន្ថ​យ​ការ​ស្លាប់​បាន​ច្រើន​។ រឿងរ៉ាវ​ជីវិត​ដ៏​គួរ​ឲ្យ​សោកស្តាយ​ខាងលើ នឹង​ក្លាយជា​ឧទាហរណ៍​ដ៏​ជាក់ច្បាស់​មួយ​ដែល​ថា​ការ​បន់ស្រន់ ការ​អុជ​ធូប​នឹង​មិន​អាច​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ទេ​។ ពេល​មាន​ជំងឺ គេ​ត្រូវ​តែ​ឆាប់​ទៅ​កាន់ មន្ទីរពេទ្យ ដើម្បី​កុំ​ឲ្យ​មានការ​សោកស្តាយ​ដូច​ឪពុក​ម្តាយ​ខាងលើ​៕ ដោយ ៖ សហការី