អ្នក​រត់​តាក់ស៊ី​ដេញ​បុក​ម៉ូតូ​យុវជន​ម្នាក់ ព្រោះ​ខឹង​គប់​កញ្ចក់​រថយន្ត

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម្នាក់​បាន​បើករថយន្ត​ដេញ​បំ​បុក​យុវជន​ស្ទាវ​ម្នាក់ ដែល​កំពុង​តែ​ជិះ​ម៉ូតូ​១​គ្រឿង បណ្ដាល​ឲ្យ​ដួល​បង្ក​ការ​ភ្ញាក់ផ្អើល ហើយ​មុន​ដំបូង​មិន​មាន​នរណា បានដឹង​ថា មានរឿង​អ្វី​កើតឡើង​ទេ​ដោយ​នឹក​ស្មានថា ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយ​ពេល​ចូល​ទៅ​សួរនាំ​ទើប​ដឹង​ថា យុវជន​ស្ទាវ​ខាងលើ​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​តាក់ស៊ី​នោះ បណ្ដាល​ឲ្យ​បែក រួច​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ហើយ​ក៏​ត្រូវ​បាន​បុរស​ជា​អ្នក​បើករថយន្ត​ខាងលើ​ដេញ​តាម បុក រហូត​ដល់​ដួល​តែ​ម្ដង ប៉ុន្តែ​ជា​សំណាងល្អ​យុវជន​នោះ​មិន​បាន​រង​របួស​ឡើយ​។

Loading...

ហេតុការណ៍​នោះ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២០ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ទល់មុខ​បុរី​ញូ​វ​ថោ​ន ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់ ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ យុវជន​ស្ទាវ​សង្ស័យ​ខាងលើ​មិន​បាន​ប្រាប់​ពី អត្តសញ្ញាណ​របស់​ខ្លួន​ឡើយ គ្រាន់តែ​គ​ដឹង​ថា​បាន​ជិះ​ម៉ូតូ​ម៉ាក​MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ កំពង់ចាម 1X-3229​។ យុ​ជន​នេះ​បាន​ប្រើ​ដុំ​ថ្ម គប់​ទៅ​លើ​រថយន្ត​១​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2S-8375 ដែល​ជា​រថយន្ត​តាក់ស៊ី​ពី​រាជធានី​ភ្នំពេញ​-​ខេត្តកំពត ហើយ​បុរស អ្នកបើកបរ​រថយន្ត​ក៏​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​តាក់ស៊ី​ខាងលើ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិច​ឆ្ពោះទៅ​កើត ដឹក​ភ្ញៀវ​ចេញពី​ក្នុង​ខេត្តកំពត ចូល​ក្នុង​រាជធានី​ភ្នំពេញ លុះ​ពេល​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ យុវជន​ខាងលើ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រួច​យក​ដុំ​ថ្ម​គប់​បណ្ដាល​ឲ្យ​បែក​កញ្ចក់​រថយន្ត​ខាងក្រោយ​១​ផ្ទាំង​។ បន្ទាប់​មក​បាន​ព្យាយាម​រ់​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​បុរស​អ្នក​បើករថយន្ត​តាក់ស៊ី​បើករថយន្ត​ដេញ​តាម​បំ​បុក បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​នៅ​ក្រោម​រថយន្ត ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ជន​នេះ​រង​របួស​ឡើយ ហើយ​ជន​ស្ទាវ​រូប​នេះ​បាន​ព្យាយាម​រត់គេច​ខ្លួន​ដោយ​ថ្មើរជើង​ទៀត តែ​រត់​មិន​រួច​ក៏​ត្រូវ​បាន​ម្ចាស់​រថយន្ត ដេញ​តាម​ចាប់​បាន​។

ក្រោយ​ពេល​ចាប់ខ្លួន​យុវជន​នេះ​បាន​និយាយ​ថា ខ្លួន​ពិតជា​បាន​គប់​ទៅ​លើ​រថយន្ត ខាងលើ​បណ្ដាល​ឲ្យ​បែក​កញ្ចក់​ពិតមែន ព្រោះ​ពេល​កំពុង​ជិះ​ម៉ូតូ​ខ្លួន​បានឮ​គេ​ស្រែ​កថា​រថយន្ត​នេះ បុក​គេ​នៅ​ម្ដុំ​ផ្សា​រកំ​បូល​ហើយ​ព្យាយាម​បើក​រត់​ទើប​ខ្លួន​រើស​ដុំ​ថ្ម​ដេញ​តាម​គប់​តែ​ម្ដង​។ ចំណែក​បុរស​អ្នកបើកបរ​រថយន្ត​ក៏​ដូច​ជា​ភ្ញៀវ​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ដែរ​បាន​និយាយ​ថា រថយន្ត​គាត់​មិន​បាន​បុក ឬ​កៀរ​បង្ក​គ្រោះថ្នាក់​ដល់​នរណា​ម្នាក់​ឡើយ តែ​មិនដឹង​ថា យ៉ាងម៉េច​ទេ​ស្រាប់តែ​ជន​នេះ​មក​គប់​កញ្ចក់​រថយន្ត​ទាំង​គ្មាន​មូលហេតុ​បែប​នេះ​ទៅ​វិញ​។ ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ភាគី​ទាំង​២​គឺ​ម្ចាស់​រថយន្ត និង​ជន​បង្ក​បាន​ស្នើ​សុំ​មិន​ឲ្យ​នគរបាល​លូកដៃ​ឡើយ ដោយ​ពួក​គាត់​សុំ​ធ្វើការ​ដោះស្រាយ​គ្នា​ដោយ​ខ្លួនឯង ហើយ​ក៏​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ឲ្យ​ដឹង នោះ​ទេ​។

នេះ​ជា​លើក​ទី​២ ហើយ​ដែល​អ្នក​ជិះ​ម៉ូតូ​ដេញ​គប់​កញ្ចក់​រថយន្ត​តាក់ស៊ី​បែប​នេះ នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​កាលពី​ប៉ុន្មាន​ខែ​មុន មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ ដេញ​គប់​កញ្ចក់ រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រដែ​ល​ជា​រថយន្តឈ្នួល​ជើង​រាជធានី​ភ្នំពេញ ខេត្តកំពត​ដែរ បណ្ដាល​ឲ្យ​បែក​កញ្ចក់​ចំហៀង​ខាងក្រោយ​ហើយ​ដុំ​ថ្ម​បាន​ត្រូវ​ស្ត្រី​ជា​ភ្ញៀវ​ជិះ​ក្នុង​រថយន្ត​បណ្ដាល​ឲ្យ​រង​របួស​បែកក្បាល​ថែម​ទៀត​ផង​។ បន្ទាប់​មក​ជន​ដៃដល់​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​វែកមុខ​រក​ឃើញ​ជន​ដៃដល់​នោះ​នៅឡើយ​ទេ​៕ ដោយ ៖ យន់ ស៊ី​ថា