កម្ពុជា ៖ ការលាងលុយកខ្វក់បានក្លាយជាប្រធានបទក្តៅមួយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីកម្ពុជា បានត្រូវសហភាពអឺរ៉ុបដាក់ចូលក្នុងបញ្ជីនៃ ប្រទេសមានហានិភ័យខ្ពស់ចំពោះការលាងលុយកខ្វក់។ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាបានកោះប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងចាប់ស្តីពីការលាងលុយកខ្វក់ និងការផ្តល់ហិរញ្ញប្បទានដល់ភេរវកម្ម ដើម្បីដាក់ជូនរដ្ឋសភា ពិនិត្យពិភាក្សា និងអនុម័ត។
កម្ពុជាមានចំណាត់ការផ្នែកច្បាប់នេះ មួយសប្តាហ៍ពីសហភាពអឺរ៉ុប បានចុះបញ្ជីប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១២ ដែលប្រឈមនឹង ហានិភ័យខ្ពស់ក្នុងការលាងលុយកខ្វក់។ ប៉ុន្តែរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំង ដើម្បីប្រឆាំងនឹងការលាងលុយកខ្វក់នេះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនិយាយ ថាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែ លើ «សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»៕ ដោយ ៖ សហការី