មិន​ត្រូវ​ធ្វើការ​ផាកពិន័យ ទៅ​លើ​រថយន្ត​ដែល​ទើបនឹង​ទិញ​ឡើយ

1001

ខេត្តកណ្តាល ៖ មន្ត្រី​នគរបាល​ចរាចរណ៍ ដែល​ដាក់​គោលដៅ​ត្រួតពិនិត្យ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​លើ​ដងផ្លូវ ហាម​ដាច់ខាត​ធ្វើការ​ផាកពិន័យ​ទៅ​លើ​រថយន្ត​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ទើប​ទិញ​ថ្មី​ៗ​មិន​ទាន់​មាន​ស្លាក​លេខ ក្នុង​ករណី​ពួក​គាត់​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ​។ ចំណុច​ដែល​ត្រូវ​បាន​ផាកពិន័យ​ចំពោះ​រថយន្ត​មាន​ចំនួន​៩​ចំណុច​សំខាន់​ៗ រីឯ​ម៉ូតូ​មាន​ចំនួន​៧​ចំណុច ក្រៅពី​នោះ​មិន​ត្រូវ​ផាកពិន័យ​ឡើយ​។

Loading...

បន្ថែម​ពីលើ​នោះ​ទៀត មិន​ត្រូវ​ឃាត់​អ្នកបើកបរ​ឲ្យ​ឈប់​ដើម្បី​សួរនាំ​រក​ចំណុច​ល្មើស​នោះ​ទេ ពេល​ឃើញ​ចំណុច​ល្មើសច្បាប់​ណាមួយ​ចាំ​ឃាត់​ត្រួតពិនិត្យ​។ ដោយឡែក​គោលដៅ​ត្រួតពិនិត្យ​មិន​មាន​សិទ្ធិ​ធ្វើការ​ផាកពិន័យ​នៅ​គៅ​ល​ដៅ​ទេ ត្រូវ​ចេញ​ក្រដាស​ផាកពិន័យ​ឲ្យ​ទៅ​អ្នកបើកបរ​ល្មើសច្បាប់​ទៅ​បង់ប្រាក់​ពិន័យ​នេះ នៅ​ទីតាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល អធិការដ្ឋាន​នគរបាល​ស្រុក ឬ​ការិយាល័យ​ជំនាញ ដែល​នៅ​ជិត​ទីតាំង​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​នោះ​។

នេះ​ជា​ប្រសាសន៍​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ដែល​បាន​ណែនាំ​ទៅ​កាន់​មន្ត្រី​នគរបាល​ចរាចរណ៍ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ដោយ​មានការ​ចូលរួម​ពី​លោកស្នងការ​រង នាយ​-​នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក លោក​អធិការ​-​អធិការរង​នគរបាល​ក្រុង​តា​ខ្មៅ និង​មន្ត្រី​នគរបាល​ចរាចរណ៍​ខេត្ត​-​ក្រុង​តា​ខ្មៅ​ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ ក៏​បាន​ណែនាំ​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា មិន​ត្រូវ​បើកបរ​ល្មើសច្បាប់​នោះ​ទេ ចំពោះ​ករណី​មន្ត្រី​នគរបាល​ណា​ម្នាក់​បើកបរ​មិន​គោរព​ច្បាប់​នឹង ត្រូវ​ធ្វើការ​ផាកពិន័យ​ដូច​បងប្អូន​ប្រជាពលរដ្ឋ មួយ​ផ្នែក​ទៀត​ត្រូវ​អនុវត្ត​វិន័យ​កងកម្លាំង​ផង​ដែរ​៕ ដោយ ៖ ប៉ឹង ឆដា